ព្រឹត្តិការណ៍​អន្តរជាតិ​សំខាន់ៗ​ប្រចាំ​ថ្ងៃ​កើត​មាន​ឡើង​នៅ​ជុំវិញ​ពិភពលោក​សម្រាប់​ថ្ងៃ​ទី ០១ មេសា

១) តុលាការ​ប្រទេស ប៊ែលហ្សិក ថ្លែង​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ជន​សង្ស័យ​ដែល​ជាប់ ទាក់ទង​នឹង​ការ​វាយប្រហារ​នៅ​ប៉ារីស Salah Abdeslam អាច​នឹង​ត្រូវ​ធ្វើ​បត្យាប័ន​ទៅ​ឲ្យ​ប្រទេស​បារាំង នេះ​បើ​តាម​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​រដ្ឋ VRT។

 

២) ប្រទេស កូរ៉េខាងជើង បាន​បង្ហាញ​ពី​ការ​បាញ់​មីស៊ីល​ចូល​សមុទ្រ​ភាគ​ខាង​កើត​សាជាថ្មី​ទៀត នៅ​ថ្ងៃ​សុក្រ​នេះ ពោល​គឺ​មួយ​ម៉ោង​បន្ទាប់​ពី​មេដឹកនាំ របស់​កូរ៉េខាងត្បូង ជប៉ុន និង អាមេរិក ព្រមាន​ក្រុង​ព្យុងយ៉ាង​ឲ្យ​បញ្ឈប់​សកម្មភាព​បង្ក​ហេតុ​របស់​ខ្លួន។

 

៣) ខ្មាន់​កាំ​ភ្លើង​ម្នាក់​ត្រូវ​បាន​ប៉ូលិស​បាញ់​សម្លាប់ បន្ទាប់​ពី​ជន​សង្ស័យ​រូប​នេះ​បាន​បាញ់​តដៃ​ជាមួយ​ប៉ូលិស នៅ​ស្ថានីយ​រថយន្ត​ក្រុង ក្នុង​រដ្ឋ Virginia ដែល​បណ្តាល​ឲ្យ​ មនុស្ស​៣ នាក់​រង​របួស នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ។

 

៤) រថយន្ត​បំផ្ទុះ​គ្រាប់​បែក​មួយ​បាន​សម្លាប់​ប៉ូលិស ទួរគី​ចំនួន​ ៤ នាក់ និង ធ្វើ​ឲ្យ​មនុស្ស ២០ នាក់​ផ្សេង​ទៀត​រង​របួស នៅ​ភាគ​ខាង​ត្បូង​ទីក្រុង Diyarbakir នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ។

 

៥) ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ការ​បាក់​ស្ពាន​អាកាស​ដែល​កំពុង​សាងសង់​នៅ​ប្រទេស ឥណ្ឌា​បាន​កើន​ដល់ ២៣ នាក់​ហើយ​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ បន្ទាប់​ពី​ការ​ជួយ​សង្គ្រោះ​ធ្វើ​ឡើង​អស់​ពេញ​មួយ​យប់​ ដើម្បី​យក​កម្មករ​ចេញ​ពី​គំនរ​បាក់​បែក។

 

៦) ក្រុម​និស្សិត និង កម្មករ បាន​ប៉ះ​ទង្គិច​គ្នា​នៅ​​ក្នុង​ទីក្រុង​មួយ​ចំនួន​នៅ​ប្រទេស​បារាំង នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ពួក​គេ​បាន​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​ លើ​រឿង​កំណែ​ទម្រង់​ច្បាប់​ការងារ​ថ្មី។

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com, channelnewsasia.com