មន្ត្រី​គយ​ប៉ុស្តិ៍​អូរ​ដា ស្រុក​កំរៀង ជំរិត​យកលុយ​ពី​ពលរដ្ឋ​រកស៊ី​ដឹក​ផ្លែឈើ​ស្រេច​តែ​អំពើ​ចិត្ត​

រឿងអាស្រូវ​របស់​មន្ត្រី​គយ​ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ព្រោះ​មន្ត្រី​គយ​នៅតាម​ច្រកព្រំដែន ច្រករបៀង និង​តាម​ប៉ុស្តិ៍​មួយចំនួន​មិន​បំពេញការងារ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​តួនាទី​របស់ខ្លួន​នោះទេ​។ ជាក់ស្តែង​ប្រជាពលរដ្ឋ​ដែល​រកស៊ី​ដឹក​ផ្លែឈើ​ពី​ប្រទេស​សៀម​ចូល​ប្រទេស​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ដូង ស្រុក​កំរៀង បាន​ចោទប្រកាន់​មន្ត្រី​គយ​ប៉ុស្តិ៍​អូរ​ដា ថា​ជំរិត​យកលុយ​ពី​ពួកគាត់​ដោយ​ពុំមាន​ចេញ​វិក្កយបត្រ​បង់ពន្ធ​ត្រឹមត្រូវ​ឡើយ​។ ដូច្នេះ​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ត្រូវ​ពិនិត្យមើល​ឡើងវិញ​ជាបន្ទាន់​។

ពលរដ្ឋ​មួយរូប​ដែលជា​អ្នករកស៊ី​ដឹក​ផ្លែឈើ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ ឆ្លងកាត់​ប៉ុស្តិ៍​អូរ​ដា បាន​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦ មន្ត្រី​គយ​ប្រចាំការ​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ភូមិ​អូរ​ដា បាន​បង្ខំ​ឲ្យ​គាត់​បង់លុយ​ថ្លៃ​ដឹក​ផ្លែឈើ​ប្រមាណ​២​តោន​រហូតដល់​ទៅ​១៨​ម៉ឺន​រៀល ដោយ​ពុំមាន​ចេញ​វិក្កយបត្រ​នោះទេ​។ ចំណែក​ពលរដ្ឋ​ដទៃទៀត​បាន​ត្អូញត្អែរថា កន្លងមក​អ្នករកស៊ី​ដឹក​ផ្លែឈើ​និង​ទំនិញ​ផ្សេងៗ​ត្រូវ​ប្រឈម​នឹង​ការលំបាក​យ៉ាងខ្លាំង​ដោយសារ​មន្ត្រី​គយ​ប៉ុស្តិ៍​អូរ​ដា តម្រូវ​ឲ្យ​បង់លុយ​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ចេញ​វិក្កយបត្រ​។ ហេតុនេះហើយ​ទើប​ពួកគាត់​អំពាវនាវ​ឲ្យ​មេ​គយ​ធំៗ​នៅ​ខាងលើ​ពិនិត្យ​ទង្វើ​មិន​ប្រក្រតី​របស់​មន្ត្រី​គយ​នៅតាម​ព្រំដែន​ខ្លះ​ផង​។

អ្នកច្បាប់​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើងថា មន្ត្រី​សមត្ថកិច្ច​ណា​ដែល​យកប្រាក់​បង់ពន្ធ​ពី​ពលរដ្ឋ​ដោយ​ពុំមាន​ចេញ​វិក្កយបត្រ ត្រូវ​ចាត់ទុកថា​ជា​អំពើពុករលួយ​ហើយ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនត្រូវ​មើលរំលង​នោះទេ​។ ជាពិសេស​ករណី​មន្ត្រី​គយ​ប៉ុស្តិ៍​អូរ​ដា ស្រុក​កំរៀង បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ដែលជា​អ្នក​ដឹកទំនិញ​ផ្លែឈើ បន្លែបង្ការ​ពី​ប្រទេស​សៀម បង់លុយ​ដោយ​គ្មាន​វិក្កយបត្រ​នោះ គឺជា​រឿង​ដែល​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរ​មើលរំលង​ឡើយ ហើយ​គួរតែ​ចាត់វិធានការ​តាមច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព​។ កន្លងមក​លោក ឱម យ៉ិនទៀង ធ្លាប់​ប្ដេជ្ញា​លុបបំបាត់​អំពើពុករលួយ​នៅតាម​ដងផ្លូវ ដូច្នេះ​លោក ឱម យ៉ិនទៀង គួរពិនិត្យមើល​អំពើពុករលួយ​របស់​ម​ន្ត្រី​គយ​ប៉ុស្តិ៍​អូរ​ដា ស្រុក​កំរៀង ខេត្តបាត់ដំបង ជាបន្ទាន់​៕

KA-23-03-2016-14-3លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ 10f37171-9068-48fe-b4e0-a0834f87cf22