អឺរ៉ុប​-​ឥណ្ឌា នៅតែ​បរាជ័យ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​

​អឺរ៉ុប​និង​ឥណ្ឌា​នៅតែ​មិនអាច​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​ជាប់គាំង​បានទេ នៅក្នុង​ជំនួប​កំពូល​នៅឯ​ទីក្រុង​ព្រុ​ច​សែ​ល​។ ទាំង​មេដឹកនាំ​អឺរ៉ុប​និង​មេដឹកនាំ​ឥណ្ឌា បានត្រឹមតែ​ស្វាគមន៍​ឲ្យ​មាន​ការចរចា​ឡើងវិញ​ប៉ុណ្ណោះ ហើយ​សូម្បីតែ​ពេលវេលា​ចរចា​ក៏​មិនទាន់​កំណត់​ដូចគ្នា​។     

សូមស្ដាប់ព័ត៌មានលម្អិត៖

​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក ន​រិ​ន្ទ្រា ម៉ូ​ឌី និង​មេដឹកនាំ​អឺរ៉ុប បរាជ័យ​ក្នុង​ការបន្ត​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​ជាប់គាំង​អស់​ពេល​ជា​យូរ​។ បន្ទាប់ពី​បញ្ចប់​ជំនួប​កំពូល​លើក​ទី​១៣ នៅ​ថ្ងៃទី​៣០ ខែមីនា មេដឹកនាំ​ទាំងពីរ​ភាគី បានចេញ​សេចក្ដីថ្លែងការណ៍​មួយ ដោយ​ស្វាគមន៍​ឲ្យ​មានការ​ពិភាក្សាគ្នា​ក្នុង​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​និង​វិនិយោគ​អឺរ៉ុប​-​ឥណ្ឌា​។ ប៉ុន្តែ​ក្នុង​សេចក្ដីថ្លែងការណ៍​នេះ មិនបាន​បញ្ជាក់​ពី​ពេលវេលា​ចរចា​ឡើងវិញ​ទេ​។​

​គេ​បាន​រំពឹងថា ជំនួប​កំពូល​ដែល​ទើប​បញ្ចប់ នឹង​ជួយ​ជំរុញ​ដល់​ការចរចា​ពាណិជ្ជកម្ម​ដែល​លេចចេញ​ជា​រូបរាង​ពី​តាំងពី​ឆ្នាំ​២០០៧ ប៉ុន្តែ​ជួបប្រទះ​នឹង​បញ្ហា​ជាច្រើន​ចាប់ពីពេលនោះ​មក​។ ការចរចា​ក៏​ដួលរលំ​នៅ​ឆ្នាំ​២០១៣ ដោយសារ​មានការ​មិន​ឯកភាពគ្នា​ជាច្រើន​ដូចជា ការធ្វើ​សេរី​ភា​វូ​នីយកម្ម​លើ​ពន្ធ​ឡាន ស្រា និង​ការចំណាយ​សាធារណៈ​ជាដើម​។​

​យ៉ាងណាមិញ នៅក្នុង​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​និង​វិនិយោគ​ឆ្នាំ​២០១៥ គណៈកម្មាការ​អឺរ៉ុប​បញ្ជាក់ថា ខ្លួន​បាន​ត្រៀម​រួចរាល់​ក្នុងការ​ចាប់ផ្ដើម​ឡើងវិញ​ការចរចា​សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​គ្រប់​ជ្រុងជ្រោយ​។ អឺរ៉ុប​ក៏​សង្កត់ធ្ងន់​ដែរ​ថា លទ្ធផល​ការចរចា​ជាមួយ​ឥណ្ឌា នឹង​បង្កើត​ឱកាស​ពាណិជ្ជកម្ម​ផងដែរ​។

