ទំនាស់​ចាក់​ផ្លូវ​ចេញ​ចូល​ ក្លាយ​ជា​អំពើ​ហិង្សា ​ព្រួត​វាយ​មួយ​គ្រួសារ​ឲ្យ​រង​របួស ​អាជ្ញា​មិន​មាន​វិធានការ

ទំនាស់​ចាក់​ផ្លូវ​ចេញ​ចូល​ ក្លាយ​ជា​អំពើ​ហិង្សា ​ព្រួត​វាយ​មួយ​គ្រួសារ​ឲ្យ​រង​របួស ​អាជ្ញា​មិន​មាន​វិធានការ



ភ្នំពេញ ​៖ ​ក្រុម​គ្រួសារ​ ជន​រងគ្រោះ​ ដែល​រង​នូវ​ការ​វាយដំ​ពី​សំណាក់​ថៅកែ លក់​ និង​ជួសជុល​ម៉ាស៊ីន​ត្រជាក់ ហើយ​សមត្ថកិច្ច​ និង​អាជ្ញាធរ​ខណ្ឌ​៧​មករា មិន​មាន​វិធានការ ​ដោះស្រាយ​រហូតដល់​ជនរងគ្រោះ​លែង​ហ៊ាន​ចូល​ដេក​ក្នុង​ផ្ទះ កាលពី​ថ្ងៃ​ទី​២៧ ​ខែ​មីនា​ បាន​មក​កាន់​ការិយាល័យ​កាសែត​កម្ពុជា ថ្មី​សុំ​ឲ្យ​ជួយ​ចុះផ្សាយ​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​លើ​បាន​ដឹង និង​ជួយ​អន្តរាគមន៍។

លោក​ចុង តា​យ ភេទ​ប្រុស អាយុ​៧១​ឆ្នាំ ​មុខ​របរ​រកស៊ី​ទិញ​អេតចាយ​ មាន​ទីលំនៅ​ពិតប្រាកដ ផ្ទះ​លេខ ៤១៤E2z ផ្លូវ ​១២៨ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា ក្រុងភ្នំពេញ ​និង​កូនប្រុស ដែល​រងគ្រោះ​ដោយ​ថៅកែ​ម៉ាស៊ីនត្រជាក់ និង​កម្មករ​វាយ បាន​ឲ្យ​ដឹង​នៅ​ក្នុង​ពាក្យបណ្តឹង ដាក់ជូន​អភិបាលខណ្ឌ​៧​មករា​ ដោយ​បាន​បញ្ជាក់​ថា ​កាលពី​ថ្ងៃ​ពុធ ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល ១២និង៤៥​នាទី​រសៀល​ ឈ្មោះ គឹម វាសនា ភេទ ប្រុស ​មាន​ទីលំនៅ ​​ក្នុង​សំណង់​អនាធិបតេយ្យ ផ្លូវ ១២៨ សង្កាត់ មិត្តភាព ខណ្ឌ ៧​មករា ក្រុងភ្នំពេញ និង​ជា​ថៅកែ ម៉ាស៊ីនត្រជាក់ បាន បញ្ជា​ឲ្យ​កម្មករ​មករក​រឿង​ និង​វាយ​កូន​របស់ខ្ញុំ បណ្តាល​ឲ្យ​រង​របួស។

