កូរ៉េខាងជើង បាញ់សាកល្បងគ្រាប់ថ្មីទៀតហើយ តែមិនទាន់ដឹងថាជាប្រភេទអ្វីទេ

(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងគ្រាប់ប្រភេទថ្មីទៀតហើយ ដែលមិនដឹងជា គ្រាប់មីស៊ីល ឬមួយក៏រ៉ុក្កែតនោះឡើយ នៅមុននេះបន្តិច ហើយគ្រាប់នោះបានធ្លាក់ចូលទៅក្នុងដែន ទឹកភាគខាងកើតរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង នៅរសៀលថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០១៦។

គ្រាប់ដែលទើបបាញ់មុននេះបន្តិច ត្រូវបានគេជឿជាក់ថាជាក្បាលគ្រាប់មីស៊ីល ដែលត្រូវបានបាញ់ កាលពីវេលាម៉ោង ១ រសៀលថ្ងៃសុក្រ នេះម៉ោងនៅទីក្រុងសេអ៊ូល ចេញពីតំបន់មួយក្បែរឆ្នេរ Seondeok និង ខេត្ត Hamgyeoung ខាងត្បូង របស់កូរ៉េខាងជើង។

គួរបញ្ជាក់ថា ក្រុមជំនាញកូរ៉េខាងត្បូងមិនទាន់ហ៊ានសន្និដ្ឋានថា វាជាមីស៊ីលនោះទេ ប៉ុន្តែការបាញ់នេះ ទំនងជាកិច្ចស្វាគមន៍មួយចំពោះកិច្ចប្រជុំសន្តិសុខនុយក្លេអ៊ែរសកល ដែលមានជាង ៥០ប្រទេស ចូលរួមក្នុងរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក ដែលក្នុងនោះបញ្ហាកូរ៉េខាងជើងហាក់ត្រូវបានគេ មើលឃើញថាកំពុងគ្របដណ្តប់ពេញតុប្រជុំ៕

កូរ៉េខាងជើង បាញ់សាកល្បងគ្រាប់ថ្មីទៀតហើយ តែមិនទាន់ដឹងថាជាប្រភេទអ្វីទេ

ប្រភពៈ freshnewsasia