​លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បញ្ជាក់​ពី “​ម​៣” “​ឆ​៣” “​ជ​៣”!

​អ្នកនាំពាក្យ និង​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ ថ្មីៗ​នេះ​បាន​ថ្លែងថា យោងតាម​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទទួលបាន​ព័ត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ទោះបី​ជាមាន​និន្នាការ​ខាង​ណាក៏ដោយ គឺ​លោក​បាន​ចូលរួម​ជជែក វែកញែក តាម​ទីសាធារណៈ ដោយ​លើក​ពី​ពាក្យ​ខ្លីៗ ដែល​លោក​បានឮ​នាពេល​ថ្មីៗ​នេះ ដោយ​ចាប់ផ្តើម​ពី “​ម​៣” ដែល​មានន័យថា មិន​ឈ្លោះ មិន​ឆ្លើយ មិន​ឆ្លង​។ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បន្ថែមថា លើសពីនេះទៅទៀត លោក​យល់ថា​ជាការ​ល្អប្រសើរ ដែល​ខ្មែរ​គ្រប់រូប គប្បី​គិតពី​ការរក្សា​ស្ថិរភាព សន្តិភាព ដើម្បី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ជូន​ដល់​ប្រជាជាតិ​យើង​។​

​លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​ពន្យល់ថា ថ្មីៗ​នេះ ក៏​លេចឮ​នូវ​ពាក្យ “​ឆ​៣” ដែល​មានន័យថា ឆ្លាត ឆ្លៀត ឆ្លុះ​។ ប្រជាពលរដ្ឋ​យល់ឃើញថា មានន័យ​ទូលំទូលាយ ប្រកបដោយ​វិចារណញ្ញាណ​ដែល​ត្រូវ​ចេះ​ប្រើ​នូវ​សតិសម្បជញ្ញៈ ឲ្យ​ឆ្លាត​វាងវៃ​ក្នុង​កិច្ចការផ្ទាល់ខ្លួន ក៏ដូចជា​កិច្ចការ​ប្រទេសជាតិ ឲ្យ​ឆ្លៀត​ពេលវេលា ដើម្បី​បំពេញការងារ​កុំ​ខ្ជិលច្រអូស ស្ពឹក​ស្រពន់ ចំណាយពេល​អត់​ប្រយោជន៍ ដោយ​ឈរលើ​គោលការណ៍​មួយទៀត គឺ​ឆ្លុះ ក្នុងន័យ​ថា ស្តាប់​មតិយោបល់​របស់​ប្រជាពលរដ្ឋ​ទូទៅ ឆ្លុះកញ្ចក់​ខ្លួនឯង ក្នុងការ​សម្រេច​កិច្ចការ​សំខាន់ៗ​។​

​លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​បន្ថែមថា មិនទាន់​ចេញផុត​ពី “​ម​៣” និង​“​ឆ​៣” ផង ប្រជាពលរដ្ឋ​លោក​ស្នើសុំ​ឲ្យ​ថែម​នូវ “​ជ​៣” ទៀត ដោយ​លោក​យល់ថា អ្នកនយោបាយ អ្នកដឹកនាំ​ត្រូវ​ជួប​ប្រជាពលរដ្ឋ ដើម្បី​ផ្សព្វផ្សាយ​ពី​ព័ត៌មាន​ពិត​ពី​វិស័យ​សង្គម សេដ្ឋកិច្ច និង​នយោបាយ ដែល​លោក​ឲ្យ​ឈ្មោះថា “​ជួប​”​។ “​ជឿ​” ត្រូវធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មាន​ជំនឿ​ទំនុក​ទុកចិត្ត មាន​ភាពកក់ក្តៅ ទាំង​ការអនុវត្ត​ច្បាប់ ទាំង​ការផ្តល់​សិទ្ធិ​ពេញលេញ ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុងនាម​ជា​ម្ចាស់​។ ទទួលបាន​ទំនុក​ទុកចិត្ត ភាពកក់ក្តៅ​ហើយ ប្រជាពលរដ្ឋ​លោក​នឹងចូលរួម​ជួយ​គ្រប់ផ្នែក ក្នុង​កិច្ចការ​សង្គមជាតិ ហើយ​ជាពិសេស ប្រជាពលរដ្ឋ​បាន​ត្រឡប់មកវិញ គឺ​ការជួយ​តាមរយៈ​ការផ្តល់សេវា​សាធារណៈ​ផ្សេងៗ ពោលគឺ ជួប ជឿ ជួយ​៕

12924438_1098460550217409_3381472985341072455_n