លោក កឹម សុខា ជួប​ប្រតិភូ​សហគមន៍​អឺរ៉ុប​ពិភាក្សា​លើ​ការងារ​បោះឆ្នោត​នៅ​កម្ពុជា​

បន្ទាប់ពី​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ​មក​នោះ នៅ​ស្ថានទូត​សហគមន៍​អឺ​រុ​ប ល្ងាច​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៦ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​បន្ត​ដឹកនាំ គណៈប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ ជួបប្រជុំ​ពិភាក្សា​ការងារ​ជាមួយ គណៈប្រតិភូ​សភា​អឺ​រុ​ប មកពី​ច្រើន​ប្រទេស​ដែល​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ។​

​ក្នុងជំនួប​ពិភាក្សា​ការងារ​នេះ ភាគី​ទាំង​ពីរបាន​ពិភាក្សាគ្នា​អំពី ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​ក្នុងនោះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បានស្នើ​ដល់​សហគមន៍​អឺរ៉ុប បន្ដ​ការជួយ​លើ​ការបោះឆ្នោត ដើម្បី​ឲ្យ​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្ដិធម៌​។ ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រតិភូ​អឺរ៉ុប​នៅ​ប្រទេស​កម្ពុជា នៅពេលនេះ​គឺ​បាន​បង្ហាញថា​សហគមន៍​អន្តរជាតិ​មានការ​ចាប់អារម្មណ៍​កាន់តែ​ច្រើនឡើង​ពី​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

​គួរ​បញ្ជាក់ថា ថ្មីៗ​នេះ នៅ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​ប្រធានស្ដីទី​ក្រុមតំណាងរាស្ដ្រ​សំឡេង​ភាគតិច​នៃ​រដ្ឋសភា បាន​ជួបប្រជុំ​ពិភាក្សា​ការងារ​ជាមួយ លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​។

​ក្នុងជំនួប​ពិភាក្សា​ការងារ​ភាគី​ទាំងពីរ​ត្រូវគេ​សង្កេតឃើញថា បាន​ពិភាក្សាគ្នា​ផ្តោត​សំខាន់​អំពី ស្ថានភាព​សិទ្ធិមនុស្ស ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​ស្ថានការណ៍​នយោបាយ​កម្ពុជា​បច្ចុប្បន្ន ជាពិសេស​នៅមុន​ពេល​បោះឆ្នោត​។ លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បាន​សង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិ​ចង់ឃើញ​ការ​គោរ​ព្ធ​សិទ្ធិមនុស្ស​ឲ្យ​បាន​ពេញលេញ​នៅ​ប្រទេស​កម្ពុជា ពិសេស​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​នៅពេល​ខាងមុខ មាន​ភាពយុត្តិធម៌ និង​តម្លាភាព​៕

12512404_1067044083360339_753763970537852845_n