ភាព​អសកម្ម​របស់​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​ខេត្តព្រៃវែង ត្រូវ​ក្រុម​សង្គម​ស៊ីវិល​រិះគន់​

ថ្មីៗ​នេះ​មន្ត្រី​សង្គម​ស៊ីវិល​បាន​រិះគន់​សមត្ថកិច្ច​និង​អាជ្ញាធរ​ខេត្តព្រៃវែង​ថា ហាក់ដូចជា​មិន​បំពេញ​តួនាទី​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​នៅឡើយ មានន័យថា​ពួកគេ​អសកម្ម​ច្រើន​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​មួយចំនួន​ដែល​បង្ក​ឲ្យ​ជនល្មើស​រួចផុត​ពី​ការដាក់ទោស​ឬ​សម្របសម្រួល​បញ្ចប់រឿង​មុន​បញ្ជូនទៅ​តុលាការ​។ មន្ត្រី​សង្គម​ស៊ីវិល​បាន​លើក​ឧទាហរណ៍​ថា ជាក់ស្តែង​ដូចជា​ករណី​ម៉ាស៊ីន​ច្រូតស្រូវ​កិន​ស្ត្រី​ក្រីក្រ​ម្នាក់​ស្លាប់ កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៦ សមត្ថកិច្ច​មាន​ភាពយឺត​យ៉ាវ​ក្នុងការ​ចាត់វិធានការ​លើ​ជនបង្ក​រហូតដល់​ជនបង្ក​រត់គេចខ្លួន​បាត់​តែម្តង​។ ជាងនេះទៅទៀត​មាន​សំណុំរឿង​ព្រហ្មទណ្ឌ​ជាច្រើន​ដែល​សមត្ថកិច្ច​នគរបាល​ខេត្តព្រៃវែង មិន​ចាត់វិធានការ​ដោះស្រាយ​ផ្ដល់​យុត្តិធម៌​ជូន​ជនរងគ្រោះ​ស្របតាម​នីតិវីធី​ឡើយ​។

ជុំវិញ​បញ្ហា​ខាងលើ​នេះដែរ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តព្រៃវែង បាន​រិះគន់ថា លោក ស្រេង ជា ស្នងការ​នគរបាល​ខេត្តព្រៃវែង មិនសូវ​យកចិត្តទុកដាក់​ចាត់វិធានការ​ដោះស្រាយ​សំណុំរឿង​នានា​ជូន​ប្រជាពលរដ្ឋ​នោះទេ ហេតុនេះហើយ​ទើប​បទល្មើស​ផ្សេងៗ​នៅតែ​បន្ត​កើតឡើង​ឥតឈប់ឈរ​។ នៅក្នុង​ខេត្តព្រៃវែង បច្ចុប្បន្ន​មាន​បទល្មើស​ជាច្រើន​បានកើត​ឡើងជា​បន្តបន្ទាប់​ដូចជា អំពើចោរកម្ម លួច​ប្លន់ អំពើ​ឃាតកម្ម​បាញ់សម្លាប់​ប្រជាពលរដ្ឋ ល្បែងស៊ីសង និង​បទល្មើស​គ្រឿងញៀន នៅតែ​កើតឡើង​ឥតឈប់ឈរ​។ មន្ត្រីរាជការ​ក្នុង​ខេត្តព្រៃវែង ក៏បាន​លើកឡើង​ដែរ​ថា លោក ស្រេង ជា ស្នងការ​នគរបាល​ខេត្តព្រៃវែង ពុំមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ដឹកនាំ​ពង្រឹង​សន្តិសុខ​សង្គម​ផ្ដល់​ភាពកក់ក្ដៅ​ដល់​ប្រជាពលរដ្ឋ​នោះទេ​។ ដោយសារតែ​ភាព​អសកម្ម​របស់លោក ស្រេង ជា នោះ​ហើយ​ទើប​ក្នុង​មួយឆ្នាំៗ​សំណុំរឿង​ព្រហ្មទណ្ឌ​ជាច្រើន​មិនត្រូវ​បាន សមត្ថកិច្ច​នគរបាល​ដោះស្រាយ​។

ទន្ទឹមនឹង​ការរិះគន់​ចំៗ​ទៅលើ​ភាព​អសកម្ម​របស់លោក ស្រេង ជា ស្នងការ​នគរបាល​ខេត្តព្រៃវែង​នោះ គឺ​របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​បង្ហាញថា បទល្មើស​ព្រហ្មទណ្ឌ​នៅ​ខេត្តព្រៃវែង ដែល​សមត្ថកិច្ច​មិន​ចាត់ការ​ហើយ​ជនរងគ្រោះ​បញ្ជូនមក​សមាគម​អាដហុក​ឲ្យ​ជួយ​អន្តរាគមន៍ មាន​៦០​ករណី​កាលពី​ឆ្នាំ​២០១៥ និង​៨​ករណី​នៅ​ដើមឆ្នាំ​២០១៦​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​បញ្ជាក់ថា ភាគច្រើន​នៃ​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​សមត្ថកិច្ច​មិន​យកចិត្តទុកដាក់​ដោះស្រាយ​នោះ រួមមាន​ករណី​រំលោភ ករណី​ហិង្សា គ្រោះថ្នាក់​ចរាចរណ៍ បញ្ហាដីធ្លី និង​បញ្ហា​ចំណាកស្រុក​ជាដើម​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​រិះគន់ថា អាកប្បកិរិយា​បែប​អសកម្ម​របស់​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ គឺជា​មូល​ហេតុដែល​នាំ​ឲ្យ​បញ្ហា​គ្មាន​ទោសពៃរ៍​រាលដាល​កាន់តែខ្លាំង​ឡើងៗ ធ្វើ​ឲ្យ​ជនរងគ្រោះ​ទទួលរង​នូវ​ភាពអយុត្តិធម៌​គ្មាន​ទីបញ្ចប់​៕

12920984_1540146302947613_11907986_nលោក ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង