​អ្នក​​ចង់​ទៅ​ធ្វើ​ពល​ករ​​នៅជ​ប៉ុន សង្ស័យ​​ទឹកភ្នែក​​ជោក​ក្បាល​​ជង្គង់​

យុវ​ជន​ប្រមាណ​​៤០​​នាក់ នៅ​ឃុំ​ចំការ​អណ្តូង​ស្រុក​​ចំការ​លើ ខេត្ត​កំពង់​ចាម រួម​ទាំង​ឪពុក​ម្តាយ​ផង កំពុង​ដេក​កើតទុក្ខ​ធំ ​ដោយ​ចោទ​ថា ក្រុមហ៊ុន​មួយ​ឈ្មោះ CJC ដែល​មាន​ខ្មែរ​ ​ជានា​យក​​​យក​ប្រាក់​​ពី​ពួក​គេ​ ក្នុង​ម្នាក់​ៗ៤.០០០​​ដុល្លារ បូក​ជាមួយ​​សេវា​លោក​ជំទាវ​​ម្នាក់​ឈ្មោះ​​ទូច ៧០០​ដុល្លារ​​ទៀត ។ ចាញ់បោក​គេ​អស់​ជិត​២០​ម៉ឺន​ដុល្លារ ព្រោះ​ចង់ទៅ​ធ្វើការ​នៅ​ជប៉ុន

បើ​តាម​អ្នក​ឃុំ​ចំការ​អណ្តូង​​និយាយ​ថា ក្រុមហ៊ុន CJC ប្រមូល​មួយ​ប្រាវ​នេះ បាន​ប្រាក់​ប្រមាណ​២​សែន​​ដុល្លារ ដោយ​សន្យា​​យក​ទៅ​ធ្វើ​ពលករ​នៅ​ប្រទេស​ជប៉ុន ក្រោយ​ពី​បាន​រៀន​ភាសា​ជប៉ុន​៣​ខែ ដែល​ក្រុមហ៊ុន​នេះ បើក​សាលាបង្រៀន ។ ពួក​គេ​​និយាយ​ថា បើ​​តាម​ការ​ឃោសនា​​របស់​លោក​ជំទាវ​ទូច ប្រាប់​ពួក​គេ ​គួរ​ឱ្យជឿ​ថា ទៅ​ធ្វើ​ពលករ​នៅ​ប្រទេស​ជប៉ុន​ អាច​បាន​ប្រាក់ខែ​ក្នុង​ម្នាក់​ពី​១.៥០០ ទៅ​២.០០០​​ដុល្លារ ហើយ​​បើ​បាន​ទៅ​ធ្វើការ​ប្រទេស​ជប៉ុន​ពី​៥​ឆ្នាំ ទៅ​១០​ឆ្នាំ នឹង​បាន​ចូលសញ្ជាតិ​ជប៉ុន​ទៀត​​ផង ។

ឮ​ការ​​ឃោសនា​បែប​នេះ រួម​ផ្សំ​ជាមួយ​ស្ត្រី​ម្នាក់ ​ដែល​អ្នក​ភូមិ​ហៅ​លោក​ជំទាវ​ទូច ដែល​មានស្រុក​កំណើត​នៅ​តំបន់​នឹង​ផង ធ្វើ​ម៉េច​មិន​ជឿ​កើត ។ ទីបំផុត នាំ​គ្នា​ជឿ​ស្តូក ខ្លះ​លក់​ដី លក់​ចម្ការ ប្រមូលប្រាក់​ជូន​ក្រុមហ៊ុន ដោយ​គ្មាន​ការ​សង្ស័យ​​អ្វី​ឡើយ ។

ពួក​គេ​ប្រាប់​កោះសន្តិភាព​ថា ក្រោយ​ពី​រៀន​បាន​៣​ខែ​ហើយ ខំ​ចាំ​មិនឃើញ​បញ្ជូន​ទៅ​ប្រទេស​ជប៉ុន​សោះ ចាំ​បាត់​ៗ​ ស្ងាត់​ដូច​ចោរ​គាស់​ក្រោល​ទាំ​ថ្ងៃ ក៏​ទៅ​ប្តឹង​នគរបាល​ស្រុក ​ឱ្យ​ជួយ​អន្តរាគមន៍​យក​ប្រាក់​វិញ ។

អ្នកខ្លះ​និយាយ​​ថា ពេល​ទៅ​សួរ សុំ​យក​ប្រាក់​វិញ ត្រូវ​នាយក​គេ​​ទះ​តុ​ច្រ​ង៉េ​ង​ច្រ​ង៉ាង ធ្វើ​ឱ្យ​អ្នកស្រែ​ ដែល​លក់​ដី​ចូល​ក្រុង​នេះ កាន់តែ​ភិតភ័យ ។

ព័ត៌មាន​ខ្លី​ខាង​លើ​នេះ សម្រាប់​តែ​ឃុំ​ចំការអណ្តូង ស្រុក​​ចំការលើ ខេត្តកំពង់ចាម​​មួយ​ប៉ុណ្ណោះ ដែល​ខកចិត្ត​ប្រមាណ​២​សែន​ដុល្លារ​។ ទំនង​​សង្ស័យ នៅ​មាន​ខេត្ត​ខ្លះ​ទៀត ​ជិត​ៗ​រាជធានី​ភ្នំពេញ ដែល​មានរឿង​អាស្រូវ​ដូច​គ្នា​នេះ​ដែរ ដែល​ព័ត៌មាន​ពិស្តារ​មិន​ទាន់​បញ្ជូន​មក​ដល់ ។

តាម​ការ​សន្និដ្ឋាន ទំនង​ប្រហែល​មិន​អាចយ​កបាន​មក​វិញ​ទេ​... សង្ស័យ​ទឹកភ្នែក​ជោក​ក្បាលជង្គង់​ទេ​ដឹង?
ព័ត៌មាន​​ពិស្តា​រលើ​ករណី​កើត​មាននៅ​ឃុំ​ចំការអណ្តូង​ នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កោះសន្តិភាព​ពេល​ក្រោយ​ទៀត​។