ពលរដ្ឋ​២​នាក់​ត្រូវ​ប្ដឹង​ពី​បទ​កាប់​ឈើ​ក្នុង​ព្រៃ​បម្រុង​ទុក​នៅ​មណ្ឌលគិរី

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង នៅ​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ចាប់​ឃាត់​រថយន្ត​ដឹក​ជញ្ជូន​ឈើ​មួយ​គ្រឿង​ផ្ទុក​ឈើ​ប្រភេទ​ជន្លង់​ម្រេច​ជាង ១០០​ដើម​ចេញ​ពី​ព្រៃ ត្រៀម​បម្រុង​សហគមន៍​ដើម្បី​ធ្វើ​ជំនួញ​ខុស​ច្បាប់។ អ្នក​ភូមិ​ចោទ​ឈ្មួញ​ជនជាតិ​ខ្មែរ ពីរ​នាក់ ថា​ជា​អ្នក​ពាក់ព័ន្ធ​កាប់​ឈើ​នោះ​ពី​ព្រៃ​សហគមន៍។

ពាក្យ​ប្ដឹង​ចោទ​ប្រកាន់​កាប់​បំផ្លាញ​ព្រៃ​ត្រៀម​បម្រុង​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ត្រូវ​បាន​តំណាង​អ្នក​ភូមិ​ដាក់​ជូន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ និង​សមាគម​អាដហុក (ADHOC) នៅ​ថ្ងៃ​ទី​១ ខែ​មេសា សុំ​ឲ្យ​ចាត់​​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​ជន​ប្រព្រឹត្ត​ល្មើស។

ពាក្យ​ប្ដឹង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ភូមិ​ជាង ១០​នាក់ ចុះ​ល្បាត​ព្រៃ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា និង​ស្ទាក់​​ឃាត់​រថយន្ត​ប្រភេទ​ស្ទូច​ឈើ​មួយ​គ្រឿង​ផ្ទុក​ដោយ​ឈើ​ជន្លង់​ម្រេច ១២០​ដើម នៅ​ចំណុច​ព្រៃ​ពូទុង ភូមិ​ពូត្រែង ក្នុង​នោះ​ដែរ​ជន​ពាក់ព័ន្ធ​ដឹក​ជញ្ជូន​ឈើ​នេះ គឺ​ស្ត្រី​ឈ្មោះ ណាវី និង​ឈ្មោះ អូច ជា​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​មក​រស់​នៅ​ឃុំ​ដាក់ដាំ ហើយ​ប្រកប​របរ​ទិញ​ឈើ​ជន្លង់​ម្រេច​លក់។

តំណាង​សហគមន៍​ឃុំ​ដាក់ដាំ លោក ទឺយ ធិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ ខែ​មេសា ថា នេះ​គឺ​ជា​សកម្មភាព​ឃុបឃិត​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​ត្រៀម​ទុក​ចុះបញ្ជី​ជា​ព្រៃ​សហគមន៍​ការពារ។ លោក​ថា សហគមន៍​​ទាមទារ​ឲ្យ​ជន​ជាប់​ពាក់ព័ន្ធ​ផ្ដល់​សំណង​ខូចខាត​ព្រៃ និង​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្ដន្ទាទោស​ពួក​​គេ​ដោយ​គ្មាន​ការ​លើកលែង៖ «យើង​ទាន់​ជាក់ស្ដែង កាប់​ពី​ព្រៃ​សហគមន៍។សហគមន៍​ទាមទារ​សំណង​ខូចខាត​ព្រៃ និង​ឈើ»

របាយការណ៍​របស់​សហគមន៍​ឃុំ​ដាក់ដាំ ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១ ខែ​មេសា តំណាង​សហគមន៍​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​វត្ថុ​តាង​បទល្មើស​ទាំង​អស់​ជូន​មន្ត្រី​សង្កាត់​រដ្ឋបាល​ព្រៃឈើ​យក​មក​រក្សា​ទុក​នៅ​ទីស្នាក់ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី។

ទាក់ទិន​ករណី​នេះ​ដែរ នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​អូររាំង លោក ទុង វីរ មាន​ប្រសាសន៍​ឲ្យ​ដឹង​​ដែរ​ថា សហគមន៍​និង​មន្ត្រី​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ប្រមូល​វត្ថុតាង​បទល្មើស​ព្រៃឈើ​នេះ​ដើម្បី​កសាង​សំណុំ​រឿង​រក​ជន​ពាក់ព័ន្ធ​ឲ្យ​ចូល​ខ្លួន​មក​ទទួល​ខុស​ត្រូវ​បទល្មើស​នេះ។

លោក​ថា អត្តសញ្ញាណ​ជនល្មើស​ត្រូវ​បាន​សហគមន៍​រាយការណ៍​ជូន​អាជ្ញាធរ​រួច​ហើយ៖ «យើង​កំពុង​អង្កេត​បន្ត​ធ្វើ​នីតិវិធី​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ»

​ទោះជា​យ៉ាង​នេះ​ក្តី មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ចាត់​ទុក​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ​ថា ជា​ការ​ចូលរួម​និង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​របស់​សហគមន៍​ក្នុង​កិច្ច​ការពារ​ធនធានធម្មជាតិ​។​លោក​អំពាវនាវ​សុំ​ឲ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ស៊ើប​អង្កេត​រក​ជន​ពាក់ព័ន្ធ​ដឹក​ជញ្ជូន​ឈើ និង​អ្នក​ពាក់ព័ន្ធ​កាប់​ឈើ​ក្នុង​ព្រៃ​មក​ផ្ដន្ទាទោស​តាម​ច្បាប់៖ «គាត់​ដឹង​ទាំង​ម្ចាស់​ជន្លង់​ម្រេច ដឹង​ទាំង​អ្នក​រក​ស៊ី អ្នក​ទិញ។ អ៊ីចឹង​គាត់​ប្ដឹង​ទាំង​អ្នក​រក​ស៊ី អ្នក​ទិញ​ទៀត»

ព្រៃ​ត្រៀម​បម្រុង​សហគមន៍​ដាក់ដាំ មាន​ផ្ទៃដី​ប្រមាណ ២​ពាន់​ហិកតារ ក៏ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ ព្រៃ​នេះ​​ត្រូវ​បាន​គេ​លួច​កាប់​យក​ឈើ​មាន​តម្លៃ​អស់​ស្ទើរ​គ្មាន​សល់។ រហូត​បច្ចុប្បន្ន​ព្រៃឈើ​នៅ​សល់​​ក៏​ត្រូវ​គេ​លួច​កាប់​បន្ត​យក​ឈើ​ធ្វើ​ជន្លង់​ម្រេច ខណៈ​សហគមន៍​អភិរក្ស​ព្រៃ​នេះ​ទុក​ដើម្បី​ចុះបញ្ជី​ជា​ព្រៃ​ការពារ ព្រៃ​តំណម និង​ជា​កន្លែង​កប់​សព​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។