អាង​ខ្លួន​ជា​មន្ត្រី​យោធា​ ប្រឹង​ទាមទារ​យកឈ្នះ​ ដោយ​បំពាន​ផ្លូវច្បាប់

អាង​ខ្លួន​ជា​មន្ត្រី​យោធា​ ប្រឹង​ទាមទារ​យកឈ្នះ​ ដោយ​បំពាន​ផ្លូវច្បាប់



បាត់ដំបង​ ៖​ មន្ត្រី​យោធា​ម្នាក់​ ឋានៈ​ជា​វរសេនីយ៍​ បាន​ប្រឹងប្រែង​ទូរស័ព្ទ​ឆ្វេច​ឆ្វាច​ដើម្បី​សុំ​ការ​អន្តរាគមន៍​ ​ខណៈ​ដែល​រូប​លោក​បាន​បើកបរ​រថយន្ត​បំពាន​ទៅ​លើ​រថយន្ត​មួយ​គ្រឿង​ទៀត​ ហើយ​បែរជា​ទាមទារ​យក​ត្រូវ​ទៅ​វិញ​ បើ​ទោះបី​ជា​មាន​ការ​សុំ​សម្របសម្រួល​ពី​សំណាក់​ភាគី​ម្ខាង​ទៀត​ដែល​ឈរ​នៅ​លើ​ផ្លូវ​ត្រូវ​ក៏ដោយ ​ក៏​គេ​មិន​សុខ​ចិត្ត​ដែរ​ សំខាន់​គឺ​គេ​ថា មិន​ខ្វះ​រថយន្ត​ជិះ​នោះ​ទេ ​ចង់​យក​ទៅ​ទុក​នៅ​ចរាចរណ៍​៥​ឆ្នាំ​ក៏ដោយ។

តាម​សម្ដី​របស់​ប្រជាពលរដ្ឋ​បាន​និយាយ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១០​និង​៤៥​នាទី ​ ព្រឹក​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ក្បាល​ស្ពាន​​បគរត្រើយ​ខាងកើត ស្ថិត​ក្នុង​ភូមិ​វត្តតាមឹម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្ត បាត់ដំបង​ រវាង​រថយន្ត​ម៉ាក​CRV ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ​2A-1864 ដែល​បើកបរ​ដោយ​មន្ត្រី​យោធា​ម្នាក់​ឋានៈ​ជា​វរសេនីយ៍ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ហើយ​បម្រុង​បត់​ឆ្លង​ស្ពាន​ទៅ​ទិស​ខាងលិច​ ជាមួយ​នឹង​រថយន្ត​ម៉ាក FUSO ពាក់​ស្លាក​លេខ​តាកែវ​3A-0583 ដោយមាន​ដឹក​ខ្សាច់ បើកបរ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥៧។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ពេល​ ដែល​រថយន្ត​ធំ​ដឹក​ខ្សាច់​មក​ជិត​ដល់​ក្បាលស្ពាន ​ក៏​ស្រាប់តែ​មាន​រថយន្ត​តូច​បាន​អើត​ក្បាល​ចូល​ទៅ​លើ​ផ្លូវ​ជាតិ​នៅ​ត្រង់​ចំណុច​ក្បាលស្ពាន​ធ្វើ​ឲ្យ​រថយន្ត​ធំ​កៀរ​ដាច់​កាង​មុខ​ ធ្លាក់​ទៅលើ​ផ្លូវ ហើយ​ភ្លាមៗ​នោះ​ដែរ​រថយន្ត​ធំ​ក៏​មិនបាន​រត់លូន​ទៅណា​ដែរ គឺ​គេ​រង់ចាំ​សមត្ថកិច្ច​ចុះ​មក​ធ្វើការ​ដោះស្រាយ។

ដោយឡែក​ខាង​រថយន្ត​តូច​ ដែល​បើកបរ​ដោយ​មន្ត្រី​យោធា​នោះ​បាន​ទូរស័ព្ទ​ឆ្វេ​ច​ឆ្វាចដើម្បី​ស្វែងរក​ការ​អន្តរាគមន៍​ឲ្យ​ខ្លួន​បាន​ឈ្នះ គឺ​នៅ​ពេល​នោះ​ដែរ​ទាំង​សមត្ថកិច្ច​ស្រុក​ ក៏ដូចជា​សមត្ថកិច្ច​ខេត្ត​បាន​ចុះ​មកដល់​មែន ប៉ុន្តែ​មន្ត្រី​ប៉ូលិស​បាន​ឲ្យ​យោបល់​ដែរ​ថា​ រថយន្ត​តូច​នេះ​គឺ​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​បាត់​សិទ្ធិ ដូច្នេះ​វា​គឺជា​កំហុស​ទៅ​ហើយ​ ដែល​យើង​បាន​លូន​ចូល​ទៅលើ​ផ្លូវជាតិ ​ដោយ​បំពាន​លើ​ផ្លូវ​ធំ។

នៅ​ពេល​នោះ​ដែរ គេ​​សង្កេត​ឃើញ​លោក​មន្ត្រី​យោធា​រូប​នោះ​បាន​ផ្លែ​សម្តី​ទៅ​ឲ្យ​សមត្ថកិច្ច​ចរាចរណ៍​ថា ចង់​យកទៅ​រក្សាទុក​៥​ឆ្នាំ​ក៏​គេ​មិន​អត់​រថយន្ត​ជិះ​ដែរ តែ​ធ្វើ​យ៉ាងម៉េច​ឲ្យ​តែ​ខ្លួន​ឈ្នះ គឺ​មានន័យថា​រថយន្ត​ខូច​ប៉ុណ្ណា​ត្រូវ​ឲ្យ​ភាគី​រថយន្ត​ធំ​ជួសជុល​ឲ្យ​ទាំងស្រុង។

បញ្ហា​នេះដែរ​ក៏​មានមតិ​ជាច្រើន​បានធ្វើការ​រិះគន់​ទៅលើ​មន្ត្រី​យោធា​រូបនេះ ដោយសារតែ​អាង​ខ្លួន​មានបុណ្យ​សក្តិ និង​មានអំណាច ដូច្នេះ​បើ​សមត្ថកិច្ច​មិនមាន​ចំណាត់​ការ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ទេ​នោះ ប្រាកដជា​ច្បាប់​គ្មាន​តម្លៃ​នោះ​ទេ​ទៅ​ថ្ងៃ​អនាគត ដោយសារតែ​គេ​យក​បុគ្គល​ធំ​ជាង​ច្បាប់៕

អាង​ខ្លួន​ជា​មន្ត្រី​យោធា​ ប្រឹង​ទាមទារ​យកឈ្នះ​ ដោយ​បំពាន​ផ្លូវច្បាប់