មន្ត្រី​ជំនាញ​សន្និដ្ឋាន​ថា​មនុស្ស​ជាង​៦០​នាក់​ពុល​បណ្ដាល​មក​ពី​បរិភោគ​នំអន្សម

មន្ត្រី​ជំនាញ​រក​ឃើញ​ថា នំអន្សម​អាច​ជា​មូលហេតុ​ដែល​បណ្ដាល​អោយ​ពលរដ្ឋ​ជាង ៦០​នាក់ ក្នុង​នោះ​កុមារ ៥៦​នាក់ រស់​នៅ​ឃុំ​ព្រែកមាស ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង មាន​អាការៈ​ក្អួតចង្អោរ ចុក​ពោះ និង​វិលមុខ។ ពលរដ្ឋ​មាន​អាការៈ​ពុល​នេះ បន្ទាប់​ពី​ពួកគាត់​បរិភោគ​នំអន្សម នៅ​ពេល​ចូល​រួម​ពិធីបុណ្យ​មួយ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា។

​ប្រធាន​មណ្ឌល​សុខភាព​ឃុំ​ព្រែកមាស ស្រុក​សៀមប៉ាង ឲ្យ​ដឹង​ថា ស្ថានភាព​ជំងឺ​ពលរដ្ឋ និង​កុមារ​ដែល​ពុល​នំអន្សម​បាន​ធូរ​ស្រាល​ហើយ បន្ទាប់​ពី​ពួកគេ​បាន​មក​ព្យាបាល​នៅ​មណ្ឌល​សុខភាព និង​មួយ​ចំនួន​ធំ​ក្រុម​គ្រូពេទ្យ​បាន​ចុះ​ទៅ​ព្យាបាល​តាម​ផ្ទះ។

​ប្រធាន​មណ្ឌល​សុខភាព​ឃុំ​ព្រែកមាស លោក សំ នៀង លោក​កត់សម្គាល់​ថា កុមារ និង​មនុស្ស​ចាស់​ជាង ៦០​នាក់ ដែល​ក្រុម​គ្រូពេទ្យ​ព្យាបាល សុទ្ធតែ​កើត​មាន​អាការៈ​ដូចៗ​គ្នា ដូចជា​ក្អួត​ចង្អោរ ចុក​ពោះ វិលមុខ និង​ទន់​ដៃជើង បន្ទាប់​ពី​បាន​ពិសា​នំអន្សម។

លោក​ថា បន្ទាប់​ពី​កើត​មាន​បញ្ហា​នេះ លោក​បាន​យក​ចំណី​អាហារ​ដែល​អ្នក​ភូមិ និង​កុមារ​បរិភោគ​ទាំង​នោះ ទៅ​មន្ទីរ​សុខាភិបាល​ខែត្រ​ស្ទឹងត្រែង ធ្វើ​ពិសោធន៍៖ «ទន់​ខ្លួន បាន​ន័យ​ថា វា​ក្អួត វា​រាក​ច្រើន វា​បាត់បង់​ជាតិ​ទឹក។ ខ្វះ​ជាតិ​ទឹក​ចង់​ស្លាប់​ហើយ​គ្នា។ ដល់​ពេល​យើង​ធ្វើ​អន្តរាគមន៍​ចាក់​សេរ៉ូម​បង្ហូរ រស់​មក​វិញ​ទៅ»

​ករណី​នេះ​ដែរ ប្រធាន​មន្ទីរ​សុខាភិបាល​ខែត្រ​ស្ទឹងត្រែង លោក អ៊ុង សូវៀត ឲ្យ​ដឹង​ថា បន្ទាប់​ពី​ធ្វើ​ពិសោធន៍ មន្ត្រី​ជំនាញ​រក​ឃើញ​ថា បាតុភាព​នេះ​បណ្ដាល​មក​ពី​អ្នក​ភូមិ​ពិសា​នំអន្សម​ចេក​ដោយ​កាត់​ជា​កង់ៗ ច្របាច់​ជាមួយ​ដូង​លាយ​ជាមួយ​ស្ករ និង​ច្រក​ថង់​ប្លាស្ទិក​ផ្ញើ​កូន​ចៅ​នៅ​ផ្ទះ។

