រឿង​លុយ​១​ម៉ឺន​រៀល ! ប្តី​ដេក​ប៉ុស្តិ៍ ប្រពន្ធ​ដេកពេទ្យ

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​ប៉ុស្តិ៍ ចំណែក​ឯ​ប្រពន្ធ​វិញ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ព្រោះតែ​រឿង​លុយ​១​ម៉ឺន​រៀល ។

ប្រភព​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រលប់​ថ្ងៃ​ទី​៣១ មីនា ២០១៦ បុរស​ចិត្ត​ក្តៅ​ម្នាក់​បាន​ទាញ​បំពង់​ទីប​វាយ​ទៅ​លើ​ប្រ​ព​ន្ឋ​បណ្តាល​អោយរ​ងរ​បួស​ជា​ទម្ងន់ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ​ព្រោះតែ​ខឹង​​សុំ​លុយ​១​ម៉ឺន​រៀល​យក​ទៅ​ផឹកស្រា​មិន​បាន ឯ​បុរស​ជា​ប្តី​ត្រូវ​សមត្ថ​កិ​ឃាត់ខ្លួន ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា បុរស​ជា​ប្តី​ឈ្មោះ សយ ប៊​ន អាយុ​៣៩​ឆ្នាំ ចំណែក​ប្រពន្ធ​ឈ្មោះ ញន ថន អាយុ​៤០​ឆ្នាំ ។ គ្រួសារ​នេះ​រស់នៅ​ភូមិ​ថ្មី ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​បានអោយ​ដឹង​ថា បុរស​រូប​នេះ​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​ប្រ​ព​ន្ឋ​ដោយ​យក​ដែក​បំពង់​ទីប​វាយ​ទៅ​លើ​ប្រ​ព​ន្ឋ​បណ្តាល​អោយរ​ងរ​បួស​ជា​ទំងន់ ហើយ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ក្រោយ​កើតហេតុ​ភ្លាម​ៗ ។ មូលហេតុ​ដែល​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា​នេះ គឺ​ព្រោះតែ​ជនសង្ស័យ​ខឹង​សុំ​លុយ​ប្រពន្ធ​១​ម៉ឺន​រៀល​យក​ទៅ​ផឹកស្រា​មិន​បាន ។

ក្រោយ​សមត្ថកិច្ច​ឃាត់ខ្លួន ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ប្រព្រឹត្ត​ហិង្សា​លើ​ប្រ​ព​ន្ឋ​មែន ព្រោះតែ​រូបគេ​ស្រវឹងស្រា និង​ខឹង​រឿង​សុំ​លុយ​មិន​បាន ។

នៅ​ព្រឹក​ថ្ងៃ​ទី​០១​មេ​សា​នេះ ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជន​នេះ​ទៅ​កាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