គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​៣១​មីនា​ កើតឡើង​១៤​លើក​​

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​៣១​មីនា​ កើតឡើង​១៤​លើក​​



ភ្នំពេញ​ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​១៤​លើក ក្នុង​នោះ​យប់​៧​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៧​នាក់ (ស្រី១​នាក់) រង​របួស​ធ្ងន់​១៥​នាក់ (ស្រី៥​នាក់) និង​របួសស្រាល​៩​នាក់ (​ស្រី​១​នាក់)។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៤​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​២៤​គ្រឿង​រួមមាន ម៉ូតូ​ចំនួន​១៣​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៧​គ្រឿង រថយន្ត​ធុន​ធំ​ចំនួន​៣​គ្រឿង និង​យាន​ផ្សេងៗ ចំនួន​១​គ្រឿង។

ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​រួមមាន ល្មើស​ល្បឿន​៨​លើក ,​ស្រវឹង​២​លើក ,​ប្រជែង​គ្រោះថ្នាក់​២​លើក និង​កត្តា​យាន​យន្ត​១​លើក។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​១១​នាក់ (យប់​២​នាក់)។​ គ្រោះ​ថ្នាក់លើ​ដង​ផ្លូវ​រួមមាន ផ្លូវជាតិ​ចំនួន​៤​លើក និង​ផ្លូវ​ខេត្ត​/​ក្រុង ចំនួន​២​លើក។ យានយន្ត​បង្កហេតុ​រួមមាន ម៉ូតូ​៧​លើក រថយន្ត​ធុន​តូច​៥​លើក និង​រថយន្ត​ធុន​ធំ​២​លើក។

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​បន្ត​ទៀត​បាន​ឲ្យ​ដឹង​ថា ខេត្ត/រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន​រួមមាន ខេត្ត​កណ្តាល​១​លើក ស្លាប់​៣​នាក់ (ស្រី១​នាក់) ខេត្ត​ព្រៃវែង​១​លើក ស្លាប់​២​នាក់ ខេត្ត​រតនគីរី​១​លើក ស្លាប់​១​នាក់ របួស​៣​នាក់ (ស្រី១​នាក់) ខេត្ត​ត្បូងឃ្មុំ​១​លើក ស្លាប់​១​នាក់ និង​ខេត្ត​ព្រះសីហនុ​៣​លើក របួស​១១​នាក់ (ស្រី​៤​នាក់)។

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៦ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន​ចំនួន​៥.៨៧២​គ្រឿង ក្នុង​នោះ​បាន​ធ្វើ​ការអប់រំ​ចំនួន​២.៦៨២​គ្រឿង និង​ពិន័យ​សរុប​៣.១៩០​គ្រឿង៕
គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​៣១​មីនា​ កើតឡើង​១៤​លើក​​