យុវជន​ឈាមរាវ​ល្មោភកាម សូ​ម្បី​អនីតិជនក៏​មិន​លើកលែង

ខេត្តកំពង់ស្ពឺ ៖ យុវជន​ឈាម​រាវ​​ម្នាក់​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេង​ស្រី​ជា​អនីតិជន ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៦ ខណៈ​ជនសង្ស័យ​សំងំ​នៅ​ក្នុង​ផ្ទះ​ស្ថិត​ក្នុងភូមិ​ខ្នុរ​អំពិល ឃុំ​វាល​ពង់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។ ហេតុការណ៍​ចាប់រំលោភ​ក្មេង​ស្រី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៦ ។

ករណី​រំលោភ​សេពសន្ថវៈ​នេះ​បង្ក​ឡើង​ដោយ​បុរស​​ឈ្មោះ ម៉េ​ត សៅ​ឌី អាយុ​២៣​ឆ្នាំ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ទើបតែ​មាន​អាយុ​៩​ឆ្នាំ​ប៉ុណ្ណោះ ។

ក្មេង​ស្រី​រង​គ្រោះ​បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ នាង​នៅផ្ទះ​តែ​ម្នាក់ឯង ដោយ​ឪពុក​ម្តាយ​នាង​រវល់​ទៅ​ធ្វើ​ចម្ការ ខណៈ​ពេល​នាង​នៅ​តែ​ម្នាក់ឯង​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មក​ដល់​ហើយ​ចាប់​នាង​រំលោភ​តែ​ម្តង ពេល​នោះ​បងរ​បស់បង​មក​ទាន់ ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ទៅ ។

ក្រោយ​ពេល​កើតហេតុ រូប​នាង​និង​ក្រុម​គ្រួ​សារបាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ដើម្បី​ឲ្យ​ជួយ​រក​យុត្តិធម៌ និង​តាម​ចាប់​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

សមត្ថកិច្ច​នគរបាល​ស្រុក​ឧដុង្គ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​បណ្តឹង​សមត្ថកិច្ច​ជំនាញ​បាន​តាម​រក​ជនសង្ស័យ​រហូត​ឃាត់ខ្លួន​បាន​ខណៈ​ជន​នេះ​កំពុង​សំងំ​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​១​មេ​សា​នេះ ។

ក្រោយ​ឃាត់ខ្លួន ជំនាញ​កំពុងធ្វើការ​សាកសួរ​ដើម្បី​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ចាត់ការ​បន្តា​តាម​នីតិវិធី ៕