ប្រវត្តិ​ នៃ​ការ​ចោះ​ត្រចៀក​កូនស្រី

ប្រវត្តិ​ នៃ​ការ​ចោះ​ត្រចៀក​កូនស្រី



ភ្នំពេញ ៖ ពី​សម័យ​បុរាណកាល​មក ​ទំនៀមទម្លាប់​របស់​ដូនតា​ខ្មែរ​យើង​ គឺ​តម្រូវ​ឲ្យ​កូន​ស្រីៗ​ចាំបាច់​ត្រូវតែ​ចោះ​ត្រចៀក​គ្រប់គ្នា​សម្រាប់​ពាក់​គ្រឿងអលង្ការ​ផ្សេងៗ​មាន​ដូចជា ក្រវិល កាវ កបិត​(​ទុំហូ​)​ជា​ដើម។ ប្រពៃណី​នៃ​ការ​ចោះ​ត្រចៀក​ដើម្បី​ពាក់​ក្រវិល​នេះ​ដែរ​ យើង​ឃើញ​មាន​រហូតដល់​សម័យកាល​បច្ចុប្បន្ន​នេះ ហើយ​ក៏​មាន​តឹកតាង​បង្ហាញ​ជូន​ផង​ដែរ​ដូចជា​ រូប​ស្រី​ទេពអប្សរ​នា​សតវត្ស​ទី​១០​ នៅ​ជញ្ជាំង​ប្រាសាទ​បន្ទាយស្រី។

ប្រវត្តិ​ នៃ​ការ​ចោះ​ត្រចៀក​កូនស្រី​នេះ​ដែរ​ មានរឿង​ព្រេង​មួយ​បាន​តំណាល​ថា អស់​កាល​ដ៏​យូរយារ​ណាស់​មក​ហើយ ​មាន​កុដុម្ពី​ម្នាក់​ជា​អ្នកមាន​ទ្រព្យ​ស្ដុក​ស្ដម្ភ​មាន​បាវបម្រើ​ស្រី​/ប្រុស​ជាច្រើន បន្ទាប់ពី​មាន​មាសប្រាក់​មិន​ខ្វះ​នោះ កុដុម្ពី​នោះ​ក៏​ចាប់ផ្ដើម​មានចិត្ត​ក្បត់​នឹង​ភរិយា​របស់​ខ្លួន​ទៅ​មាន​សហាយស្មន់​នឹង​ស្រី​បម្រើ​របស់​ខ្លួន​ម្នាក់។

មិនយូរប៉ុន្មាន​ ប្រពន្ធដើម​ក៏បាន​ដឹង​រឿង​ តែ​មិន​ដឹង​ធ្វើ​យ៉ាងម៉េច​ទើប​ធ្វើ​បាប​ខ្ញុំបម្រើ​ស្រី​នោះ​បាន លុះ​ថ្ងៃមួយ​កុដុម្ពី​នោះ​ មានដំណើរ​ទី​ស្រុក​ឆ្ងាយ​ពេញ​មួយថ្ងៃ​ ប្រពន្ធដើម​មានឱកាស​ ក៏​នាំ​ទាសី​ដទៃ​ទៀត​ទៅ​ចាប់​នាង​ស្រី​ជា​សហាយ​របស់​ប្តី​នោះ​វាយ​ធ្វើបាប​ និង​យក​ដែកគោល​មក​បោះ​ត្រង់​ចុង​ស្លឹកត្រចៀក​ទាំងពីរ​របស់​នាង​នោះ ​រួច​ទុកចោល​នៅ​លើ​ផ្ទះ​នោះ​ទៅ។

រឿងរ៉ាវ​បាន​តំណាល​បន្ត​ថា ក្នុង​គ្រា​ដែរ ​កុដុម្ពី​ត្រឡប់មកវិញ​ឃើញ​ដូច្នោះ ​ក៏​សួរ​ទៅ​នាង​សហាយ​នោះ​ថា ​យ៉ាងម៉េច​បានជា​គេ​យក​ដែកគោល​បោះ​ស្លឹកត្រចៀក​អូន​ដូច្នេះ រួច​នាង​នោះ​ក៏​ឆ្លើយ​តាម​ដំណើរ​សព្វគ្រប់។ ពេលនោះ​ប្តី​ក៏​ដក​ដែកគោល​ចេញ​រក​ថ្នាំលាប​ស្រួលបួល​ ហើយ​ឲ្យ​ទៅ​នៅផ្ទះ​មួយ​ឆ្ងាយ​ពី​គេ ពោល​គឺ​ចាប់​តាំងពី​ថ្ងៃ​នោះ​មក​ នាង​ជា​សហាយ​មាន​សេចក្ដី​អៀនខ្មាស​គេ​ជា​ច្រើន ពីព្រោះ​ត្រចៀក​ខ្លួន​មាន​ស្នាម​ប្រហោង ដោយ​នាង​ចេះតែ​និយាយ​នឹង​ប្តី​ថា ឲ្យ​ជួយ​ធ្វើ​យ៉ាង​ណា​ឲ្យ​បាត់​ស្នាម​ប្រហោង​ត្រចៀក​នេះ​ផង។ កុដុម្ពី​ បាន​ធានា​ថា​នឹង​រក​មធ្យោបាយ​ធ្វើ​ឲ្យ​បាត់​ស្នាម​ហើយ​ឲ្យ​បាន​ល្អ​ទៀត​ផង លុះ​នៅ​យប់​មួយ​ កុដុម្ពី​ដេក​សញ្ជឹងគិត​ឃើញ​ថា​ បើ​អញ​យក​មាស​ទៅ​ឲ្យ​ជាង​រចនា​ធ្វើជា​របស់​អ្វីមួយ​មាន​របៀប​ដូចជា​ដែកគោល​ហើយ​យក​មក​ឲ្យ​នាង​ពាក់​បិត​ត្រង់​រន្ធ​នោះ​ប្រហែលជា​ស្អាត។

