បទល្មើស​ដឹកជញ្ជូន​ឈើ​គ្រញូង​ឆ្លងកាត់​ខេត្តសៀមរាប នៅតែ​បន្ត​កើតមាន​ឥតឈប់ឈរ​

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងកាត់​ខេត្ត​នេះ នៅតែ​កើតឡើង​ឥតឈប់ឈរ​ដោយសារតែ​លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត និង​មន្ត្រីក្រោមឱវាទ​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ជាការ​ពិត​ប្រតិបត្តិ​ការបង្ក្រាប​រថយន្ត​ដឹកឈើ​ខុសច្បាប់​ឆ្លងកាត់​ខេត្តសៀមរាប នាពេល​កន្លងមក​មិនមែន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ជា​អ្នកចាត់ការ​ឡើយ គឺ​នគរបាល​និង​កងរាជអាវុធហត្ថ​ជា​អ្នកធ្វើ​ការជំនួស​។ ដូច្នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរពិនិត្យមើល​ភាព​អសកម្ម​របស់លោក ទា គឹម​សុទ្ធ និង​បក្ខពួក​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​ជុំ​ទិស​តទៅទៀត​។

កាលពី​រសៀល​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ពង្រាយ​កម្លាំង បង្ក្រាប​រថយន្ត​ស៊េរី​ទំនើប​ដឹកឈើ​គ្រញូង​១​គ្រឿង ហើយ​ម្ចាស់​រថយន្ត​នោះបាន​រត់គេចខ្លួន​ភ្លាមៗ​។ សកម្មភាព​បង្ក្រាប​រថយន្ត​ទំនើប​ដឹកឈើ​គ្រញូង​នេះ ធ្វើឡើង​នៅ​ភូមិ​យាង ឃុំ​យាង ស្រុក​ពួក ខេត្តសៀមរាប បើទោះបី​អ្នកបើកបរ​រថយន្ត​ខំប្រឹង​បើក​គេច​ពី​សមត្ថកិច្ច​យ៉ាងណាក៏ដោយ​។ ប្រតិបត្តិ​ការដែល​គ្មាន​ការចូលរួម​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បែបនេះ ជាការ​បង្ហាញ​យ៉ាងច្បាស់​ថា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្តសៀមរាប មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឲ្យ​ស្របតាម​បទបញ្ជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះទេ​។

ប្រភពពី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប ដែល​ចូលរួម​បង្ក្រាប​រថយន្ត​ដឹកឈើ​គ្រញូង​កាលពី​រសៀល​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹងថា រថយន្ត​នោះ​ម៉ាក​ឡិច​ស៊ី​ស​៣០០ ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​ដឹកឈើ​គ្រញូង​១៣១​ដុំ ស្មើនឹង​៤១៥​គីឡូក្រាម​។ ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងកាត់​ទឹកដី​ខេត្តសៀមរាប គឺ​សមត្ថកិច្ច​បង្ក្រាប​បានតែ​ឈ្មួញ​តូចតាច​ប៉ុណ្ណោះ ចំណែក​ឈ្មួញ​ធំៗ​ដែលមាន​ការឃុបឃិត​ជា​ប្រព័ន្ធ ពុំមាន​នរណា​បង្ក្រាប​ឡើយ​។ ដូច្នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរពិនិត្យមើល​ឡើងវិញ​អំពើ​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឆ្លងកាត់​ខេត្តសៀមរាប ព្រោះ​ឈ្មួញ​ធំៗ​ដែល​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពុករលួយ​ពួកគេ​នៅតែ​បំពាន​ច្បាប់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

FDBF21C6-93D9-45FD-A069-7F83B2AED545_w900_r1_sលោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ drer-1 drer-2