សហគមន៍​កៅស៊ូ​អន្តរជាតិ​ប្ដេជ្ញា​ចាត់​វិធានការ​កាត់​បន្ថយ​វិបត្តិ​ធ្លាក់​ថ្លៃ​កៅស៊ូ

សហគមន៍​កៅស៊ូ​អន្តរជាតិ (IRCO) ព្រួយ​បារម្ភ​ពី​និរន្តរភាព​នៃ​ផលិតកម្ម​កៅស៊ូ​ធម្មជាតិ​នៅ​ពេល​អនាគត។ ទន្ទឹម​គ្នា​នេះ សហគមន៍​កៅស៊ូ​អន្តរជាតិ ដែល​មាន​ប្រទេស​ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​វៀតណាម ប្ដេជ្ញា​ខិតខំ​ធ្វើ​យ៉ាង​ណា​អនុវត្ត​វិធានការ​កាត់​បន្ថយ​តម្លៃ​កៅស៊ូ​ដែល​បាន​ប្រែប្រួល​ឆាប់​រហ័ស​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

សេចក្ដី​ថ្លែងការណ៍​របស់​សហគមន៍​នេះ បញ្ជាក់​ដែរ​ថា ដើម្បី​ដោះស្រាយ​វិបត្តិ​ធ្លាក់​ថ្លៃ​កៅស៊ូ​នេះ រដ្ឋាភិបាល​ប្រទេស​ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​វៀតណាម ក្រៅ​ពី​ប្រឹក្សា​ជា​ថ្នាក់​តំបន់ ហើយ​បាន​ព្រមព្រៀង​គ្នា​អនុវត្ត​គម្រោង​បរិមាណ​នាំ​ចេញ​ដោយ​ចាប់​ផ្ដើម​អនុវត្ត​ពី​ថ្ងៃ​ទី​១ ខែ​មីនា រហូត​ដល់​ខែ​សីហា ឆ្នាំ​២០១៦។ សហគមន៍​កៅស៊ូ​អន្តរជាតិ ក៏​បាន​ព្រមព្រៀងគ្នា​បង្កើត​ទីផ្សារ​កៅស៊ូ​ថ្នាក់​តំបន់​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​កៅស៊ូ​ធម្មជាតិ ក្នុង​គោលបំណង​ផ្ដល់​នូវ​យន្តការ​រក​ឃើញ​តម្លៃ​គួរ​ឲ្យ​ទុក​ចិត្ត​បាន និង​ធានា​និរន្តរភាព​នៃ​ឧស្សាហកម្ម​កៅស៊ូ​ក្នុង​តំបន់។

​ការ​ប្ដេជ្ញា​អនុវត្ត​វិធានការ​កាត់​បន្ថយ​តម្លៃ​ប្រែប្រួល​កៅស៊ូ​របស់​សហគមន៍​កៅស៊ូ​អន្តរជាតិ នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មើល​ឃើញ​ថា កៅស៊ូ​ពិភពលោក​បន្ត​ធ្លាក់​ថ្លៃ ៣​ឆ្នាំ​ជាប់​គ្នា ចាប់​ពី ៦.០០០​ដុល្លារ​ក្នុង​មួយ​តោន មក​ត្រឹម ៨០០ ទៅ ១.០០០​ដុល្លារ​ក្នុង​មួយ​តោន។

បញ្ហា​នេះ បណ្ដាល​ឲ្យ​វិនិយោគិន​ដំណាំ​កៅស៊ូ​នៅ​កម្ពុជា កំពុង​អស់​សង្ឃឹម និង​ជំរុញ​ឲ្យ​ពួកគេ​ប្រឈម​ចំពោះ​ការ​ជំពាក់​បំណុល​ធនាគារ មិន​តែ​ប៉ុណ្ណោះ​បណ្ដាល​ឲ្យ​ចម្ការ​កៅស៊ូ​ជា​លក្ខណៈ​គ្រួសារ​ត្រូវតែ​បោះបង់​អាជីវកម្ម​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។