មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​២​នាក់​ ត្រូវ​បាន​តុលាការ​ឃុំខ្លួន​

មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​២​នាក់​ ត្រូវ​បាន​តុលាការ​ឃុំខ្លួន​



កណ្ដាល ៖ ជនសង្ស័យ​ប្រុស/​ស្រី​២​នាក់​ដែល​សមត្ថកិច្ច​អះអាង​ថា​ជាមុន​សញ្ញា​ចែកចាយ​គ្រឿង​ញៀន​យ៉ាងសកម្ម​នៅ​មូលដ្ឋាន​ស្រុក​ពញាឮ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កណ្ដាល សម្រេច​កាលពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៦ ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន ក្រោម​ការ​ចោទ​ប្រកាន់​ ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន តាម​មាត្រា​៤០ ​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន។

ហេតុការណ៍​ចុះ​ឃាត់ខ្លួន​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ភូមិ​ចតុទ្ទិស ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្ត​កណ្តាល។

លោក​វរសេនីយ៍ ដួង តេង អធិការ​ស្រុក​ពញាឮ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ទាំង​២​នាក់​ខាងលើ​ ទី​១​-ឈ្មោះ​ វ៉ាន់ ចំរើន ហៅ​តុញ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ចតុទ្ទិស ឃុំ​វិហារ​លួង ស្រុក​ពញាឮ និង​ទី២-​ឈ្មោះ ​បុំ បុប្ផា ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ​លក់​ត្នោត​ មាន​ទីលំនៅ​ភូមិ​ស្តុក ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្តាល​។

លោក​អធិការ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​កើតហេតុ កម្លាំង​ជំនាញ​បាន​ទទួល​ព័ត៌មាន​ថា ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំញៀន ពេលនោះ​កម្លាំង​ជំនាញ​យុត្តិធម៌​បាន​សហការ​ជា​មួយ​កម្លាំង​ប៉ុស្តិ៍ ​ចុះ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់ និង​វត្ថុតាង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ចំនួន​១៤​កញ្ចប់​តូច ០២​កញ្ចប់​ធំ ក្បាល​ដប​សម្រាប់​ជក់​០១ ដែកកេះ​០៥ ដាវ​០១ ទុយយោ​សម្រាប់​វាល់​០១ កូន​កន្ត្រៃ​០២ សំបក​ថង់​សម្រាប់​ច្រក​០៣​ទូរស័ព្ទ​០១ និង​កូន​កាបូប​០១​ផង​ដែរ៕
មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​២​នាក់​ ត្រូវ​បាន​តុលាការ​ឃុំខ្លួន​