ពង្រាត់​កូន​ក្រមុំ​ ពង្រាត់​ Crush ខ្ញុំ

ឱ្យ​តែ​ជិត​ដល់​ខែ​ចូល​ឆ្នាំ​ ខ្ញុំ​ចេះ​តែ​នឹក​ឃើញ​ដល់​ពីរ​ឆ្នាំ​មុន​​កាល​ខ្ញុំ​រៀន​ថ្នាក់​ទី​ ១២ នៅ​វិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។ ជា​ធម្មតា​ពេល​ដែល​គ្រូ​លីប​ពួក​ថ្នាក់​ខ្ញុំ​ចូលចិត្ត​លេង​ល្បែង​ប្រជាប្រិយ​ ពិសេស​ពង្រាត់​កូន​ក្រមុំ​ ដែល​ជា​ល្បែង​ងាយ​លេង​ជាង​គេ​ មិន​ត្រូវ​ការ​ប្រដាប់​ប្រដា​អ្វី​ទាំង​អស់។

 

មុន​ដំបូង​ខ្ញុំ​មិន​ចង់​លេង​ទេ​ តែ​ដោយ​សារ​ឃើញ​ crush របស់​ខ្ញុំ​លេង​ដែរ​ខ្ញុំ​ក៏​ចូល​លេង​ព្រោះ​ក្រែង​លោ​​បាន​ប៉ះ​ដៃ​នាង។ ពេល​ឈរ​គេ​តម្រូវ​ឱ្យ​ឈរ​ឆ្លាស់​គ្នា ប្រុស​មួយ​ស្រី​មួយ​ ហើយ​ខ្ញុំ​ឈរ​រំលង​ពី​ Crush មួយ​គូ។

 

ពេល​​ដល់​វេន​នាង​និង​ម្នាក់​ប្រុស​នោះ​ជា​អ្នក​ដើរ​វ៉ៃ​គូ​ នាង​ក៏​វ៉ៃ​ចំ​ខ្ញុំ​។ ហើយ​យើង​ក៏​រត់​ ដណ្ដើម​គ្នា​ចូល​ទី​ ដល់​ពេល​ដូរ​គូ​ ខ្ញុំ​ក៏​ត្រូវ​​កាន់​ដៃ​​នាង​រត់​ម្ដង​។ ពេល​នោះ​ខ្ញុំ​ភ័យ​ខ្លាំង​ណាស់​ កាន់​ដៃ​នាង​ដោយ​រញីរញ័រ​តែ​នាង​ប្រឹង​រត់​អូស​ខ្ញុំ​ធ្វើ​មិន​ដឹង​។ យើង​រត់​ចាញ់​គេ​ឡើង​ពីរ​បី​គូ​ ព្រោះ​ខ្ញុំ​អូស​ក្រឡា​រត់​យឺត​ៗ​ ដើម្បី​ចង់​កាន់​ដៃ​នាង​បាន​យូរ តែ​នាង​បែរ​ជា​មុខ​ក្រញូវ​ព្រោះ​រត់​ឡើង​ហត់​ តែ​ដណ្ដើម​ចូល​ទី​​មិន​បាន។

 

តាំង​ពី​ថ្ងៃ​លេង​ពង្រាត់​កូន​ក្រមុំ​មក​ ខ្ញុំ​នឹក​ប្រអប់​ដៃ​​ឆ្អឹង​ៗ​របស់​នាង​គ្រប់​ពេល​។ ​ដល់​ខែ​វ៉ាកង​តូច​ខ្ញុំ​ក៏​ខាន​បាន​ឃើញ​មុខ​នាង​ទៀត​​ ហើយ​បញ្ហា​​យ៉ាប់​ជាង​ហ្នឹង​ទៀត​នោះ​​គឺ​ add friend ទៅ​នាង​យូរ​ហើយ​តែ​អត់​ទាន់​ឃើញ​នាង confirm សោះ​។

 

ពង្រាត់​កូន​ក្រមុំ​ ពង្រាត់​ Crush ខ្ញុំ

(រូបតំណាង)

 

ពេល​ចូល​កង​វិញ​ នាង​មិន​សូវ​រាក់ទាក់​ខ្ញុំ​ដូច​មុន​ទេ​ព្រោះ​នាង​មាន​សង្សារ​ហើយ ហើយ​ម្នាក់​នោះ​ជា​សិស្ស​ក្នុង​ថ្នាក់​តែ​មួយ​។ ខ្ញុំ​គ្មាន​ធ្វើ​ស្អី​ក្រៅ​ពី​លួច​ខូច​ចិត្ត​ទេ​… នាង​ជា​ស្រី​ស្អាត​មិន​ខ្វះ​ប្រុស​ស្រឡាញ់​ទេ​ តែ​ហេតុអី​នាង​រើស​អា​ម្នាក់​នោះ? រៀន​មិន​ចេះ​ផង! សិស្ស​ចោល​ម្សៀត​ប្រចាំ​ថ្នាក់​!

 

ពេល​ចប់​បាក់ឌុប​ ខ្ញុំ​ក៏​ខាន​ឃើញ​ Crush ខ្ញុំ​ទៀត​ដែរ​ ហើយ​ឮ​សូរ​ស្រី​ៗ​ដែល​ធ្លាប់​រៀន​ជាមួយ​គ្នា​ប្រាប់​ថា​នាង​ភ្ជាប់​ពាក្យ​ហើយ​ មិន​មែន​​ភ្ជាប់​ជាមួយ​​អា​ម្នាក់​ដែល​​ជា​សង្សារ​ថ្នាក់​ទី​១២​ទេ​ គឺ​ជា​អ្នក​ផ្សេង​ទៀត។

 

ប្រហែល​ជា​មួយ​អាទិត្យ​ក្រោយ​ ម្នាក់​ដែល​ជា​សង្សារ​ចាស់​របស់​នាង​បាន​ chat មក​ខ្ញុំ​និយាយ​ដើម​នាង​ហុយ​ដី​ថា​នាង​ចិត្ត​សាវា​ រាយមាយ​ជា​ដើម។ ខ្ញុំ​ក៏​ប្រាប់​ទៅ​គេ​វិញ​ថា​ «​ល្អ​ហើយ​ដែល​នាង​បែក​គ្នា​ជាមួយ​ឯង ព្រោះ​ឯង​ចោល​ម្សៀត​ពេក» រួច​ក៏​ Block វា​ចោល​ទៅ។

 

ចុង​ក្រោយ​ខ្ញុំ​នៅ​តែ​ជា​ខ្ញុំ​ មនុស្ស​បាន​តែ​ដើរ​ crush គេ​​ ហើយ​នាង​ជា​គូ​ដណ្ដឹង​របស់​អ្នក​ផ្សេង។ ដូច្នេះ​មាន​តែ​ជូនពរ​ឱ្យ​អ្នក​ទាំង​ពីរ​រៀបការ​ឆាប់ៗ ស្រឡាញ់​គ្នា​ដល់​ចាស់។

 

 ចុចអាន៖ លួច​ crush គេ​តាំង​ពី​ថ្នាក់​ទី​ ៣ មាន​ដុង​តាំង​ពី​ក្មេង​ហ្មង!

អត្ថបទ៖ មនុស្ស​លួច​ស្រឡាញ់​គេ​

 

មាន​រឿងរ៉ាវចង់ចែករំលែកសូមផ្ញើទៅកាន់ e-mail: [email protected]

ឬទូរសព្ទទៅកាន់លេខ ០១០ ៧០០ ៧២៧