សិក្ខាសាលា​ពិគ្រោះ​យោបល់​អំពី​ផ្សារ​មូលប័ត្រ​ថៃ

សិក្ខាសាលា​ពិគ្រោះ​យោបល់​អំពី​ផ្សារ​មូលប័ត្រ​ថៃ



ភ្នំពេញ ​៖​ លោក​ស៊ុន ចាន់ថុល ​ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៦​ កន្លង​ទៅ​​នេះ​ បាន​ថ្លែង​អំពី​ “​កាលានុវត្ត​ភាព​វិនិយោគ​នៅ​កម្ពុជា​” នៅ​ក្នុង “​សិក្ខាសាលា​ពិគ្រោះ​យោបល់​អំពី​ផ្សារ​មូលប័ត្រ​ថៃ​ទាក់ទង​នឹង​កាលានុវត្តភាព​ពាណិជ្ជកម្ម​ និង​ការវិនិយោគ​កម្ពុជា​” ដែល​បាន​ប្រព្រឹត្តទៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។

សិក្ខាសាលា​នេះ​សហការ​រៀបចំឡើង​ដោយ​ផ្សារ​មូលប័ត្រ​ថៃ សភា​ពាណិជ្ជកម្ម​កម្ពុជា និង​ក្រុមប្រឹក្សា​ធុរកិច្ច​ថៃ​-​កម្ពុជា ក្នុង​គោលបំណង​ផ្សព្វផ្សាយ​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា​ដល់​មេដឹកនាំ​ធុរកិច្ច​ថៃ​ដែល​ចាប់អារម្មណ៍​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។​

លោក​ទេសរដ្ឋមន្ត្រី ​ស៊ុន ចាន់ថុល​ បាន​លើក​ឡើង​ថា ​សេដ្ឋកិច្ច​កម្ពុជា​បាន​រីកចម្រើន​ក្នុង​អត្រា​គិត​ជា​មធ្យម​៧.៧%​ក្នុង​មួយ​ឆ្នាំ ក្នុង​រយៈកាល​ជាច្រើន​ទសវត្សរ៍​កន្លងទៅ​ ឋិត​ក្នុង​ចំណាត់ថ្នាក់​ទី​ប្រាំមួយ​ជា​សេដ្ឋកិច្ច​ ដែល​មាន​ការ​រីកចម្រើន​បំផុត​នៅ​ក្នុង​ពិភពលោក។ យោង​តាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក ​ដោយមាន​របប​គ្រប់គ្រង​ការ​វិនិយោគ​បើកចំហ​នៅ​ក្នុង​តំបន់។ ច្បាប់​វិនិយោគ​កម្ពុជា​ផ្តល់​ការលើកទឹកចិត្ត​ដោយមាន​ភាពអនុគ្រោះ ដល់​ការវិនិយោគ​ដូចជា​៖ អត្រាពន្ធ​លើ​ប្រាក់ចំណូល​ក្រុមហ៊ុន​ចំនួន​២០% ការផ្តល់​ការអនុគ្រោះ​លើ​ការ​រួច​ពន្ធ​រយៈពេល​ដល់​៩​ឆ្នាំ គ្មាន​ការដាក់​កម្រិត​លើ​ម្ចាស់​កម្មសិទ្ធិ​ក្រុមហ៊ុន​លើ​គ្រប់​វិស័យ​សេដ្ឋកិច្ច​ទាំងអស់ គ្មាន​ការគ្រប់គ្រង​លើ​រូបិយ​ប័ណ្ណ និង​គ្មាន​ការ​ធ្វើ​ជាតិ​តូបនីយកម្ម​ និង​គ្រប់គ្រង​ថ្លៃ។ លើស​ពី​នេះ​ទៀត​ កម្ពុជា​ទទួល​បាន​អត្ថប្រយោជន៍​ពី​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ​ផ្នែក​ពាណិជ្ជកម្ម​(GSP)​ពី​បណ្ដា​ប្រទេស​នានា និង​គម្រោង​ស្ដីពី​អ្វីៗ​គ្រប់យ៉ាង​លើក​លែង​អាវុធ​(EBA)​ពី សហភាព​អឺរ៉ុប ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប ដោយ​គ្មាន​កម្រិត​កូតា​ និង​រួច​ពន្ធ​លើ​ផលិតផល​ភាគច្រើន​ដែល​ផលិត​នៅ​កម្ពុជា។

លោក​ទេសរដ្ឋមន្ត្រី ​ស៊ុន ចាន់ថុល ​បាន​ជម្រាប​ជូន​អ្នកចូលរួម​វេទិកា​ពិគ្រោះ​យោបល់​ក្នុង​សិក្ខាសាលា​នោះ​អំពី​កំណែទម្រង់​សំខាន់ៗ​ដែល​ក្រសួងពាណិជ្ជកម្ម​សម្រេច​បាន និង​កំពុង​អនុវត្ត​បន្ត​។ លោក​ទេសរដ្ឋមន្ត្រី បាន​គូស​បញ្ជាក់​អំពី​សារសំខាន់​នៃ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​សម្រាប់​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ និង​ការចុះបញ្ជី​ពាណិជ្ជកម្ម ដែល​បាន​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​០៤ ខែ​មករា ឆ្នាំ​២០១៦ និង​សារសំខាន់​នៃ​យុទ្ធសាស្ត្រ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ដែល​ត្រូវបាន​អនុម័ត​នាពេល​ថ្មីៗ​នេះ ដើម្បី​អភិវឌ្ឍ​ប្រទេស​ឲ្យ​មានការ​រីកចម្រើន​ឈានឡើង​មួយកម្រិត​ទៀត។

ជាមួយគ្នានេះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី​បាន​អញ្ជើញ​មេដឹកនាំ​ធុរកិច្ច​ថៃ​មក​ទស្សនកិច្ច​ និង​ស្វែងយល់​អំពី​កម្ពុជា ដែល​ជា​ព្រះរាជាណាចក្រ​អច្ឆរិយៈ និង​ដើម្បី​វាយតម្លៃ​អំពី​កាលានុវត្តភាព​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ដ៏​ធំធេង​សម្រាប់​ពួកគេ៕
សិក្ខាសាលា​ពិគ្រោះ​យោបល់​អំពី​ផ្សារ​មូលប័ត្រ​ថៃ