ជនបរទេស​ម្នាក់​​ ស្លាប់​នៅ​ក្នុង​ផ្ទះ​សំណាក់​​ឡើង​ធំ​ក្លិន​ ទើប​គេ​ដឹង

ជនបរទេស​ម្នាក់​​ ស្លាប់​នៅ​ក្នុង​ផ្ទះ​សំណាក់​​ឡើង​ធំ​ក្លិន​ ទើប​គេ​ដឹង



កំពត​ ៖ ​ជន​បរទេស​ ចំណាស់​ម្នាក់​ បាន​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ស្នាក់​នៅ ​ផ្ទះ​សំណាក់​មាន​ឈ្មោះ​ខេមរា ស្ថិត​ក្នុង​ភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត ដោយ​គ្មាន​អ្នកណា​ដឹង លុះ​អ្នក​សំអាត​អនាម័យ​ឡើង​ទៅ​សំអាត​បន្ទប់​ធុំ​ក្លិន​ស្អុយ​ទើប​ដឹង​ថា ​មាន​មនុស្ស​ស្លាប់​នៅ​ក្នុង​បន្ទប់​ក៏​ផ្អើល​ឆោឡោ​ឡើង ហើយ​ម្ចាស់ផ្ទះ​ក៏បាន​ទូរស័ព្ទ​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​មក​ពិនិត្យ​សាកសព។ ហេតុការណ៍​នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​ព្រឹក ​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០១៦ ​ស្ថិតនៅ​ចំណុច​ភូមិ​សង្កាត់​ខាង​លើ។

បើ​តាម​ស្ត្រី​ឈ្មោះ​រ័ត្ន ធីតា ជា​ម្ចាស់ផ្ទះ​សំណាក់​បាន​ឲ្យ​ដឹង​ថា ​ជនបរទេស​រូប​នេះ​ ជា​ជនជាតិ​អាមេរិកាំង ​មាន​ឈ្មោះ ROBERTS JOKENT​ កើត​ថ្ងៃ​ទី​២៨​ ខែ​វិច្ឆិកា ឆ្នាំ​១៩៤២ ​កាន់​លិខិត​ប៉ាសស្ព័រ​លេខ​430033305 ចូល​មក​ស្នាក់នៅ​កាលពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៦។

ម្ចាស់ផ្ទះ​សំណាក់​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថាៈ ជនបរទេស​រូប​នេះ​ ​​មាន​ជំងឺ​ប្រចាំ​កាយ​(​ជំងឺ​ទឹក​នោម​ផ្អែម​ និង​លើសឈាម)។ នេះ​បើ​តាម​ជនរងគ្រោះ​បាន​ឲ្យ​ម្ចាស់​ផ្ទះ​សំណាក់​ ដឹង​ពេល​គាត់​មក​ស្នាក់នៅ។ ការ​មក​ស្នាក់នៅ​ក្នុង​ផ្ទះ​សំណាក់​នេះ​ ជា​ភ្ញៀវ​ជួល​ខែ ​មិនមែន​ជួល​ប្រចាំថ្ងៃ​ទេ​ ដូច្នេះ​ជនបរទេស​រូប​នេះ​បាន​កំណត់​ឲ្យ​ម្ចាស់ផ្ទះ​បី​ថ្ងៃ​ទើប​ឲ្យ​ចូល​ទៅ​រៀបចំ​បន្ទប់​ម្ដង។ នៅ​ថ្ងៃ​កើតហេតុ​ទើបតែ​បាន​ពីរ​ថ្ងៃ​ ស្រាប់តែ​តែ​មាន​ធុំក្លិន​ស្អុយ​ ទើប​អ្នក​សំអាត​អនាម័យ​ដើរមក​មុខ​បន្ទប់​ ដែល​ជនបរទេស​ស្នាក់នៅ​នោះ​ ទើប​ដឹង​ថា​ មាន​មនុស្ស​ស្លាប់ ​​រហូត​មានការ​ផ្អើលឆោឡោ​មក​ប្រាប់​ម្ចាស់ផ្ទះ​ រួច​ម្ចាស់ផ្ទះ​ ក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ឲ្យ​ចុះ​មក​ពិនិត្យ​សាកសព។

បើ​តាម​សមត្ថកិច្ច​ ដែល​មក​ពិនិត្យ​សាកសព​បាន​សន្និដ្ឋាន​ថា​ ជនរងគ្រោះ​អាច​ស្លាប់​ដោយសារ​ខ្យល់គរ​ នៅ​ពេល​ជនរងគ្រោះ​ចេញពី​បន្ទប់ទឹក​អាច​វិលមុខ ហើយ​ដួល​ផ្កាប់មុខ​ត្រូវ​ នឹង​ជ្រុង​គ្រែ​ដេក​របស់​ខ្លួន​ដាច់ខ្យល់​ស្លាប់​តែ​ម្ដង​ ពីព្រោះ​ជនរងគ្រោះ​មាន​ជំងឺ​ទឹកនោមផ្អែម​ និង​លើសឈាម​ផង ​ហើយ​ស្នាក់​នៅ​ក្នុង​បន្ទប់​តែ​ម្នាក់​ឯង ព្រមទាំង​ខ្ទាស់​គន្លឹះ​ទ្វារ​ខាង​ក្នុង​មិន​អាច​អ្នកណាម្នាក់​បាន​ដឹង​ឡើយ។ លុះ​មាន​ហេតុ​ការណ៍​ទើប​ម្ចាស់​ផ្ទះ​ជួល​ជាង​ឲ្យ​មក​កាត់​សោ​បន្ទប់​ ទើប​សមត្ថកិច្ច​ចូល​ទៅ​ពិនិត្យ​សាកសព​បាន។

សាក​សព​ក្រោយពី​សមត្ថកិច្ច​ពិនិត្យ​ធ្វើ​កោសលវិច័យ​រួច ​សមត្ថកិច្ច​បាន​ហៅ​រថយន្ត​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដឹក​យក​ទៅ​ភ្នំពេញ​ប្រគល់​ឲ្យ​ស្ថានទូត​​​​​​ ដើម្បី​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

ជនបរទេស​ម្នាក់​​ ស្លាប់​នៅ​ក្នុង​ផ្ទះ​សំណាក់​​ឡើង​ធំ​ក្លិន​ ទើប​គេ​ដឹង