ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​១​ករណី ​នៅ​ស្រុក​សំពៅ​លូន​

ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​១​ករណី ​នៅ​ស្រុក​សំពៅ​លូន​



បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់​ដែល​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​តាម​ប្រមាញ់ និង​ធ្វើការ​ឃាត់ខ្លួន ព្រមទាំង​បាន​ដកហូត​នូវ​សារធាតុ​ញៀន​មួយ​ចំនួន ខណៈ​ដែល​មុខ​សញ្ញា​រូប​នេះ​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្ដែង។

កិច្ចប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី នា​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៦ ដោយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក បាន​ចុះ​បង្ក្រាប​ករណី​រក្សាទុក ដឹកជញ្ជូន ឬ ជួញ​ដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ត្រង់​ចំណុច​ភូមិ​ស្រឡៅជ្រុំ ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង។

ក្នុង​កិច្ចប្រតិបត្តិការ​នេះ​ កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឌី វ៉ាន់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ជាជាង​ធ្វើ​ផ្ទះ រស់នៅ​ភូមិ​ឈើទាល ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ព្រម​ទាំង​បាន​ដកហូត​នូវ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​១៩​គ្រាប់ ម៉ូតូ​ចំនួន​១​គ្រឿង ម៉ាក​យ៉ាម៉ាហា មី​អូ ពណ៌​ស​-​ខៀវ គ្មាន​ស្លាក​លេខ និង​ទូរស័ព្ទ​ដៃ​ចំនួន​១​គ្រឿង។

សមត្ថកិច្ច​បាន​សង្កត់​ធ្ងន់​ថា ជននេះ ​គឺជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម​ដែល​សមត្ថកិច្ច​បាន​តាម​ប្រមាញ់​ជា​យូរ​មក​ហើយ ដោយ​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​រៀបចំ​ឯកសារ​ដើម្បី​បញ្ជូន​ខ្លួន រួម​ទាំង​វត្ថុតាង​ទៅកាន់​បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត និង​ចាត់ការ​តាម​ផ្លូវ​ច្បាប់ ៕

ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​១​ករណី ​នៅ​ស្រុក​សំពៅ​លូន​