លោក​ថា មន្ត្រី​ជំនាញ​បាន​ចុះ​អប់រំ​សុខភាព​ដល់​ពលរដ្ឋ​នៅ​ឃុំ​ព្រែកមាស បន្ទាប់​ពី​កើត​មាន​បញ្ហា​នេះ និង​បន្ត​តាមដាន​ស្ថានភាព​ជំងឺ​ពួកគាត់៖ «ឆ្លើយ​តប​បន្ទាន់ យើង​ចុះ​អប់រំ​ព្យាបាល​តែម្ដង។ ទី​២ គឺ​យើង​អប់រំ​សុខភាព​ទាំង​អស់ ទាំង​នៅ​កន្លែង​បុណ្យ ទាំង​នៅ​ក្នុង​ឃុំ​ទាំង​មូល។ ទី​៣ យើង​តាមដាន តើ​វា​មាន​ករណី​ហ្នឹង​ទៀត​អត់?»

​មេ​ឃុំ​ព្រែកមាស លោក ផួង លន់ វាយ​តម្លៃ​ថា ការ​បរិភោគ​ចំណី​អាហារ អ្នក​ភូមិ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ពិសា​ផ្អែក​លើ​អនាម័យ​ឡើយ ពោល​គឺ​ពួកគាត់​បរិភោគ​នំអន្សម​ក្នុង​ពិធី​បុណ្យ​លាយឡំ​ដូង និង​ស្ករ។ ម្យ៉ាង​ទៀត អ្នក​ភូមិ​ក៏​ពុំ​សូវ​យល់​ដឹង​ពី​អនាម័យ​ដើម្បី​សុខភាព​ដែរ។ ហេតុ​នេះ​លោក​ទាមទារ​ឲ្យ​មន្ទីរ​ជំនាញ​បន្ថែម​ការ​ចុះ​អប់រំ​ផ្សព្វផ្សាយ​អំពី​សុខភាព​ញឹកញាប់៖ «ដូច​ថា គ្រួសារ​ណា​មាន​បុណ្យ​អ៊ីចឹង​គេ​ជួយ​គ្នា ដើម្បី​ទៅ​វេច​ទៅ​ខ្ចប់។ តែ​វេច​ខ្ចប់​វា​មិន​ពុល​ទេ ពេល​ហូប​យើង​ច្របល់​ជាមួយ​ដូង​ជាមួយ​អី»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល អំពាវនាវ​ឲ្យ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សុខាភិបាល ផ្សព្វផ្សាយ​ពី​មូលហេតុ​ចម្បង​ចំពោះ​ករណី​នេះ​ឲ្យ​ជាក់លាក់ ដើម្បី​ឲ្យ​អ្នក​ភូមិ​ជ្រាប​បញ្ហា​នេះ និង​ដើម្បី​បញ្ចៀស​មិន​ឲ្យ​កើត​មាន​លើក​ក្រោយ​ទៀត។

ករណី​ពុល ឬ​កើតមាន​ភាព​មិន​ប្រក្រតី​នៅ​ឃុំ​ព្រែកមាស ស្រុក​សៀមប៉ាង កើត​មាន​លើក​ទី​២​ហើយ ដោយ​កាល​ពី​ឆ្នាំ​២០១២ ពលរដ្ឋ​មួយ​គ្រួសារ​មាន​សមាជិក ៥​នាក់ បាន​ពុល​សម្ល​ផ្សិត​ក្ងោក​ព្រៃ ខណៈ​ពួកគេ​បាន​យក​ផ្សិត​នោះ​មក​ស្ល​បរិភោគ ប៉ុន្តែ​ពុំ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ទេ ដោយសារ​ពួកគាត់​បាន​ទៅ​ព្យាបាល​ទាន់​ពេល​វេលា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។