រោង​កញ្ចុះ​ មាន​ដាក់​លក់​ចល័ត​ ទៅតាម​បណ្ដា​ខេត្ត​

រោង​កញ្ចុះ​ មាន​ដាក់​លក់​ចល័ត​ ទៅតាម​បណ្ដា​ខេត្ត​



ភ្នំពេញ ៖ រោង​កញ្ចុះ​ធ្វើ​ពី​ដើម​ឫស្សី​ប្រក់​ស្បូវ ដែល​ធ្លាប់តែ​សង់​នៅ​នឹង​កន្លែង​មាន​តាម​ភោជនីយដ្ឋាន និង​រមណីយដ្ឋាន។ ឥឡូវ​បាន​កែប្រែ​ការ​សង់​រោង​កញ្ចុះ​នេះ​ដោយ​អាច​លើក​ចល័ត​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយទៀត​បាន ទោះ​ឆ្ងាយ ​ឬ​ជិត​ក៏ដោយ។ រោង​កញ្ចុះ​នេះ ​ត្រូវ​បាន​ម្ចាស់​សិប្បកម្ម​ដាក់​តាំង​លក់​នៅ​ក្រៅ​បរិវេណ​វិទ្យាល័យ​ហ៊ុនសែន​តាខ្មៅ កាលពី​កន្លងទៅ​ថ្មីៗ​នេះ។
​ ​
រោង​កញ្ចុះ​ពី​ដើម​ឫស្សី (​ក្នុង​រូបភាព​) តាម​ការ​បញ្ជាក់​ពី​ស្ត្រី​ជា​ម្ចាស់​សិប្បកម្ម ឲ្យ​ដឹង​តាមរយៈ​ទូរស័ព្ទ​ដែល​ដាក់​លក់​ភ្ជាប់​ទៅ​នឹង​កញ្ចុះ​នោះ​ថា រោង​កញ្ចុះ​មួយ​អាច​ចំណាយ​ពេល​ធ្វើ​អស់​រយៈពេល​៥​ថ្ងៃ​ដោយ​លក់​ចេញ​បាន​ជាង​៣០០​ដុល្លារ​ដែរ​។ តាម​ការពិនិត្យ​មើល​ពី​ខាងក្រៅ​រោង​កញ្ចុះ​មាន​សណ្ឋាន​រាង​មូល​ប្រើប្រាស់​ពី​ដើម​ឫស្សី និង​មាន​ប្រក់​ស្បូវ​ ដែល​អាច​ផ្ទុក​មនុស្ស​អង្គុយ​បាន​ចំនួន​៨​នាក់​ទៅ​១០​នាក់។ រោង​កញ្ចុះ​នេះ​ ផលិត​ឡើង​ចេញពី​ស្នាដៃ​សិប្បកម្ម​ក្នុងស្រុក​ដោយ​ផលិត​តម្រូវ ទៅតាម​ការ​កុម្ម៉ង់ មិន​សំដៅ​សង់​មួយ​កន្លែង​នោះ​ទេ ពោល​គឺ​អាច​ចល័ត​លើក​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​បាន​ដោយ​ងាយស្រួល​បំផុត។

ម្ចាស់​សិប្បកម្ម​ដដែល​បន្ត​ថា រោង​កញ្ចុះ​ចល័ត​នេះ​ មាន​សារប្រយោជន៍​បម្រើ​ដល់​ភោជនីយដ្ឋាន​ធំៗ និង​កន្លែង​កម្សាន្ត​មាន​រមណីយដ្ឋាន​នានា​ផង​ដែរ ដែល​ទាក់ទាញ​ភ្ញៀវ​ក្នុងស្រុក ក្នុង​នោះ​ក៏​មានការ​កុម្ម៉ង់​ទៅតាម​ខេត្តព្រៃវែង ស្វាយរៀង បាត់ដំបង​ជាដើម ដោយ​តម្លៃ​លក់​ចេញ​ក៏​គិត​ទៅតាម​ការ​ដឹក​ជញ្ជូន​ឆ្ងាយ ឬ​ជិត​ផង​ដែរ។ របៀប​បច្ចេកទេស​សាងសង់ រោង​កញ្ចុះ​អាច​លើក​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​បាន​គឺ​ក្នុង​រយៈ​ឆ្នាំ​ចុង​ក្រោយនេះ​ជា​របៀប​រក​ស៊ី​ថ្មី​ និង​ទំនើប​ជាង​មុន​ដោយ​អតិថិជន​ជា​ម្ចាស់​ភោជនីយដ្ឋាន ឬ​តាម​កន្លែង​កម្សាន្ត​នានា មិន​ចាំបាច់ ចំណាយ​ជួល​ជាង​ឲ្យ​ធ្វើ​ដល់​កន្លែង​នោះ​ឡើយ គឺ​គ្រាន់តែ​តថ្លៃ​គ្នា​ត្រូវ​ហើយ​ម្ចាស់​សិប្បកម្ម​អាច​សម្រួល​ទៅលើ​ការ​ដឹកជញ្ជូន​ឲ្យ​ទៅ​ដល់​គោល​ដៅ​ដែល​ខ្លួន​ចង់បាន​ភ្លាម​ដែរ៕

រោង​កញ្ចុះ​ មាន​ដាក់​លក់​ចល័ត​ ទៅតាម​បណ្ដា​ខេត្ត​