ភ្ញៀវ​សណ្ឋាគារ​ម្នាក់​បែរជា​គ្រោធ​ខឹង ក្រោយ​រើស​បាន​លុយ ១៥០០ ដុល្លារ នៅក្រោម​ខ្នើយ ព្រោះតែ​បុគ្គលិក​មិន​សម្អាត​បន្ទប់​ឲ្យ​បាន​ស្អាតបាត​

​ភ្ញៀវ​សណ្ឋាគារ​ភាគច្រើន​នឹង​សប្បាយចិត្ត ខណៈ​ទទួលបាន​លាភ​សំណាង​បន្ថែម នៅក្នុង​បន្ទប់​គេង​របស់​ពួកគេ ប៉ុន្តែ បុរស​ម្នាក់​នៅក្នុង​ប្រទេស​ចិន ត្រលប់​ជា​មិន​សប្បាយចិត្ត​ទៅវិញ នៅពេល​គាត់​ប្រទះឃើញ​លុយ ១០,០០០ យ៉​ន់ (១៥០០ ដុល្លារ​) នៅ​ខាងក្រោម​ខ្នើយកើយ​របស់គាត់ ។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា បុរស​ម្នាក់​ឈ្មោះ Lu Gang និង​ក្រុមគ្រួសារ បាន​ចូលមក​ស្នាក់​នៅក្នុង​សណ្ឋាគារ Shangdu ក្នុង​ទីក្រុង Chongqing នៅ​ថ្ងៃទី​២៨ មីនា ក្នុងអំឡុង​ដំណើរ​ទៅ​បោសសំអាត​ផ្នូរ​កុងម៉ា​របស់​ពួកគេ នៅ​ទី​បញ្ចុះសព ដែលមាន​ទីតាំង​ស្ថិត​នៅក្បែរ​សណ្ឋាគារ​នេះ ។​

​ក្រោយ​ប្រទះឃើញ​លុយ ១៥០០ ដុល្លារ នៅ​ពី​ខាងក្រោម​ខ្នើយ​របស់គាត់​, លោក Lu ក៏បាន​ប្រាប់​បុគ្គលិក​សណ្ឋាគារ​ថា គាត់​មិន​សប្បាយចិត្ត​ទេ ជាមួយ​កម្រិត​ថែទាំ​របស់​ពួកគេ ពោលគឺ​បុគ្គលិក​ខាង​សំអាត ពុំបាន​សំអាត​បន្ទប់​របស់គាត់​ឲ្យ​បាន​ស្អាតបាត​នោះទេ ។​

​ប៉ូលីស​ត្រូវបាន​ហៅ​មកកាន់​សណ្ឋាគារ ហើយ​ពួកគេ​ក៏បាន​រឹបអូស​លុយ​ចំនួន ១,៥០០ ដុល្លារ នេះ​ផង ខណៈ​បុគ្គលិក​សណ្ឋាគារ​និយាយថា លុយ​ទាំងនេះ​អាចជា​របស់​ភ្ញៀវ​ចូលមក​ស្នាក់​នៅមុនៗ ។​

​និយាយ​ទៅកាន់​ពួក​អ្នកសារព័ត៌មាន Lu និយាយថាៈ “​លុយ​ទាំងនេះ គឺ​ពុំមែន​ជា​របស់ខ្ញុំ​ទេ​, ប៉ុន្តែ លុយ​ទាំងនេះ ស្ថិតនៅ​ខាងក្រោម​ខ្នើយ​ដែល​ខ្ញុំ​ដេក ។ ពិតណាស់ បុគ្គលិក​នៅទីនេះ ពុំបាន​យកចិត្តទុកដាក់ ក្នុងការ​សំអាត​បន្ទប់ ។ ពួកគេ​មិនបាន​ផ្លាស់ប្តូរ​ស្រោមខ្នើយ​” ។​

​គាត់​បន្តថាៈ “​មើល​ពី​ខាងក្រៅ នោះ​ស្រោមខ្នើយ វា​មិន​អី​នោះទេ ប៉ុន្តែ នរណា​អាច​ធានាថា ពូក ខ្នើយ ត្រូវបាន​រៀបចំ​មាន​ស្តង់ដារ​អនាម័យ ? តើ​វា​មិនមែនជា​ទម្លាប់​រៀងរាល់​ថ្ងៃ​សម្រាប់​សណ្ឋាគារ ក្នុងការ​ផ្លាស់ប្តូរ​ស្រោមពូក ខ្នើយ នៅក្នុង​បន្ទប់​ឬ ?” ។​

​គួរ​បញ្ជាក់ថា សណ្ឋាគារ Shangdu គឺជា​សណ្ឋាគារ​លំដាប់​ផ្កាយ​បី នៅក្នុង​ទីក្រុង Chongqing ។ តាមច្បាប់​ចិន​បាន​ចែងថា សណ្ឋាគារ​ចាប់​ទី​លំដាប់​ផ្កាយ​១ ឬ លើសពីនេះ គឺ​ត្រូវតម្រូវ​ឲ្យ​ផ្លាស់ប្តូរ​ស្រោមពូក ខ្នើយ ជាប្រចាំ​ថ្ងៃ ៕

ភ្ញៀវ​សណ្ឋាគារ​ម្នាក់​បែរជា​គ្រោធ​ខឹង ក្រោយ​រើស​បាន​លុយ ១៥០០ ដុល្លារ នៅក្រោម​ខ្នើយ ព្រោះតែ​បុគ្គលិក​មិន​សម្អាត​បន្ទប់​ឲ្យ​បាន​ស្អាតបាត​ ភ្ញៀវ​សណ្ឋាគារ​ម្នាក់​បែរជា​គ្រោធ​ខឹង ក្រោយ​រើស​បាន​លុយ ១៥០០ ដុល្លារ នៅក្រោម​ខ្នើយ ព្រោះតែ​បុគ្គលិក​មិន​សម្អាត​បន្ទប់​ឲ្យ​បាន​ស្អាតបាត​