កើត​តណ្ហា​ខ្លាំង ចាប់​នាង​រំលោភ​ពេល​ឱ្យ​ជូន​ទៅ​រក​ប្តី​

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត ធ្វើការ​ឃាត់ខ្លួន​ដោយ​តាម​ពាក្យបណ្តឹង ពាក់​ព័ន្ធ​ពី​បទ​ចាប់រំលោភ​ប្រពន្ធ​របស់​មិត្តភក្តិ​នៅ​តាម​ដងផ្លូវ កាលពី​ម៉ោង​០៩ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ មីនា ២០១៦ ស្ថិត​នៅ​ក្នុងភូមិ​ទំនប់​​​ក​៥ សង្កាត់​ប៉ោយ​ប៉ែ​ត ខណៈ​ជនសង្ស័យ​ដឹក​នារី​រង​គ្រោះ ដើម្បី​ទៅ​រក​ប្តី ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​អឿ សុភា អាយុ​៣១​ឆ្នាំ ស្នាក់​នៅ​ភូមិ​ចាន់គិរី សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ ចំណែក​នារី​រង​គ្រោះ​អាយុ​១៧​ឆ្នាំ ជា​មេផ្ទះ ។

ប្រភព​ពី​សមត្ថកិច្ច​ថា ការ​ឃាត់ខ្លួន​នេះ គឺ​បន្ទាប់​ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​ចាប់​នារី​ម្នាក់​រំលោភ​បាន​សម្រេច​នៅ​តាម​ផ្លូវ ខណៈ​ដឹក​នារី​រង​គ្រោះ​តាម​ម៉ូតូ​ទៅ​រក​ប្តី ។ ថ្ងៃ​កើតហេតុ​នោះ ជនសង្ស័យ​និង​ប្តី​នារី​រង​គ្រោះ​បាន​ផឹកស៊ី​ជុំ​គ្នា​នៅផ្ទះ លុះ​ស្រវឹង​បុរស​ជា​ប្តី​បាន​ខ្ចី​ម៉ូតូ​ជនសង្ស័យ​ចេញ​ទៅ​ក្រៅ ។ ដោយ​ម៉ូតូ​បែក​កង់ ប្តី​ក៏​បណ្តើរ​ម៉ូតូ​ត្រឡប់​មក​វិញ​សុំ​ប្រាក់​ប្រពន្ធ​ទៅ​ដូរ​ពោះវៀន​ម៉ូតូ​ឱ្យ​មិត្តភក្តិ ។ លុះ​ប្រពន្ធ​មិន​ឱ្យ ទើប​បុរស​ជា​ប្តី​ខឹង ក៏​ទាញ​កង់​ជិះ​ចេញ​ទៅ​បាត់ ។

ដោយ​បាត់​ប្តី​យូរ​ពេក មិនឃើញ​ត្រឡប់​មក​វិញ ក៏​ពឹង​ជនសង្ស័យ​ឱ្យ​ជូន​ទៅ​រក​ប្តី​នៅផ្ទះ​ម្តាយ​របស់​នាង ។ ដឹង​អី ដឹក​ដល់​កណ្តាលផ្លូវ ត្រូវ​ជនសង្ស័យ​ឆក់​ឱកាស​ចាប់រំលោភ​បាន​សម្រេច រួច​ដឹក​មក​ផ្ទះ​វិញ​។

នារី​រង​គ្រោះ​ពេល​ឃើញ​ប្តី ក៏​បាន​រៀបរាប់​ប្រាប់​តាម​ដំណើររឿង ក៏​រាយការណ៍​ប្រាប់​មេ​ភូមិ​ឱ្យ​ជួយ​អន្តរាគមន៍ ឈាន​ដល់​ការ​ឃាត់ខ្លួន​តែ​ម្តង ។