ស្ត្រី​ម្នាក់ ត្រូវ​ក្រុម​ចោរ​១​ក្រុម​ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ ​និង​គ្រឿងអលង្ការ​មួយ​ចំនួន​

ស្ត្រី​ម្នាក់ ត្រូវ​ក្រុម​ចោរ​១​ក្រុម​ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ ​និង​គ្រឿងអលង្ការ​មួយ​ចំនួន​



សៀមរាប ៖ ស្ត្រី​រងគ្រោះ​ម្នាក់​បាន​មក​ប្តឹង​សមត្ថកិច្ច​ បន្ទាប់ពី​មាន​ក្រុម​ចោរ​បាន​ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ ​និង​គ្រឿងអលង្ការ​អស់​មួយ​ចំនួន​រួច​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៣១​ ខែ​មីនា ឆ្នាំ​២០១៦ ​ត្រង់​ចំណុច​ទ្វា​ទឹក​ធារាសាស្ត្រ​ស្ទឹង​ស្រែង ខាងលិច​ផ្លូវជាតិ​លេខ​៦៨ ​ក្នុង​ឃុំ​ជ្រោយ​នាង​ងួន ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប។ មន្ត្រី​នគរបាល​ស្រុក​ស្រីស្នំ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មានឈ្មោះ ជ័យ ច័​ន្ធ​ឌី ភេទ​ស្រី​ អាយុ​៤២​ឆ្នាំ ​រស់នៅ​ភូមិ​ត្រុំ​ខាងជើង​ ឃុំ​ជ្រោយ​នាង​ងួន​ ស្រុក​ស្រីស្នំ​។​

តាម​ការ​រៀបរាប់​របស់​ជន​រងគ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា ដំបូង ​គាត់​បាន​ជិះ​ម៉ូតូឌុប​កូន​ដើរលេង​ លុះដល់​ចំណុច​កើតហេតុ​ខាងលើ​ ​ក៏​មាន​ជនសង្ស័យ​ចំនួន​០៣​នាក់​មិន​ស្គាល់​អត្ត​សញ្ញាណ ជិះ​ម៉ូតូ​០១​គ្រឿង ស្ទាក់​វាយ​គាត់​ឲ្យ​រង​របួស ​និង​យក​ម៉ូតូ​ ព្រមទាំង​គ្រឿងអលង្ការ​គេច​ខ្លួន​បាត់​តែម្ដង​។

មន្ត្រី​នគរបាល​បាន​បន្ត​ថា ជនរងគ្រោះ​បាន​បាត់បង់​ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក​ឌ្រី​ម ពណ៌​ខ្មៅ​ផលិត​នៅ​ឆ្នាំ​២០១៥​ ពាក់​ស្លាក​លេខ​សៀមរាប​1R.8955ប្រាក់​ខ្មែរ​ចំនួន​៦៧​ម៉ឺន​រៀល និង​មាស​៣​ជី​កន្លះ​។ បច្ចុប្បន្ន​ កម្លាំង​សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវជ្រាវ ​និង​កំណត់​មុខសញ្ញា​ជនសង្ស័យ​ ដើម្បី​យក​មក​ផ្ដន្ទាទោស​តាមច្បាប់។

តាមរយៈ​នៃ​ហេតុការណ៍​នេះ សូម​ពលរដ្ឋ​ទាំងអស់​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត ជា​ពិសេស​នា​រដូវ​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​៕
ស្ត្រី​ម្នាក់ ត្រូវ​ក្រុម​ចោរ​១​ក្រុម​ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ ​និង​គ្រឿងអលង្ការ​មួយ​ចំនួន​