នៅ​ពេល​គិត​រួចហើយ​ កុដុម្ពី​ ក៏​ចាត់​ឲ្យ​ជាង​ធ្វើ​បាន​ដូច​បំណង​ ដោយ​បង្គាប់​ឲ្យ​ធ្វើ​មាន​កញ្ចាំង​ដាំ​ត្បូង​ពេជ្រ​រំលេច​ដោយ​ក្បាច់រចនា​យ៉ាង​វិចិត្រ​គួរ​ឲ្យ​ចង់បាន។ នាង​ជា​សហាយ​កុដុម្ពី​ ក្រោយពី​បាន​ពាក់​ដែកគោល​មាស​ដាំ​ត្បូង​ពេជ្រ​ហើយ ក៏​ឃើញថា​មាន​សម្រស់​ប្លែក​ នាំ​ឲ្យ​នាង​មានចិត្ត​រីករាយ​យ៉ាង​ក្រៃលែង បន្ទាប់មក​នាង​ប្រពន្ធដើម​បានឃើញ​ត្រចៀក​នាង​សហាយ​របស់​ប្តី​មាន​ពន្លឺ​ភ្លឺ​ផ្លេកៗ​គួរ​ឲ្យ​ស្រឡាញ់ ​ក៏​សួរ​នាង​នោះ​ថា​នាង​បាន​អ្វី​មក​ពាក់​នៅ​ត្រចៀក​នោះ​ក៏​ល្អល្អះ​ម្ល៉េះ រួច​នាង​ក៏​ឆ្លើយ​ថា​ខ្ញុំ​ពាក់​ដែកគោល​ដាំ​ត្បូង​ពេជ្រ​ជំនួស​ដែកគោល​ដែល​នាង​បោះ​កាលពី​ថ្ងៃមុន។

នៅ​ពេល​ដែល​ប្រពន្ធ​ដើម​កុដុម្ពី​បាន​ឮ​ដូច្នេះ​ ក៏​រក​មធ្យោបាយ​ចោះ​ត្រចៀក​ខ្លួន ​ហើយ​ឲ្យ​ជាង​ធ្វើ​មាស​ដាំ​ត្បូង​ពេជ្រ​ពាក់​ដូច​នាង​ប្រពន្ធចុង​ដែរ លុះ​ចាប់តាំងពី​ពេល​នោះមក ​ស្រីៗ​ទៀត​ក៏​នាំគ្នា​ចោះ​ត្រចៀក​កូនស្រី​តាំងពី​នៅ​តូច​ ដើម្បី​ទុក​សម្រាប់​ពាក់​គ្រឿង​អលង្ការ​ផ្សេងៗ​ជាប់​រហូតដល់​សព្វថ្ងៃ​នេះ។​

គួរ​បញ្ជាក់​ជូន​ឲ្យ​ដឹង​ដែរ​ថា នៅ​ក្នុង​សម័យកាល​ទំនើប​បច្ចុប្បន្ន​នេះ​ យើង​សង្កេត​ឃើញ​ថា​ ការ​ចោះ​ត្រចៀក​ត្រូវ​បាន​គេ​ធ្វើឡើង​ទាំង​បុរស ​និង​ស្ត្រី​ ដែល​ខុសប្លែក​ពី​សម័យកាល ​នៃ​បុព្វបុរស​ខ្មែរ​យើង​រាប់​រយ​ឆ្នាំមុន ​គឺ​ទំនៀមទម្លាប់​នៃ​ការ​ចោះ​ត្រចៀក​ ដើម្បី​ពាក់​ក្រវិល​នេះ​ គឺ​តម្រូវ​ឲ្យ​មានតែ​ទៅ​លើ​ចំពោះ​កូន​ស្រីៗ​តែប៉ុណ្ណោះ ដោយឡែក​កូនប្រុស​គេ​មិន​តម្រូវ​ឲ្យ​ចោះ​ត្រចៀក​នោះ​ទេ​៕​