ពលរដ្ឋ​ក្រុង​ប៉ោយ​ប៉ែ​ត​គំរាម​បិទផ្លូវ

ក្រុង​ប៉ោយ​ប៉ែ​ត ៖  ចាប់តាំងពី​រដូវប្រាំង​ចូល​មក​ដល់​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​សង្កេត​ឃើញ​មាន​រថយន្ត​ដឹក​អាចម៍ដី​របស់​ក្រុមហ៊ុន​ឯកជន​ជា​ច្រើន កំពុង​ធ្វើ​សកម្មភាព​អាជីវកម្ម​នៅ​ក្នុង​ទីប្រជុំជន​ក្រុង​ប៉ោយ​ប៉ែ​ត តាម​ដងផ្លូវ​លំ​មួយ​ចំនួន​បើកបរ​ដោយ​ល្បឿន​លឿន​ធ្វើ​ឱ្យ​ដី​ហុយ​ទ្រលោម​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងផ្លូវ​យ៉ាងធ្ងន់ធ្ងរ ។

ប្រជាពលរដ្ឋ​ដែល​រង​នូវ​ផល​ប៉ះពាល់​មាន ១-​ភូមិ​ប្រជា​ធម្ម​កើត និង​២-​ភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត បាន​រៀបរាប់​ឱ្យ​ដឹង​ថា មាន​ក្រុ​ហ៊ុន​ប្រមាណ​៤​ទៅ​៥​ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ ដោយ​ស្គាល់ឈ្មោះ ១-​ក្រុមហ៊ុន​ចាំង តេ​ង​ភាវ និង​២-​ក្រុមហ៊ុន​របស់​លោក​ហ៊ុ​ល សេង ហាប់  ត្រូវជា​កូនបង្កើត​របស់​លោក​ចៅសង្កាត់​ផ្សារ​កណ្តាល​តែ​ម្តង ។ ចំណែក​ក្រុមហ៊ុន​ផ្សេង​ៗ​ទៀត​ពុំ​បាន​ស្គាល់ឈ្មោះ​ច្បាស់លាស់​ទេ ។ ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ចំពោះ​ក្រុមហ៊ុន​ខាងលើ បាន​ធ្វើ​ចរាចរ​តាម​ដងផ្លូវ​កាត់​តាម​ភូមិ​របស់​ពួក​គាត់​ធ្វើ​ឱ្យ​ដី​ហុយ​ទ្រលោម​ជះ​មក​លើដំបូល​ផ្ទះ​របស់​ពួក​គាត់ និង​មាន​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ បញ្ហា​ផ្នែក​សុខភាព​ពួក​គាត់​យ៉ាង​ខ្លាំង ដោយ​ពុំ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ណាមួយ​នោះ​ឡើយ ។

ពលរដ្ឋ​ដែល​រង​គ្រោះ​បាន​សំណូមពរ​ដល់​អស់លោក​អាជ្ញាធរ​មូលដ្ឋាន​គួរតែ​ចាត់វិធានការ​ណ៍​ណាមួយ​ដល់​ក្រុមហ៊ុន​ដឹក​អាចម៍ដី​ទាំងនោះ ធ្វើការ​បាញ់​ទឹក​នៅ​លើ​ដងផ្លូវ​ក្នុង​១​ថ្ងៃ​២​ដង គឺ​ពេល​ព្រឹក និង​ពេល​ល្ងាច​ផង មុន​ពេល​ធ្វើ​ចរាចរ​ឆ្លងកាត់​តាម​ដងផ្លូវ​ទាំងនេះ ដើម្បី​ជួយ​សម្រួល​ផល​ប៉ះពាល់​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ កុំ​គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ពេក​។ ពលរដ្ឋ​បន្ត​ថា ប្រសិនបើ​អាជ្ញាធរ មាន​សមត្ថកិច្ច​មិន​មាន​វិធាន​ការណ៍​ណាមួយ​ដល់​ក្រុមហ៊ុន​ឯកជន ដើម្បី​ជួយ​សម្រួល​ដល់​ពួក​គាត់​នោះ ពួក​គាត់​នឹង​លើកគ្នា​ធ្វើការ​តវ៉ា បិទផ្លូវ​មិន​ឲ្យ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ជា​មិន​ខាន ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នោះ លោក​គាត ហ៊ុ​ល ចៅសង្កាត់​ផ្សារ​កណ្តាល ធ្លាប់​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​ថា កន្លង​មក លោក​ធ្លាប់​បាន​កោះហៅ​ម្ចាស់​ក្រុមហ៊ុន​មក​ណែនាំ​ផង​ដែរ តែ​ពួក​គេ​ធ្វើ​តាម​ការ​ណែនាំ​តែ​មួយ​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ ហើយ​ម្យ៉ាងទៀត​ក្រុមហ៊ុន​ខ្លះ​គេ មិន​បាន​ស្តាប់​តាម​ការ​ណែនាំ​របស់​លោក​ទេ ដោយ​គេ​អាង​មាន​ខ្នងបង្អែក​ផង​ដែរ​។

លោក​ចៅសង្កាត់​ផ្សារ​កណ្តាល​បាន​បន្ត​ថា  យោង​តាម​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​នា​ពេល​ថ្មី​ៗ​នេះ លោក​ក៏​បាន​ដាក់​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ទាំងឡាយ​ណា​ដែល​ធ្វើ​ចរាចរណ៍​នៅ​ចំណុច​ផ្លូវ​ខាងលើ ដែល​បណ្តាល​ឱ្យ​ហុយ​ដី​ជា​រៀងរាល់ថ្ងៃ​ពេល​នេះ បើ​ពុំ​ស្រោច​ទឹក​តាម សំណូមពរ​របស់​ពលរដ្ឋ​នោះ លោក​នឹង​ត្រូវ​ផ្អាក​មិន​ឱ្យធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​នោះ​ជា​ដាច់ខាត​។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​រង់ចាំ​មើល​ថា តើ​បទបញ្ជា​នេះ មាន​ប្រសិទ្ធភាព​ដែរ​ឬទេ ចំពោះ​ក្រុមហ៊ុន​ឡាន​ដឹក​ដី​ទាំង​អស់នោះ ដោយ​បញ្ហា​នេះ បាន​កើត​ឡើងជា​យូរ​មក​ហើយ​ដូច​ជា​គ្មាន​ចំណាត់ការ​សោះ ៕