វិទ្យាស្ថាន​ខុង​ជឺ ជំនួប​សំណេះសំណាល​ជាមួយ​សិស្ស និង​និស្សិត​ ស្នើសុំ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​

វិទ្យាស្ថាន​ខុង​ជឺ ជំនួប​សំណេះសំណាល​ជាមួយ​សិស្ស និង​និស្សិត​ ស្នើសុំ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​



ភ្នំពេញ ៖ ក្នុង​គោលបំណង​ចង់​ឲ្យ​និស្សិត​កម្ពុជា​យល់​កាន់​តែ​ច្បាស់​ពី​នីតិវិធី ​នៃ​ការ​ស្នើសុំ និង​ទម្រង់​បែបបទ​ក្នុង​ការ​ទទួល​បាន​អាហារូបករណ៍​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ចិន​ ឆ្នាំ​២០១៦-២០១៧ ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៦ វិទ្យាស្ថាន​ខុង​ជឺ​ នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ បាន​បើក​កិច្ចប្រជុំ​ជា​មួយ​និស្សិត​មកពី​សកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​បណ្ដា​និស្សិត​មកពី​សកលវិទ្យាល័យ​នានា​នៅ​រាជធានី​ភ្នំពេញ។​

លោក​បណ្ឌិត ជា មុនី​ឫទ្ធិ នាយក​វិទ្យាស្ថាន​ខុង​ជឺ ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ បាន​មាន​ប្រសាសន៍​ថា ទម្រង់​ នៃ​ការ​ស្នើសុំ​ត្រូវ​រៀបចំ​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក ហើយ​សាមីខ្លួន​ត្រូវ​បំពេញ​ដោយ​ផ្ទាល់ និង​បញ្ចូល​ទិន្នន័យ​ទាំងអស់​តាម​តម្រូវការ​របស់​សកលវិទ្យាល័យ​ដែល​ខ្លួន​ត្រៀម​នឹង​ទៅ​បន្ត​ការសិក្សា ហើយ​ក្រោយពេល​មានការ​ឯកភាព​ពី​សកលវិទ្យាល័យ ទើប​វិទ្យាស្ថាន​ខុង​ជឺ ​នឹង​ផ្តល់​ជូន​នូវ​ការ​បង់ថ្លៃ​សិក្សា សៀវភៅ​សិក្សា ប័ណ្ណ​ធានា​រ៉ាប់រង​សុខភាព កន្លែង​ស្នាក់នៅ និង​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ហើយ​សម្រាប់​ឆ្នាំ​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ ឬ​បរិញ្ញាបត្រ​ជាន់ខ្ពស់ វិទ្យាស្ថាន ​នឹង​បន្ថែម​ប្រាក់​សម្រាប់​ការ​សរសេរ​សារណា ឬ​និក្ខេបបទ​ទៀត​ផង។ អាហារូបករណ៍​នេះ​មាន​តែមួយ​ជំនាញ​ គឺ​អក្សរសាស្ត្រ​ចិន ដែល​រួមមាន​ការសិក្សា​បំប៉ន​រយៈពេល​៦​ខែ បំប៉ន​រយៈពេល​១​ឆ្នាំ ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់។

គួរ​រំលឹក​បន្ថែម​ថា ការ​ទៅ​បំពេញ​ទស្សនកិច្ច​សិក្សា ​និង​ការ​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ចិន​គឺជា​វត្ថុបំណង និង​ជា​ឆន្ទៈ​ដែល​សិស្ស និស្សិត សិក្ខាកាម​របស់​វិទ្យាស្ថាន​ខុង​ជឺ​ នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ប្រាថ្នា​ចង់បាន។ ដើម្បី​បំពេញ​នូវ​មហិច្ឆតា​នេះ ចាប់ពី​ឆ្នាំ​២០១០​មក ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោកស្រី​បណ្ឌិត​សភាចា​រ្យ ខ្លូត ធីតា ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា ថ្នាក់ដឹកនាំ​វិទ្យាស្ថាន​ខុង​ជឺ ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ​បាន​ខិតខំ​ស្វះស្វែង​អាហារូបករណ៍​ទៅ​បំពេញ​ទស្សនកិច្ច​សិក្សា ​និង​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ចិន។

ដោយឡែក ​ចាប់ពី​ឆ្នាំ​២០១៣​មក វិទ្យាស្ថាន​ បាន​ជួយ​បង្កើត​កម្មវិធីសិក្សា​ថ្នាក់​បរិញ្ញាបត្រ​៣+១ ដោយ​សិក្សា​ចំនួន​៣​ឆ្នាំ​នៅ​កម្ពុជា​ និង​១​ឆ្នាំ​នៅ​ប្រទេស​ចិន ហើយ​បច្ចុប្បន្ន​នេះ​វិទ្យាស្ថាន​បាន​ខិតខំ​បង្កើន​ចំនួន​អាហារូបករណ៍​ និង​ពង្រីក​កញ្ចប់​ថវិកា​អាហារូបករណ៍​ដល់​និស្សិត​ដែល​បាន​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ចិន​ថែមទៀត​៕​