ប្រជាពលរដ្ឋនៅខេត្តរតនគិរីប្រឈមនឹងការខ្វះទឹកប្រើប្រាស់ ដោយសារអាកាសធាតុក្ដៅ

ប្រជាពលរដ្ឋនៅខេត្តរតនគិរីប្រឈមនឹងការខ្វះទឹកប្រើប្រាស់ ដោយសារអាកាសធាតុក្ដៅ



រតនគិរី ៖ ប្រជាពលរដ្ឋនៅខេត្តរតនគិរីប្រឈមនឹងការខ្វះទឹកប្រើប្រាស់ ដោយអាកាសធាតុក្ដៅ ធ្វើឲ្យទឹក បឹង អូរ ទន្លេ មានការរីងស្ងួតឆាប់រហ័សជាងពេលឆ្នាំមុនៗនោះ។

បងស្រីម្នាក់ឈ្មោះខាន់ ប្ដីរបស់គាត់ធ្វើទាហានខេត្ត ដែលមានលំនៅឋានស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង បានប្រាប់សារព័ត៌មានឲ្យដឹងថា អណ្តូងទឹករបស់គាត់មានជម្រៅ១៧ម៉ែត្រធ្លាប់តែប្រើគ្រប់គ្រាន់។ តែពេលឥឡូវនេះបែរជាអត់ទឹក ធ្វើឲ្យគាត់ពិបាកក្នុងការប្រើប្រាស់ទឹកអណ្តូងនោះណាស់ ឥឡូវគាត់បានជួលឲ្យគេស្តារចំនួន២ម៉ែត្រក្នុង១ម៉ែត្រ៣០ម៉ឺនរៀល។

បើតាមសម្ដីអ្នកជីក និងស្តារអណ្តូង បានឲ្យដឹងថា ក្រុមរបស់គាត់បានដើរជីកអណ្តូងក្នុងខេត្តរតនគិរីជាច្រើនអណ្តូងមកហើយ ដោយមានកន្លែងខ្លះជម្រៅ២៥ម៉ែត្រទៅ៣១ម៉ែត្រក៏មានដែរ។ គាត់បានប្រាប់បន្តទៀតថា តម្លៃជីកអណ្តូងមួយមាន៤០០ដុល្លារ ទៅ៥០០ដុល្លារ ដោយមានគ្នា៤ទៅ៥នាក់ អណ្ដូងមួយជីក១អាទិត្យទើបហើយ។ ចំណែកឯស្ថានីយទឹកស្អាតរបស់ក្រុមហ៊ុនតាយ សេង ដែលចែកចាយទឹកស្អាតនៅក្រុងបានលុង ក៏មានការខ្វះខាតដែរ។ រីឯទឹកក្នុងអូរ ដែលត្រូវបូមចូលក្នុងអាងស្ថានីយទឹកស្អាត ដែលមានទីតាំងស្ថិតភូមិភ្នំស្វាយ ក៏មានភាពរីងស្ងួតដូចគ្នាដែរ។

លោកឧកញ៉ាតាយ សេង បានបញ្ជាក់តាមទូរស័ព្ទថា គាត់នឹងរកវិធីសាស្ត្រផ្សេងៗទៀតដើម្បីឲ្យបានទឹកប្រើប្រាស់គ្រប់គ្រាន់ទៅថ្ងៃមុខទាំងរដូវវស្សា និងរដូវប្រាំងសម្រាប់ក្រុងបានលុងយើងនេះ។

លោកអៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទហាក់ដូចជាមិនសូវចាប់អារម្មណ៍បញ្ហាប្រជាពលរដ្ឋទូទាំងខេត្តរតនគិរីអត់ទឹកប្រើប្រាស់នោះទេ ព្រោះគាត់មានក្រុមហ៊ុនជីកអណ្តូងមួយផ្ទាល់ខ្លួនរបស់គាត់។ សព្វថ្ងៃគាត់គិតតែពីជិះឡានដើររកសេវាកម្មជីកអណ្ដូងគ្រប់ច្រកល្ហកក្នុងក្រុងបានលុង និងតាមបណ្តាស្រុកមួយចំនួននៅក្នុងខេត្តរតនគិរី ភាគច្រើនគាត់ឲ្យប្រពន្ធចុះផ្ទាល់មើលកម្មករខួងអណ្តូងរបស់គាត់តែម្តង។ តើមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរីនេះបានជីកអណ្តូងទឹក ស្រះទឹកបានប៉ុន្មានហើយសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់នៅក្នុងខេត្តរតនគិរីទាំងមូលនោះ។ ចំណែកតម្លៃខួងអណ្តូងមួយនៅក្រុងបានលុង១២០០ដុល្លារ បើទៅតាមបណ្តាស្រុកមួយចំនួនតម្លៃ១៥០០ដុល្លារឯណោះ។ ប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរីបានឲ្យអ្នកសារព័ត៌មានដឹងថា តម្លៃខួងអណ្តូងរបស់លោកអៀម អឿន នោះគឺតម្លៃខ្ពស់កប់ពពក។ កត្តានេះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពក្រខ្សត់ពុំមានលទ្ធភាពខួងអណ្តូងនេះទេ៕
ប្រជាពលរដ្ឋនៅខេត្តរតនគិរីប្រឈមនឹងការខ្វះទឹកប្រើប្រាស់ ដោយសារអាកាសធាតុក្ដៅ

ប្រជាពលរដ្ឋនៅខេត្តរតនគិរីប្រឈមនឹងការខ្វះទឹកប្រើប្រាស់ ដោយសារអាកាសធាតុក្ដៅ

ប្រជាពលរដ្ឋនៅខេត្តរតនគិរីប្រឈមនឹងការខ្វះទឹកប្រើប្រាស់ ដោយសារអាកាសធាតុក្ដៅ