មេ​គយ​ច្រក​បឹង​ត្រកួន បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​តាម​អំពើ​ចិត្ត ដើម្បី​ប្រមូល​លុយ​

លោក ឡាំ ប៊ុនថន ដែលជា​ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ ច្រក​បឹង​ត្រកួន បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​តាម​អំពើ​ចិត្ត​បានធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ ជាងនេះទៅទៀត​កន្លងមក​មាន​សេចក្ដីរាយការណ៍​ថា ការ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​តាម​ច្រករបៀង​ចំការ​គ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ច្រក​បឹង​ត្រកួន​នោះ គឺមាន​ការបើក​ដៃ​ពី​លោក ឡាំ ប៊ុនថន ផងដែរ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​ពី​លោក ឡាំ ប៊ុនថន ទេនោះ​គឺ​ឈ្មួញ​មិនអាច​នាំ​រថយន្ត​ចង្កូត​ស្ដាំ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​បានឡើយ ព្រោះ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​។

​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា ក្រៅពី​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​នោះ គឺ​លោក ឡាំ ប៊ុនថន ក៏បាន​បង្កើត​ក្រុម​គយ​ចល័ត​២​ក្រុម​សម្រាប់​ដេញ​បង្ក្រាប​ឈ្មួញ​ដែល​គ្មាន​ទំនាក់ទំនង​ជាមួយ​ខ្លួន​ផងដែរ​។ មានន័យថា បើ​ឈ្មួញ​ណា​ហ៊ាន​លួច​នាំចូល​ទំនិញគេចពន្ធ ដោយ​ពុំមាន​ការឃុបឃិត​ជាមួយ​លោក ឡាំ ប៊ុនថន ទេនោះ​គឺ​លោក ឡាំ ប៊ុនថន បញ្ជា​ឲ្យ​បក្ខពួក​ខ្លួន​ជា​គយ​ចល័ត​បង្ក្រាប​យក​ស្នាដៃ​ជាមិនខាន​។ គេ​មិនដឹងថា លោក ឡាំ ប៊ុនថន ចំណាយលុយ​ប៉ុន្មាន​ដើម្បី​តំណែង​ប្រធានការិយាល័យ​គយ​ច្រក​បឹង​ត្រកួន​នោះទេ បានជា​មន្ត្រី​គយ​រូបនេះ​ប្រឹងប្រែង​ប្រមូល​លុយ​ស្រង់ដើម​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

អាជីវករ​និង​ឈ្មួញ​តូចតាច​ដែល​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ច្រក​បឹង​ត្រកួន បាន​ឲ្យ​ដឹងថា ពួកគាត់​ប្រឈម​នឹង​ការលំបាក​យ៉ាងខ្លាំង​ក្នុងការ​ប្រក​បរបរ​ចិញ្ចឹមជីវិត ព្រោះ​ពួកគាត់​បង់លុយ​ឲ្យ​មន្ត្រី​គយ​នៅ​ច្រក​បឹង​ត្រកួន​ហើយ ត្រូវ​មក​បង់លុយ​ឲ្យ​មន្ត្រី​គយ​ចល័ត​មួយលើកទៀត​។ អាជីវករ​និង​ឈ្មួញ​តូចតាច​បាន​ឲ្យ​ដឹងថា ក្រុមការងារ​គយ​ចល័ត​ទាំង​២​ក្រុម​នោះ គិតតែ​ពី​រឿប​ប្រមូល​លុយ​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ដោយ​មិន​គិតពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ដែល​ខំប្រឹងប្រែង​រកស៊ី​ចិញ្ចឹម​ជិវិត​ទាំង​លំបាក​ក្នុង​មួយថ្ងៃៗ​នោះទេ​។ ដូច្នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរពិនិត្យមើល​សកម្មភាព​មិន​ប្រក្រតី​របស់លោក ឡាំ ប៊ុនថន និង​បក្ខពួក​ផងដែរ ដើម្បី​កុំ​ឲ្យ​ពួកគេ​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ធ្វើបាប​ប្រជាពលរដ្ឋ​តាម​អំពើ​ចិត្ត​ទៀត​៕

WAT-15033 WAT-15032 WAT-15034