ជនសង្ស័យ​១​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន ​ពី​បទ​លក់​គ្រឿងញៀន​៥៣​គ្រាប់​

ជនសង្ស័យ​១​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន ​ពី​បទ​លក់​គ្រឿងញៀន​៥៣​គ្រាប់​



បន្ទាយមានជ័យ ៖ ជនសង្ស័យ​១​នាក់ ​បាន​យក​គ្រឿងញៀន​ទៅ​លាក់​ទុក​ លួច​យក​ទៅ​លក់​នៅ​តាម​ភូមិ​ ត្រូវ​បាន​នគរបាល​ជំនាញ​ផ្នែក​គ្រឿងញៀន​ខេត្ត​ចុះ​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ថ្មពួក​ចុះ​ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​៧​យប់ ​ថ្ងៃ​ទី​៣១​ ខែ​មីនា ​ឆ្នាំ​២០០៦ ចំណុច​ភូមិ​ប្រាសាទ​ត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។

នគរបាល​បាន​ធ្វើ​ការ​ដកហូត​វត្ថុតាង​មាន​ដូចជា ​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ចំនួន​៥៣​គ្រាប់​ ស្មើ​នឹង​ទម្ងន់​៥.២​ក្រាម​ ចំណែក​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​បញ្ជូន​មក​ស្នងការ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ដើម្បី​ធ្វើការ​សាកសួរ​។​

លោក​វរសេនីយ៍ឯក ​បាប ​សុ​ផា​រិ​ទ្ធ​ ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​គ្រប់គ្រង​ផ្នែក​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​មានឈ្មោះ ​ឈន់​ ខ្លុយ ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ ​មុខរបរ​កម្មករ រស់នៅ​ក្នុង​ភូមិ​ពង្រ ឃុំ​តា​ផូ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​។

លោក​បាន​បញ្ជាក់​ទៀត​ថា មុន​ពេល​កើតហេតុ​ ដោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​ជនសង្ស័យ​១​នាក់​កំពុង​លក់​គ្រឿងញៀន​នៅ​ក្នុង​ភូមិ ទើប​កម្លាំង​ជំនាញ​មួយ​ក្រុម​ចុះ​ធ្វើការ​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​១​នាក់​យក​មក​ស្នងការ​ ដើម្បី​ធ្វើការ​សាកសួរ​។

នគរបាល​ជំនាញ​គ្រឿងញៀន​បាន​និយាយ​ថា ​ជនសង្ស័យ​នៅមុខ​សមត្ថកិច្ច​បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​ពិតជា​អ្នកលក់​គ្រឿងញៀន​ពិតប្រាកដ​មែន ហើយ​ខ្លួន​បាន​ទិញ​ពី​បុរស​ម្នាក់ទៀត​ដើម្បី​យក​មក​លក់​បន្ត​ឲ្យ​មិត្តភ័ក្ដិ​នៅ​តាម​ភូមិ​ តែ​សំណាងអាក្រក់​ត្រូវ​នគរបាល​ឃាត់ខ្លួន​បានតែ​ម្តង​។​ ក្រោយពី​បាន​ចម្លើយ​សារភាព​ហើយ​ ជនសង្ស័យ​ត្រូវ​នគរបាល​បញ្ជូន​ទៅ​តុលាការ ​ដើម្បី​ដាក់​ទោស​ទៅតាម​ផ្លូវច្បាប់​៕