រថយន្ត​កុងតឺន័រ​ ស្រូប​យក​ម៉ូតូ​ និង​ជីវិត​មនុស្ស​២​នាក់​ ខណៈ​ជិះ​ស្រប​ទិស​គ្នា​

រថយន្ត​កុងតឺន័រ​ ស្រូប​យក​ម៉ូតូ​ និង​ជីវិត​មនុស្ស​២​នាក់​ ខណៈ​ជិះ​ស្រប​ទិស​គ្នា​



ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ ស្រូប​យក​ម៉ូតូ​ និង​មនុស្ស​២​នាក់ ចូល​ក្រោម​រថយន្ត​រួច​កិន​បណ្ដាល​ឲ្យ​ស្លា​ប់​ភ្លាមៗ ខណៈ​ម៉ូតូ​ជិះ​អែប​ និង​ស្រប​ទិស​ជាមួយ​រថយន្ត​បង្ក​កាលពី​រសៀល​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០​១៦ នៅមុខ​វត្ត​ជោត្ត​មង្គល តាម​បណ្តោយ​ផ្លូវជាតិ​៥ ស្ថិត​ក្នុង​ភូមិ​ផ្សារ​លិច សង្កាត់/ខណ្ឌ​ព្រែក​ព្នៅ រាជ​ធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ទាំង២​នាក់​ដែល​ស្លាប់ ក្នុង​ហេតុការណ៍​នោះ ​​ឈ្មោះ​ហ៊ុន មេច ភេទ​ស្រី អាយុ​២១​ឆ្នាំ​ ជា​អ្នកបើកបរ​ម៉ូតូ មាន​ទីលំនៅ​ភូមិ​/ឃុំ​សំរោង​ទង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ និង​មា្នក់​ទៀត​ ដែល​ជិះ​កណ្ដាល​ ឈ្មោះ សុខ ឆេង​អ៊ា​ន ភេទ​ស្រី អាយុ១១ឆ្មាំ មាន​ទីលំ​នៅ​ជាមួយគ្នា ចំណែក​ម្នាក់ទៀត​ដែល​ជិះ​ពី​ក្រោយ​​រង​របួស​ស្រាល ​ឈ្មោះ​ជា វឿន ភេទ​ស្រី ​អាយុ​៣​១​ឆ្នាំ​។ ចំណែក​ម៉ូតូ​រងគ្រោះ​ម៉ាក​ហុងដា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CT 9806 រង​ការ​ខូចខាត​​ស្ទើរ​ទាំងស្រុង​។ ដោយឡែក​រថយន្ត​បង្ក ​ម៉ាក​ហ៊ីយិន​ដាយ ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ​ព្រះសីហ​នុ 3A 1328 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ​ក្រោយ​កើតហេតុ​បាន​ចុះ​គេចខ្លួន​បាត់​ស្រមោល។​

ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ ម៉ូតូ​ជនរងគ្រោះ​ម៉ាក​ហុងដា ពណ៌​ខ្មៅ ​បញ្ជិះ​ឌុប​គ្នា​៣​នាក់ ក្នុង​ទិសដៅ​ពី​ត្បូង​ ទៅ​ជើង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​។ លុះ​ម៉ូតូ​រង​គ្រោះ​បើក​មកដល់​ចំណុច​កើត​ហេតុ ក៏​ជែង​ជាមួយ​រថយន្ត​បង្ក​ ដែល​បើក​ស្រប​ទិស​គ្នា​។​

សាក្សី​បន្ត​ថា ក្នុង​ខណៈ​ជែង​មិនទាន់​ផុត​ផង​នោះ រថយន្ត​ហាក់ដូចជា​ស្រូប​ម៉ូតូ​រងគ្រោះ ​ហើយក៏​រេ​ជ្រុ​ល​ចង្កូត​ទៅ​ចូល​ក្រោម​កង់​រថយន្ត​តែម្តង​ បណ្ដាលឲ្យ​ជនរងគ្រោះ​២​នាក់​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​ភ្លាមៗ ចំណែក​ស្ត្រី​ម្នាក់​ដែល​ជិះ​ពីក្រោយ​ខ្ទាត​ចេញពី​ម៉ូតូ​រង​របួស​ស្រាល រីឯ​ម៉ូតូ​ខូចខាត​ស្ទើរ​ទាំង​ស្រុង ដោយឡែក​រថយន្ត​បង្ក​មិន​មាន​រង​ការខូចខាត​អ្វី​ទេ​។

ក្រោយ​កើតហេតុ​រថយន្ត​បង្ក និង​ម៉ូតូ​របស់​ជនរងគ្រោះ​ ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​បញ្ជូន​យក​ទៅ​កាន់ នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក រង់ចាំ​ទទួល​ការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។ ចំណែក​សាកសព​ទាំងពីរ​ ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​តាម​ប្រពៃណី៕

រថយន្ត​កុងតឺន័រ​ ស្រូប​យក​ម៉ូតូ​ និង​ជីវិត​មនុស្ស​២​នាក់​ ខណៈ​ជិះ​ស្រប​ទិស​គ្នា​

រថយន្ត​កុងតឺន័រ​ ស្រូប​យក​ម៉ូតូ​ និង​ជីវិត​មនុស្ស​២​នាក់​ ខណៈ​ជិះ​ស្រប​ទិស​គ្នា​