លោក​បន្ថែម​ថា ​មូលហេតុ ដែលនាំ​ឲ្យ​មាន​អំពើ​ហិង្សា គឺ ឈ្មោះ គឹម វាសនា ថៅកែ ម៉ាស៊ីនត្រជាក់ បាន​យក​ដាក់ សម្ភារៈ ដូចជា ម៉ាស៊ីន ត្រជាក់ ទូទឹកកក ជណ្ដើរ ទ្រុង​ឆ្កែ ស្នួហាល​ខោអាវ និង​ព្រមទាំង​ធ្វើការ​ជួសជុល ម៉ាស៊ីនត្រជាក់ នៅ​កណ្តាលផ្លូវ ធ្វើ​ឲ្យ​ច្រក​ផ្លូវ​នៅសល់​តូចចង្អៀត។ នៅពេលនោះ ខ្ញុំបាទ​បាន​ជិះ​កង់ តាម​ច្រក ផ្លូវ​ចូលមកក្នុង ផ្ទះ ប៉ុន្តែ​ពេលនោះ ដោយសារ​កូន​របស់ ឈ្មោះ ឈ្មោះ គឹម វាសនា បាន​រត់​លេង នៅលើ​ផ្លូវ ហើយ​ខ្លាច​ខ្ញុំ​ជិះ​កង់​ប៉ះ កូន ប្រពន្ធ​របស់​គឹម​វាសនា ក៏បាន​ចាប់ទាញ​កញ្ឆក់ កង់​របស់ខ្ញុំ​ ហើយ​ជេរប្រមាថ​មក​លើ​រូបខ្ញុំ។ ពេលនោះ​ការ​ឈ្លោះប្រកែក​គ្នា​ក៏បាន​ចាប់ផ្តើម ប៉ុន្តែ​មិនមាន​អំពើហិង្សា​អ្វី​កើតឡើង​នោះទេ​។ បន្ទាប់ពី​ឈ្លោះ​គ្នា​បាន​ចប់​មួយសន្ទុះ​ស្រាប់តែ​កម្មករ​របស់គេ ២​នាក់​បាន​ឡើង​មកដល់​ជណ្តើរ​មុខផ្ទះ​របស់ខ្ញុំ ហើយ​បាន​យក​កំណាត់ឈើ​គប់​មក​មាត់​ទ្វារផ្ទះ​របស់ខ្ញុំ និង​បាន​បោះ​ពាក្យសម្ដី​គំរាមកំហែង​ដល់​អាយុជីវិត​ក្រុមគ្រួសារ​ខ្ញុំបាទ​។ លើសពីនេះ​កម្មករ​ម្នាក់​បាន​និយាយ​ថា ​«​បើ​យើង​សម្លាប់​ឯង​ហើយ គ្មាន​នរណា​អាច​រក​អញ​ឃើញ​ទេ ព្រោះ​ផ្ទះ​អញ​នៅ​វាល​ស្បូវ ឯណោះ​»​។ ដោយ​ឮ​ដូច្នេះ​ខ្ញុំ​ក៏បាន​ទូរស័ព្ទ​ហៅ​ប៉ូលិស​មក តែ​ទម្រាំ​ប៉ូលិស​មកដល់ កម្មករ​របស់គេ ២​នាក់ នោះបាន​រត់គេចខ្លួន​បាត់​ទៅហើយ។
លុះដល់​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៦ វេលា​ម៉ោង ១៣រសៀល​ នៅ​ចំណុច​ច្រក​ផ្លូវ​ចន្លោះ ភូមិ ១ និង ភូមិ ២​សង្កាត់ មិត្តភាព ខណ្ឌ​៧​មករា ក្រុងភ្នំពេញ កូនប្រុស​របស់​គាត់ ឈ្មោះ ចុង ស៊ីវ​ទី ភេទ ប្រុស អាយុ​២៤ ឆ្នាំ មុខរបរ​ជា​វិស្វករ សំណង់ បាន​ជិះ​ម៉ូតូ ចេញពីផ្ទះ​បម្រុង​ទៅ​កន្លែងធ្វើការ ពេលដែល​កូន​គាត់ ជិះ ផុតពី​ផ្ទះ បាន​ប្រហែល ៤​ទៅ​៥​ម៉ែត្រ ឃើញ​ឈ្មោះ បេ ស កំពុង​បណ្តើរ​ម៉ូតូ​ថយក្រោយ ដោយ​ផ្លូវ​តូច ក៏​កើតជា​ជម្លោះ​ពាក្យ សម្តី គ្នា ខ​ណៈ​នោះ ឈ្មោះ បេ ស , បេ វាសនា និង​កម្មករ​ម្នាក់​វាយដំ​មក​លើ​កូន​របស់ខ្ញុំ រង​របួស​មាត់ ចង្កា ដើមទ្រូង និង​បាក់ធ្មេញ​មុខ​ខាងលើ​មួយ។

លោក ចុង តា​យ និង​កូនប្រុស​ឈ្មោះ ចុង ស៊ីវ​ទី បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​ជា​បន្តបន្ទាប់​ទៅ ស្នាក់ការ​ប៉ុស្តិ៍​មិត្តភាព និង​អភិបាលខណ្ឌ​៧​មករា ដើម្បី​សុំ​កិច្ច​អន្តរាគមន៍ ប៉ុន្តែ ហាក់​មិនមាន​វិធានការ អ្វី​​​ចំពោះ​ជន​ដៃដល់​ និង​ម្ចាស់ផ្ទះ ​ជាង​ម៉ាស៊ីន​ត្រជាក់ ​ដែល​បង្ក​ហិង្សា​មក​លើ​គ្រួសារ​គាត់​ឡើយ។ គាត់​បញ្ជាក់ថា​ សម័យនេះ​ហើយ​ពន្លឺ ​យុត្តិធម៌​នៅតែ​គ្មាន​ដដែល​ សម្រាប់​អ្នកក្រ​ដូច​គ្រួសារ​គាត់។ ដោយសារតែ​គ្មាន​ចំណាត់ការ កូនប្រុស​របស់​គាត់ ដែល​រង​របួស​​ ​មិន​ហ៊ាន​ចូល​ដេក​ផ្ទះ​ទេ ដោយ​ខ្លាច​ក្រុម​គេ​ធ្វើបាប តាម​ពាក្យ​គំរាម។ ក្រុមគ្រួសារ​របស់​គាត់​​សង្ឃឹម​ថា ថ្នាក់ដឹកនាំ​ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​ នឹង​ជួយ​អន្តរាគមន៍ ចំពោះ​ភាព​អយុត្តិធម៌​នេះ​។​

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​កាសែត​កម្ពុ​ជាថ្មី​មិន​អាច​សុំ​ការបំភ្លឺ​ពី ម្ចាស់​ទីតាំង​ម៉ាស៊ីនត្រជាក់​ និង សមត្ថកិច្ច​ ​ក៏ដូច​ លោក​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​៧​មករា បានទេ។ កម្ពុ​ជាថ្មី​រង់ចាំ​ការ​បំភ្លឺ​ពី​ក្រុម​ភាគី​ពាក់ព័ន្ធ ​នឹង​​​បញ្ហា​នេះ៕