​ព្រៃ​៩៥​ម៉ឺន​ហិច​តា​ដែល​មានព្រៃ​ឡង់​ផងដែរ​នោះ នឹងត្រូវ​ដាក់​ជា​តំបន់​ការពារ និង​អភិរក្ស​

​ក្រសួងបរិស្ថាន នឹងដាក់​តំបន់​ព្រៃ​ចំនួន​៥​កន្លែង ឲ្យ​ស្ថិតនៅក្នុង​តំបន់​ការពារ និង​អភិរក្ស របស់​រាជរដ្ឋាភិបាល​។ តំបន់​ព្រៃឈើ​ទាំង​៥​កន្លែង​នោះ មាន​ផ្ទៃដី​ប្រមាណ​ជា ៩៥ ម៉ឺន​ហិច​តា​។ នេះ​បើ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន ចុះ​នៅ​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៦ ។​

​តំបន់​ព្រៃ​ផ្តល់​ផល​ចំនួន​៥​កន្លែង រួមមាន ព្រៃ​ឡង់​, ព្រៃ​ច្រករបៀង​ក្រវាញ​ខាង​ត្បួ​ង​, ព្រៃ​ព្រះ​រកា​, ព្រៃ​សៀម​ប៉ាង​លិច និង​ព្រៃ​វ៉ឺ​ន​សៃ ដែលមាន​ផ្ទៃដី​សរុប​ប្រមាណ​ជា ៩៥០.០០០ ហិច​តា ត្រូវបាន​ក្រសួងបរិស្ថាន​គ្រោង​ដាក់​ជា​តំបន់​ការពារ បន្ទាប់ពី​បានទទួល​ការឯកភាព​ពី​រាជរដ្ឋាភិបាល​។ ការសម្រេច​ដាក់​តំបន់​ព្រៃ​ទាំង​៥​នេះ ជា​កន្លែង​អភិរក្ស ដោយសារតែ​ក្រសួង សំឡឹង​ឃើញ​សក្តានុពល និង​គុណ​តម្លៃ​នៃ​ប្រព័ន្ធ​អេកូលូស៊ី ដែល​អាច​ផ្តល់​អំណោយផល​ល្អ​សម្រាប់​វិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ និង​បរិស្ថាន​។​

​ការសម្រេច​របស់​ក្រសួងបរិស្ថាន​ខាងលើ ធ្វើឡើង​បន្ទាប់ពី​សម្តេចនាយករ​ដ្ឋ​មន្ត្រី​កម្ពុជា ប្រកាស​ដាក់​ព្រៃ​ឡង់ ឲ្យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រាជរដ្ឋាភិបាល កាលពី​ថ្ងៃ​ម្សិ​លិញ​។ ការប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​បែបនេះ ធ្វើឡើង​ក្នុង​ពី​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​អប់រំ​ប្រចាំឆ្នាំ​២០១៥ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៦ ។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ក្រសួងបរិស្ថាន នឹង​រៀបចំ​សិក្ខាសាលា​មួយ ដើម្បី​ផ្តល់ឱកាស ដល់​ភាគី​ជាប់​ពាក់ព័ន្ធ​ទាំងអស់ បាន​ចូលរួម​និង​បញ្ចេញមតិ​ជុំវិញ​គម្រោង​នេះ​។ ក្រ​សូង​បរិស្ថាន​នឹង​ប្រមូល​រាល់​មតិយោបល់​ដែល​ទទួលបាន​ក្នុង​សិក្ខាសាលា​នេះ ហើយ​ដាក់ជូន​រាជរដ្ឋាភិបាល ដើម្បី​ពិនិត្យ​និង​អនុម័ត ការដាក់​តំបន់​ព្រៃ​ទាំង​៥​កន្លែង​នេះ ជា​តំបន់​ការ​ការ និង​អភិរក្ស​ជា​ផ្លូវការ​៕