ឆ្នាំ​២០១៦​ ស្ករត្នោត ​កំពង់ស្ពឺ ​មាន​ហាងឆេង​ខ្ពស់​នៅ​ក្នុង​ទីផ្សារ

ឆ្នាំ​២០១៦​ ស្ករត្នោត ​កំពង់ស្ពឺ ​មាន​ហាងឆេង​ខ្ពស់​នៅ​ក្នុង​ទីផ្សារ



នៅ​ឆ្នាំ​២០១៦​នេះ​ ស្ករត្នោត​នៅ​ខេត្ត​កំពង់ស្ពឺ​ កំពុង​មាន​ទីផ្សារ​យ៉ាង​ខ្លាំង​ ព្រោះ​មាន​ក្រុមហ៊ុន​ចំនួន​បី​ បាន​បញ្ជា​ទិញ​ក្នុង​បរិមាណ​២៥០​តោន​ ដើម្បី​កែច្នៃ​នាំ​ចេញទៅ​ក្រៅ​ប្រទេស និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រធាន​សមាគម​ស្ករត្នោត​កំពង់ស្ពឺ លោក​សំ សារឿន កាលពី​ពេល​ថ្មីៗ​នេះ។

លោក​សំ សារឿន ​ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​ ដែល​បាន​បញ្ជា​ទិញ​ទាំង​នោះ​មាន​ ក្រុមហ៊ុន Confirel ក្រុមហ៊ុន តិបហ្គោល និង​ក្រុមហ៊ុន សាយ​ណេ​ត​ធ័​រ ហើយ​ក្រៅពី​ក្រុមហ៊ុន​ទាំង​បី​ខាង​លើ​នោះ ខាង​សមាគម​មិន​ទទួល​ការ​កុម្ម៉ង់​ទៀត​ទេ ដោយសារតែ​នៅ​ពាក់​កណ្ដាល​រដូវ​នៃ​ការ​ប្រមូល​ផល​ស្ករត្នោត។

លោក​បាន​បញ្ជាក់​ថា តម្លៃ​ស្ករត្នោត​មាន​តម្លៃ​ជាង​ឆ្នាំមុន​នៅ​ឆ្នាំ​២០១៦ នេះ​ដោយ​ទិញ​ពី​កសិករ​តម្លៃ ១​គីឡូ ៤០០០​រៀល និង​លក់​ឲ្យ​ក្រុមហ៊ុន​តម្លៃ​១​តោន​ ១៣៧៥​ ដុល្លារ​អាមេរិក ហើយ​រាល់​ឆ្នាំ​កសិករ​លក់​មិនបាន​ចំណេញ​នោះ​ទេ។

កន្លងមក​មាន​ក្រុមហ៊ុន​ចំនួន ៨ ​ដែល​បាន​ធ្វើ​ការ​បញ្ជា​ទិញ​ក្នុង​ក្រប​ខណ្ឌ​សមាគម ហើយ​ឆ្នាំ​២០១៦ មាន​ក្រុមហ៊ុន​ចំនួន​បី​ប៉ុណ្ណោះ ​ដែល​បាន​បញ្ជា​​ទិញ​មាន​ទំហំ​ ២៥០​តោន។ ចំពោះ​សមាគម​ស្ករត្នោត​កំពង់ស្ពឺ​ នៅ​ឆ្នាំ​២០១៦ មាន​សមាជិក​ផលិត​ស្ករត្នោត​ចំនួន​១៧៨​គ្រួសារ ​មាន​ចំនួន​៩​ឃុំ​មាន​ចំនួន ៣៧​ភូមិ ដែល​ស្មើ​នឹង​២​ស្រុក​គឺ ស្រុក​ឧត្តុង្គ និង​ស្រុក​សំរោង​ទង។

ចំណែក លោក ហ៊ឹម ពិ​សិទ្ធ ប្រធាន​ផ្នែក​ផលិត​របស់​ក្រុមហ៊ុន Confirel​បាន​លើកឡើងថា ឆ្នាំ​២០១៦ ក្រុមហ៊ុន​មាន​គម្រោង​ប្រមូល​ទិញ​ស្ករ​ពី​កសិករ​ប្រមាណ ១២០​តោន​មក​កែច្នៃ​ និង​វេច​ខ្ចប់ ដើម្បី​ធ្វើការ​នាំចេញ​លើ​ទីផ្សារ។

លោក​បាន​បន្ថែម​ថា បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​កំពុងតែ​បង្កើន​ផលិតភាព​របស់​ខ្លួន​ឲ្យ​កាន់តែ​ច្រើន​ថែមទៀត ក្នុង​ការ​នាំចេញ​ផលិតផល​ស្ករត្នោត ដែល​បាន​កែច្នៃ​រួច​ឲ្យ​ទៅ​ជា​ផលិតផល​មាន​តម្លៃ​បន្ថែម ហើយ​តាមរយៈ​Confirel ស្ករត្នោត​កម្ពុជា​ត្រូវ​បាន​គេ​ទទួល​ស្គាល់​លើ​ឆាក​អន្តរជាតិ។

កាលពី​ឆ្នាំ​២០១៥ កម្ពុជា​បាន​នាំចេញ​ស្ករត្នោត​បាន​ចំនួន ១៦០​តោន​ទៅ​ទីផ្សារ​ក្រៅ​ប្រទេស តាមរយៈ​ក្រុមហ៊ុន​ក្នុង​ស្រុក ហើយ​ការនាំចេញ​ភាគច្រើន​ទៅកាន់​ប្រទេស តៃវ៉ាន់ ហុងកុង កូរ៉េ និង​ជប៉ុន។ នៅ​ឆ្នាំ​២០១៦​នេះ ការ​បញ្ជា​ទិញ​ស្ករត្នោត​មាន​ប្រមាណ ២៥០​តោន ដែល​ក្រុមហ៊ុន​នាំ​ចេញ​ច្រើន​ជាង​គេ​គឺ​ ក្រុមហ៊ុន Confirel បាន​នាំចេញ​ស្ករត្នោត​រហូតដល់​៩០​តោន៕

ឆ្នាំ​២០១៦​ ស្ករត្នោត ​កំពង់ស្ពឺ ​មាន​ហាងឆេង​ខ្ពស់​នៅ​ក្នុង​ទីផ្សារ

ឆ្នាំ​២០១៦​ ស្ករត្នោត ​កំពង់ស្ពឺ ​មាន​ហាងឆេង​ខ្ពស់​នៅ​ក្នុង​ទីផ្សារ