មធ្យោបាយ​សាមញ្ញ ៤ ដើម្បី​ជួយ​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​ជីវិត​ការងារ និង ជីវិត​ឯកជន

១) កំណត់​ការងារ​ដែល​ជា​អាទិភាព

 

បង្កើត​តារាង​ការងារ​ប្រចាំ​ថ្ងៃ​ ដោយ​រៀប​ពី​ការងារ​សំខាន់​បំផុត រហូត​ដល់​ការងារ​មិន​សូវ​សំខាន់ ដែល​រួម​មាន​ទាំង​ការងារ​ក្នុង​កិច្ចការ​ប្រចាំ​ថ្ងៃ ជាមួយ​មិត្តភ័ក្តិ និង គ្រួសារ​ជា​ដើម។ ការ​ចេះ​កំណត់​ការងារ​អាទិភាព​ ជួយ​ធ្វើ​ឲ្យ​អ្នក​ប្រើ​ពេល​វេលា​ចំ​គោលដៅ ទៅ​លើ​រឿង​សំខាន់ៗ​ទាំង​នៅ​ក្នុង​ជីវិត​ការងារ និង ជីវិត​ឯកជន​ផ្ទាល់​ខ្លួន។

 

២) ត្រូវ​រំលឹក​ខ្លួន​ឯង​ឲ្យ​ជាប់​ជា​និច្ច​នូវ​អ្វី​ដែល​បាន​ធ្វើ

 

ពេល​វេលា​គឺ​ដើរ​ទៅ​មុខ​ជា​និច្ច ប្រសិន​បើ​អ្នក​មិន​ចេះ​រំលឹក​ខ្លួន​ឯង​ឡើង​វិញ​នូវ​អ្វី​ដែល​អ្នក​បាន​ធ្វើ​ទេ​នោះ វា​អាច​ធ្វើ​ឲ្យ​អ្នក​ខ្ជះខ្ជាយ​ពេល​ឥត​ប្រយោជន៍។ ប៉ុន្តែ​នូវ​ពេល​ដែល​អ្នក​ចេះ​រំលឹក​ខ្លួន​ឯង​នូវ​អ្វី​ដែល​អ្នក​បាន​ធ្វើ វា​ជួយ​ធ្វើ​ឲ្យ​ប្រសិទ្ធភាព​ការងារ​ប្រចាំ​ថ្ងៃ​កាន់​តែ​កើន​ឡើង​ ហើយ​ជួយ​ធ្វើ​ឲ្យ​បំពេញ​កិច្ច​ការ​ខ្លួន​បាន​រួចរាល់​ទាំង​អស់ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​សល់​ពេល​វេលា​ដើម្បី​ផ្ទាល់​ខ្លួន​ជា​មួយ​គ្រួសារ។

 

៣) មិន​ត្រូវ​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​និយាយ​ពាក្យ​ថា​ ទេ (No)

 

មនុស្ស​មួយ​ចំនួន​មាន​ភាព​លំបាក​ក្នុង​ការ​និយាយ​ថា​ទេ ដោយ​ពេល​ខ្លះ​ពួក​គេ​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​ដទៃ​សប្បាយ​ចិត្ត​ប៉ុណ្ណោះ​ ប៉ុន្តែ​ជា​លទ្ធផល​ វា​បាន​ផ្តល់​ផល​ប៉ះពាល់​ដល់​ការងារ​របស់​អ្នក និង ពេល​វេលា​ឯកជន​របស់​អ្នក​ទៀត​ផង។ នៅ​មុន​ដំបូង​អ្នក​នឹង​អាច​មាន​ការ​លំបាក​ក្នុង​ការ​បដិសេធ​នរណា​ម្នាក់​ ប៉ុន្តែ​អ្នក​នឹង​មាន​ភាព​កាន់​តែ​ស្រួល​នៅ​ពេល​ដែល​អ្នក​មើល​ឃើញ​ថា ការ​និយាយ​ ទេ របស់​អ្នក​វា​កាន់​តែ​ធ្វើ​ឲ្យ​ ប្រសិទ្ធភាព​ការងារ​អ្នក​កើន​ឡើង និង មិន​ធ្វើ​ឲ្យ​អ្នក​ខ្ជះខ្ជាយ​ពេល​ឥត​ប្រយោជន៍​ចំពោះ​រឿង​ទាំង​នោះ។

 

៤) មិន​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ជាប់​ជំ​ពាក់​ជាមួយ​ការងារ​ឡើយ ពេល​អ្នក​កំពុង​ចំណាយ​ពេល​ជា​មួយ​គ្រួសារ ឬ ចំណាយ​ពេល​ផ្ទាល់​ខ្លួន

 

នៅ​ពេល​ដែល​អ្នក​ចំណាយ​ពេល​សម្រាក​ផ្ទាល់​ខ្លួន​តែ​ម្នាក់​ឯង ឬ ជាមួយ គ្រួសារ អ្នក​ត្រូវ​តែ​ព្យាយាម​កាត់​ផ្តាច់​ខ្លួន​ឯង​ចេញ​ពី​ការងារ​ ព្រោះ​អ្នក​ត្រូវ​ដឹង​ថា​គុណភាព​នៃ​ពេល​វេលា​មិន​អាស្រ័យ​ ថា​អ្នក​មាន​ពេល​ច្រើន​ប៉ុណ្ណោះ​នោះ​ទេ គឺ​វា​អាស្រ័យ​លើ​អ្នក​ចេះ​ប្រើ​ពេល​នោះ​ឲ្យ​មាន​តម្លៃ​ដោយ​របៀប​ណា​។ នៅ​ពេល​ដែល​អ្នក​អាច​ចំណាយ​ពេល ៣០ នាទី​ជាមួយ​គ្រួសារ​បង្កើត​នូវ​ភាព​រីករាយ វា​ប្រសើរ​ជាង​អ្នក​ចំណាយ​ពេល ៣ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ក្នុង​ការ​អង្គុយ​ឆែក​សារ​អេឡិចត្រូនិក និង ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន ដែល​មិន​ចំ​គោល​ដៅ​នោះ​ឡើយ។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន​Source: entrepreneur.com