​ប៉ុន្តែ​បរាជ័យ​ក៏​កើត​ម្ដងទៀត នៅពេលដែល​មន្ត្រី​អឺរ៉ុប​និង​ឥណ្ឌា​មិនអាច​បំបែក​ការជាប់គាំង​បាន មុនពេល​ជំនួប​កំពូល​នេះ​។ មន្ត្រី​ពាណិជ្ជកម្ម​មកពី​អឺរ៉ុប​និង​ឥណ្ឌា​បាន​ជួបគ្នា​កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ដើម្បី​ពិភាក្សា​លើ​កិច្ចព្រមព្រៀង​ដែល​ជាប់គាំង ប៉ុន្តែ​គ្មាន​លទ្ធផល​អ្វី​ទេ​។

​បើតាម​សារព័ត៌មាន EU Trade Insight ការចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អឺរ៉ុប​និង​ឥណ្ឌា​មិនមែនជា​រឿង​ងាយស្រួល​ទេ​។ ភាគី​ទាំងពីរ​ហាក់​មាន​ជំហរ​ខុសគ្នា​លើ​ផលប្រយោជន៍​ជាច្រើន​។ ឥណ្ឌា​ចង់បាន​ភាពងាយស្រួល​កាន់តែច្រើន​ទៅក្នុង​ទីផ្សារ​អឺរ៉ុប​ដូចជា ការការពារ​ទិន្នន័យ​ពី​អឺរ៉ុប ក៏ដូចជា​កា​សម្រួលការ​ធ្វើដំណើរ​ឆ្លង​ព្រំដែន​របស់​កម្មករ​ជំនាញ​ឥណ្ឌា​។ ចំណែក​អឺរ៉ុប​ចង់បាន​ការពង្រីក​ព្រំដែន​នៃ​កិច្ចព្រមព្រៀង តាមរយៈ​ការបន្ថែម​បញ្ហា​វិនិយោគ​ទៅក្នុង​នោះ​។ 

​សូមបញ្ជាក់ថា អឺរ៉ុប​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​របស់​ឥណ្ឌា ជាមួយនឹង​ទំហំ​ពាណិជ្ជកម្ម​១៣​ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ឥណ្ឌា​។ ក្នុង​ឆ្នាំ​២០១៥ ទំហំ​សរុប​នៃ​ពាណិជ្ជកម្ម​រវាង​អឺរ៉ុប​និង​ឥណ្ឌា មានតម្លៃ​ដល់​ទៅ​៧៧.៥​ពាន់​លាន​អឺរ៉ូ​។ ក្រៅពីនេះ អឺរ៉ុប​ក៏​ជា​អ្នកវិនិយោគ​ធំជាងគេ​នៅ​ឥណ្ឌា និង​ជាទី​ផ្សារ​វិនិយោគ​ដ៏​សំខាន់​របស់​ពាណិជ្ជករ​ឥណ្ឌា​ផងដែរ​។

​បើទោះជា​មិនអាច​សម្រេចបាន​កិច្ចព្រមព្រៀង​នៅ​ក្នង​ជំនួប​កំពូល​លើក​ទី​១៣​នេះ ភាគី​ទាំងពីរ​បានសម្រេច​បន្ត​ទំនាក់ទំនង​សេដ្ឋកិច្ច​ឲ្យ​កាន់​ល្អប្រសើរ​។ ឥណ្ឌា​បានបញ្ជាក់​ពី​ការត្រៀមខ្លួន​រួចរាល់​សម្រាប់​បង្កើត​យន្ត​ការសម្របសម្រួល​ការ​វិនិយោគ​របស់​សមាជិក​អឺរ៉ុប​ទាំងអស់​នៅ​ឥណ្ឌា​។ ចំណែកឯ​អឺរ៉ុប​ក៏​ប្ដេជ្ញា​បន្ត​គាំទ្រ​ការវិនិយោគ​រយៈពេល​វែង​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ចីរភាព​បរិស្ថាន ក៏ដូចជា​ការអភិវឌ្ឍ​សង្គម​និង​សេដ្ឋកិច្ច​នៅ​ឥណ្ឌា​ផងដែរ​៕