កម្មវិធី «​ស្រុក​យើង​» បង្ហាញ​ពី​ម្ហូប​១០​តំបន់​ក្នុងប្រទេស​កម្ពុជា​

រូបភាពពីហ្វេសប៊ុក សមាជិកសមាគមចុងភៅកម្ពុជា​សៀមរាប​៖ កម្មវិធី ស្រុក​យើង គឺជា​កម្មវិធី​មួយ​ថ្មី​នៅក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦​នេះ​។ កម្មវិធី​ស្រុក​យើង នឹង​បង្ហាញ​ពីមុខ​ម្ហូប​ចំនួន​១០​តំបន់ ដែលមាន​នៅក្នុង​ប្រទេស​កម្ពុជា​។

សូមស្ដាប់ព័ត៌មានលម្អិត៖

​ស្រុក​យើង គឺជា​កម្មវិធី​ថ្មី​មួយ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦ ។ តាម​គម្រោង កម្មវិធី​នេះ​នឹង​រៀបចំ​ធ្វើ​នៅ​ទី​លានជល់ដំរី លើ​ផ្ទៃដី​ជាង​មួយ​ហិកតា​។ គោលបំណង​នៃ​កម្មវិធី​ស្រុក​យើង គឺ​ដើម្បី​ចូលរួម​លើកតម្កើង​លក្ខណៈពិសេស​នៃ​អត្តសញ្ញាណ​ភូមិសាស្ត្រ វប្បធម៌ នៃ​ប្រទេស​កម្ពុជា ដោយ​ផ្តោតលើ​ការកម្សាន្ត​ជាមួយនឹង​ការរៀបចំ​អាហារ​ទទួលទាន ការសម្រាកលំហែ​កាយ នៅលើ​ទី​លានជល់ដំរី ដោយ​ផ្សារភ្ជាប់​ទំនាក់​ទំនងជា​លក្ខណៈ​មហា​គ្រួសារ​ខ្មែរ​។ ក្នុងនោះដែរ ក៏​ដើម្បី​បំពេញបន្ថែម​ដល់​ការស្វែងយល់​ពី​អត្តសញ្ញាណ​ភូមិសាស្ត្រ វប្បធម៌ និង​ធម្ម​ជាតិខ្មែរ​ផងដែរ​។

​កម្មវិធី​ស្រុក​យើង នឹងធ្វើ​ការបង្ហាញ​មុខ​ម្ហូប​ចំនួន​១០​តំបន់​ក្នុងប្រទេស​កម្ពុជា សម្រាប់​ជាការ​ស្វែងយល់ និង​អាច​ឲ្យ​ប្រជាពលរដ្ឋ​អាច​ហូប​អាហារ​ទាំងនោះ​ផង​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ឡុង បូរ៉ា​។ លោក បូរ៉ា ដែលជា​ប្រធាន​សមាគម​ចុងភៅ​កម្ពុជា​បាន​បន្ថែមថា តំបន់​ដែល​ជ្រើសរើស​សម្រាប់​ដាក់​បង្ហាញ​មុខម្ហូប​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​រយៈពេល​៤​ថ្ងៃ រួមមាន តំបន់​មាត់សមុទ្រ មាន​ម្ហូប​ដូចជា​មឹក ងាវ បង្កង និង​ទឹកត្រី​កោះកុង​។ តំបន់ភ្នំ​ក្រវ៉ា​ញ ដែលមាន​ដូចជា ឆា​ក្រវ៉ា​ញ ជ្រក់​ត្រពាំង ត្រីងៀត ប្រហុក​ខ្ទិះ ។​ល​។ ចំណែក​តំបន់​ទំនាប​ពាយ័ព្យ មាន​សាច់ក្រក ណែម បុក​អំពឹស សង្វាក់ និង​មី​កូ​ឡា តំបន់​បឹង​ទន្លេសាប មាន ផ្អក មុំ​ា ។​ល​។ តំបន់ភ្នំ​ដងរែក មាន​មាន់​ដុត ប្រហុក​អង្ក្រង មុំ​ា​ឆៅ​ត្រី​រ៉ស់ និង​ចង្រិត​បំពង តំបន់​ទំនាប​ចតុមុខ មាន​ទឹកគ្រឿង អា​ម៉ុក នំ​បញ្ចុក ម្ជូរ​គ្រឿង កកូរ ខ្នប់​កូន​ត្រី​។ ចំពោះ​តំបន់​មេគង្គ​លើ មាន​ក្រឡាន ឡាប និង​សាច់គោ​ងៀត តំបន់​ទំនាប​កណ្តាល មាន​ខ្យង​ចំហុយ បង្កង​អាំង ជ្រក់ផ្កាស្នោ ទឹកត្នោតជូរ​។​ល​។ តំបន់​ដីក្រហម មាន​អា​ពីង ត្រីឆ្អើរ បុក​សណ្តែក​កូរ​ត្រីឆ្អើរ ក្រួច​បំពង និង​តំបន់​ខ្ពង់រាប​ឦសាន មាន​ស្រា​ឪ​ទិន ភ្លាសាច់គោ មាន់​បុក សំបុក​ឃ្មុំ និង​សម្ល​បុក ឫ​សម្ល​ប៉ង់ ដែល​សុទ្ធសឹង​ជា​ម្ហូប​ប្រចាំ​តំបន់​មួយៗ​ក្នុងប្រទេស​កម្ពុជា​។​

កម្មវិធី «​ស្រុក​យើង​» បង្ហាញ​ពី​ម្ហូប​១០​តំបន់​ក្នុងប្រទេស​កម្ពុជា​

​បើតាម​លោក ឡុង បូរ៉ា ក្រៅពី​ការដាក់​តាំង​បង្ហាញ​ម្ហូប​ប្រចាំ​តំបន់​ទាំង​១០​ក្នុងប្រទេស​ហើយ​នោះ កម្មវិធី​ស្រុក​យើង ក៏មាន​ការដាក់​លក់​មុខ​ម្ហូប​ខាងលើ​ក្នុងតម្លៃ​សមរម្យ​ផងដែរ​។ លោក បូរ៉ា​បញ្ជាក់ថា តម្លៃ​គឺ​ចាប់ពី​១​ម៉ឺន​រៀល​ឡើងទៅ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​អាច​ចូល​ពិសា​បាន​ដោយ​ក្តីសប្បាយ​រីករាយ និង​ដែល​ច​ម្អិ​ត​ដោយ​ចុងភៅ​ចំណានៗ​ក្នុង​ខេត្តសៀមរាប​។​

​គួរ​បញ្ជាក់ថា ម្ហូប​តំណាង​តំបន់​នីមួយៗ ត្រូវបាន​ស្រាវជ្រាវ​ដោយ​ខាង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។ កម្មវិធី​ស្រុក​យើង រៀបចំឡើង​ដោយ​ខាង​យុវជន និង​មាន​កិច្ចសហការ​ជាមួយ​សមាគម​ចុងភៅ​កម្ពុជា និង​មានការ​គាំទ្រ​ពី​ខាង​សណ្ឋាគារ ភោជនីយដ្ឋាន​ជាង​១០​នៅ​ទីក្រុង​សៀមរាប​៕