​​ជជែក​គ្នា​ភ្លេច​ នឹកឃើញស្ទុះទៅ​​ ហួសពេល​បាត់

ខេត្តពោធិ៍សាត់ ៖ ក្មេង​ស្រី​អាយុ​០៤​ឆ្នាំ​ម្នាក់ បាន​លង់ទឹក​ស្លាប់ ​កាលពី​វេលា​ម៉ោង​០៤​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៣ មីនា ២០១៦ ស្ថិត​នៅ​ភូមិ​ថ្នល់​ជប៉ុន សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ បន្ទាប់​ពី​ចុះ​ងូតទឹក​ក្នុង​ស្ទឹង​ពោធិ៍សាត់ ជាមួយ​ក្មេង​ៗ​ក្នុងភូមិ​ដែល​មានផ្ទះ​ក្បែរ​គ្នា

ប្រភព​ឱ្យ​ដឹង​ថា ក្មេង​ស្រី​​រង​គ្រោះ​ឈ្មោះ​ច្រឹ​ក សៅ​នី អាយុ​៤​ឆ្នាំ មាន​ឪពុក​ឈ្មោះ​វ៉ា ឡៃ​អ៊ី អាយុ​៣៥​ឆ្នាំ និង​ម្ដាយ​ឈ្មោះ​ម៉ៅ សុ​ភី អាយុ​​២៨​ឆ្នាំ រស់នៅ​ភូមិ​បេង ឃុំ​ស្នារ​អ​ន្សា​រ ស្រុក​ក្រគរ ។

ប្រភព​បន្ត​ថា នៅ​ថ្ងៃ​កើតហេតុ គ្រួសារ​ខាងលើ​បាន​មក​លេង​ផ្ទះ​បងប្អូន​នៅ​ភូមិ​ថ្នល់​ជប៉ុន ដោយ​នាំ​កូនស្រី​តូច​អាយុ​៤​ឆ្នាំ មក​ជាមួយ​ដែរ​។ ខណៈ​ឪពុក​ម្ដាយ​កំពុង​អង្គុយ​ជជែក​គ្នា​លេង​ជាមួយ​ចាស់​ៗ​ក្នុងផ្ទះ ក្មេង​ស្រី​រង​គ្រោះ​រួម​ជាមួយ​កូនចៅ​អ្នកស្រុក​ក្នុងភូមិ បាន​នាំ​គ្នា​ចុះ​ងូតទឹក​លេង​ក្នុង​ស្ទឹង​ពោធិ៍សាត់​ក្រោយ​ផ្ទះ ។ ពេល​ដែល​កំពុង​ងូតទឹក​យ៉ាង​សប្បាយ​រីករាយ​នោះ ក្មេងស្រី​រង​គ្រោះ​បាន​រំកិល​ទៅ​កន្លែង​ទឹក​ជ្រៅ បណ្ដាល​ឱ្យ​លង់​ស្លាប់តែ​ម្ដង ។