ទិវា​និស្សិត ២០១៦

រីករាយ​ស្វាគមន៍ ទិវា​និស្សិត ២០១៦!

 

សាកលវិទ្យាល័យ អន្តរជាតិ សូម​ជូន​ដំណឹង​ដល់​និស្សិត​គ្រប់​ជំនាន់ សាស្ត្រាចារ្យ បុគ្គលិក និង​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា សាកលវិទ្យាល័យ​នឹង​ប្រារព្ធ​កម្មវិធី ទិវា​និស្សិត ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ មេសា ខាង​មុខ​នេះ ចាប់ពី​ម៉ោង ៧:០០ ព្រឹក ដល់​ម៉ោង ៧:០០ យប់​។​

 

ទិវា​និស្សិត ២០១៦

 

កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោល​បំណង​៤​គឺ​៖

១. ផ្ដល់​ឱកាស​ដល់​និស្សិត​ក្នុង​ការ​អនុវត្ត​ចែក​រំលែក​ចំណេះដឹង​ទៅ​វិញ​ទៅ​មក តាម​រយៈ​ការ​ប្រកួត​ប្រជែង​លក់​ផលិតផល និង​សមិទ្ធផល​របស់​និស្សិត​តាម​មហាវិទ្យាល័យ​នី​មួយៗ។​

២. ​រួម​ចំណែក​ជា​ផ្នែក​មួយ​នៃ​ការ​លើក​កម្ពស់ បណ្ដុះ​ស្មារតី​ឲ្យ​និស្សិត​ទាំងអស់​បាន​យល់ដឹង​អំពី ប្រពៃណី​វប្បធម៌​របស់​ជាតិ​កម្ពុជា​។​

៣. បង្កើន​បរិយាកាស​សប្បាយ​រីករាយ សាមគ្គីភាព​ដល់​និស្សិត​គ្រប់​ជំនាន់ សាស្ត្រាចារ្យ បុគ្គលិក និង​សាធារណជន​ទាំងអស់​ តាម​រយៈ​ការ​ចូលរួម​លេង​កម្សាន្ត និង​បញ្ចេញ​សមត្ថភាព​ក្នុង​ការ​ប្រកួត​ប្រជែង​សមត្ថភាព​របស់​និស្សិត​ទៅ​តាម​មហាវិទ្យាល័យ​នានា​របស់​សាកលវិទ្យាល័យ​អន្តរជាតិ​។​

៤. ដើម្បី​ចូលរួម​អបអរសាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​នា​ពេល​ខាង​មុខ​។

 

ព្រឹត្តិការណ៍ ទិវា​និស្សិត ២០១៦ នឹង​មាន​ការ​កម្សាន្ត​សប្បាយ​ប្លែកៗ​ជា​ច្រើន ដែល​កម្មវិធី​ទាំង​អស់​មាន​ទម្រង់​ជា​លក្ខណៈ​ប្រកួត​ប្រជែង​របស់​មហាវិទ្យាល័យ​នៃ​សាកល​វិទ្យាល័យ​អន្តរជាតិ ដែល​រួម​មាន​៖

– ការ​ប្រកួត​ម្ហូបអាហារ​ និង​បង្អែម​ខ្មែរ
– ការ​ប្រកួត​នារី​ស្រស់​បុរស​សង្ហា (IU Stars)
– ការ​ប្រឡង​ចម្រៀង​ប្រពៃណី និង​សម័យ​ទំនើប​
– ការ​សម្ដែង​រឿង​កំប្លែង​ខ្លី​ក្នុង​ន័យ​អប់រំ
– ទស្សនីយភាព​របាំ​ប្រពៃណី (​របាំ​ត្រុដិ​)
– ការ​រាំ​លេង​កម្សាន្ត និង​ការប្រកួត​ល្បែង​ប្រជាប្រិយ​ខ្មែរ​ផ្សេងៗ​ទាក់ទង​នឹង​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ​ ដូចជា លាក់​កន្សែង ទាញ​ព្រ័ត្រ បោះ​អង្គញ់​ ចោល​ឈូង វាយ​ក្អម ដណ្តើម​ស្លឹក​ឈើ និង​មាន​ល្បែង​ប្រជាប្រិយ​ជា​ច្រើន​ផ្សេងៗ​ទៀត។

 

ទិវា​និស្សិត ២០១៦ ក៏​បាន​ផ្តល់​អត្ថប្រយោជន៍​មួយ​ចំនួន​ដល់​អ្នក​ចូលរួម​ផងដែរ ដែល​រួម​មាន​ការ​ដឹង​កាន់​តែ​ច្បាស់​របាំ​របស់​ខ្មែរ ព្រម​ទាំង​ម្ហូប ឬ​បង្អែម​របស់​ខ្មែរ តាម​រយៈ​ការ​ធ្វើ​បទ​បង្ហាញ​ការ​ប្រកួត​ប្រជែង​របស់​ក្រុម​និស្សិត​​មហាវិទ្យាល័យ​ទាំងអស់​របស់​សាកលវិទ្យាល័យ អន្តរជាតិ ការ​ចូលរួម​ក្នុង​ការ​ដាក់​ពិន្ទុ​សម្រាប់​ការ​ប្រឡង​នីមួយ​ៗ​របស់​និស្សិត ក៏​ដូចជា​ការ​ផ្តល់​ជូន​នូវ​ការ​ចូលរួម​លេងល្បែង​ប្រជាប្រិយ និង​ច្រៀង​រាំ​កម្សាន្ត​ជាមួយ​និស្សិត សាស្ត្រាចារ្យ និង​បុគ្គលិក នៃ​សាកលវិទ្យាល័យ អន្តរជាតិ និង​សាធារណជន។​

សាកលវិទ្យាល័យ អន្តរជាតិ សូម​គោរព​អញ្ចើញ​និស្សិត សាស្ត្រាចារ្យ បុគ្គលិក លោក លោកស្រី អ្នកនាង កញ្ញា និង​ភ្ញៀវ​កិត្តិ​យស​ទាំងអស់​ចូលរួម​កម្សាន្ត​រីករាយ​ដោយ​សេរី ​នៅ​បរិវេណ សាកល​វិទ្យាល័យ អន្តរជាតិ៕

 

អត្ថបទ៖ ដៃ​គូ​សហការ