ទាស់​ពាក្យសម្ដី​ក្នុង​វង់​ផឹកស៊ី បង្កើត​ជា​ហិង្សា ត្រូវ​ចាប់ខ្លួន​

ទាស់​ពាក្យសម្ដី​ក្នុង​វង់​ផឹកស៊ី បង្កើត​ជា​ហិង្សា ត្រូវ​ចាប់ខ្លួន​



តាកែវ ៖ អំពើ​ហិង្សា​មួយ​បាន​កើតឡើង​ក្នុង​ពេល​កំពុង​ផឹកស៊ី​ បណ្ដាល​ឲ្យ​បែក​ក្បាល​ហូរ​ឈាម​សស្រាក់​ បន្ទាប់ពី​ប៉ះ​ពាក្យសម្ដី​គ្នា​បន្តិចបន្តួច​ក្នុង​វង់​ផឹក​ស៊ី​។
ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​៣១​ ខែ​មីនា ​ឆ្នាំ​២០១៦ ​ស្ថិតនៅ​ចំណុច​កន្លែង​ជីក​ស្រះ​ទឹក​ម៉ុង​សក្តិ៍​ប្រាំ ភូមិ​ត្រពាំង​ធំ ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ម្នាក់​ឈ្មោះ រ៉ុង ពេ​ជ អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ឃុំ​ព្រែកបាក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម បច្ចុប្បន្ន​មក​ស្នាក់នៅ​ធ្វើការ​នៅ​កន្លែង​កើតហេតុ​ខាងលើ ។ ចំណែក​ជនរងគ្រោះ​មាន​ឈ្មោះ គង់ ផល្លី អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​សំបួរ ឃុំ​តាំង​យ៉ាប ស្រុក​ព្រៃកប្បាស ​ខេត្ត​តាកែវ​។

បើ​តាម​សម្ដី​មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​កើត​ហេតុ​ខាងលើ ជនសង្ស័យ​ និង​ជនរងគ្រោះ​បាន​ជួបជុំគ្នា​ផឹក​ស្រា​ជាមួយគ្នា ហើយក៏​បាន​ទាស់​ពាក្យសម្ដី​គ្នា​តិចតួច ភ្លាមៗ​នោះ​ ជនសង្ស័យ​បាន​ហក់​ទៅ​ទាញ​ពូថៅ​កាប់​ទៅលើ​ជនរងគ្រោះ​បាន​ពីរ​ពូថៅ​ បណ្ដាល​ឲ្យ​រង​របួស​បែក​ក្បាល​យ៉ាង​ដំណំ។ បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​មក​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃកប្បាស ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕
ទាស់​ពាក្យសម្ដី​ក្នុង​វង់​ផឹកស៊ី បង្កើត​ជា​ហិង្សា ត្រូវ​ចាប់ខ្លួន​