អង្គការ​សង្គ្រោះ​កុមារ​សម្ពោធ​គម្រោង​លើក​ស្ទួយ​សិទ្ធិ​កុមារ​នៅ​កម្ពុជា

អង្គការ​សង្គ្រោះ​កុមារ (Save the Children) ចាប់​ផ្ដើម​គម្រោង​លើក​ស្ទួយ​សិទ្ធិ​កុមារ​ក្នុង​អភិបាលកិច្ច​មូលដ្ឋាន​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៦។ ការ​បើក​សម្ពោធ​គម្រោង​នេះ នៅ​បន្ទាប់​ពី​រក​ឃើញ​ថា កុមារ​នៅ​កម្ពុជា នៅ​តែ​ជួប​បញ្ហា​ប្រឈម​ជា​ច្រើន។

គម្រោង​ថ្មី​របស់​អង្គការ​សង្គ្រោះ​កុមារ ដែល​មាន​ឈ្មោះ​ថា លើក​ស្ទួយ​សិទ្ធិ​កុមារ​ក្នុង​អភិបាលកិច្ច​មូលដ្ឋាន​នៅ​កម្ពុជា​នេះ នឹង​ដាក់​ឲ្យ​អនុវត្ត​ចាប់​ពី​ខែ​មេសា ឆ្នាំ​២០១៦ នេះ​ត​ទៅ។

នាយក​ផ្នែក​ប្រតិបត្តិ​កម្មវិធី​នៃ​អង្គការ​សង្គ្រោះ​កុមារ លោក ម៉ូត សាណា ពន្យល់​ថា គម្រោង​ដែល​ទទួល​បាន​ថវិកា​ពី​សហភាព​អឺរ៉ុប​នេះ នឹង​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​កុមារ ដូចជា​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​របស់​កុមារ និង​ការ​ធ្វើ​ចំណាកស្រុក​របស់​កុមារ​នៅ​តាម​សហគមន៍ ដើម្បី​កាត់​បន្ថយ​ការ​រំលោភ​បំពាន​សិទ្ធិ​កុមារ និង​ធ្វើ​ឲ្យ​ស្ថានភាព​រស់នៅ​របស់​កុមារ​នៅ​ក្នុង​ប្រទេស​កម្ពុជា កាន់​តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ឡើង​បន្ថែម​ទៀត៖ «យើង​ធ្វើ​ការ​ជិតស្និទ្ធ​ជាមួយ​កុមារ និង​យុវជន ហើយ​ក៏​ដូចជា​ធ្វើការ​ជាមួយ​ក្រុមប្រឹក្សា​ឃុំ​ដើម្បី​ឲ្យ​ក្រុមប្រឹក្សា​ឃុំ​យល់​ឲ្យ​ច្បាស់​ពី​តម្រូវការ​របស់​កុមារ ហើយ​អនុញ្ញាត​ឲ្យ​កុមារ និង​យុវជន​ចូលរួម​ក្នុង​សកម្មភាព​ផែនការ​ក្រុមប្រឹក្សា​ឃុំ ហើយ​និង​ចូលរួម​ចាត់​អាទិភាព ក៏​ជា​បែងចែក​ថវិកា ធ្វើ​យ៉ាង​ណា​ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​កុមារ ដែល​ជា​តម្រូវការ​របស់​សង្គម»

មន្ត្រី​អង្គការ​សង្គ្រោះ​កុមារ​រូប​នេះ​បន្ត​ថា ការ​បង្កើត​គម្រោង​នេះ​ឡើង បន្ទាប់​ពី​សង្កេត​ឃើញ​ថា កុមារ​នៅ​មិន​ទាន់​ទទួល​បាន​សិទ្ធិ​ពេញលេញ​របស់​ខ្លួន​តាម​ការ​សន្យា ឬ​ការ​ប្ដេជ្ញា​របស់​រដ្ឋាភិបាល​កម្ពុជា ជាមួយ​អង្គការ​សហប្រជាជាតិ​នៅ​ឡើយ។ កុមារ​ជា​ច្រើន​បោះបង់​សាលា ការ​អប់រំ​នៅ​មាន​កម្រិត កុមារ​បែកបាក់​ពី​ក្រុម​គ្រួសារ​ដោយសារ​បញ្ហា​ចំណាក​ស្រុក កុមារ​មិន​ទាន់​ទទួល​សេវា​សុខភាព​គ្រប់គ្រាន់ និង​បញ្ហា​ពលកម្ម​កុមារ​ក្នុង​ទម្រង់​ធ្ងន់ធ្ងរ​ជាដើម។

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (គ.ជ.ប.ជ) អ្នកស្រី ជូ ប៊ុនអេង មាន​ប្រសាសន៍​ថា គម្រោង​របស់​អង្គការ​សង្គ្រោះ​កុមារ​នេះ គឺ​មាន​សារសំខាន់​ដើម្បី​ឆ្លើយតប​នឹង​ការ​ចង់​បាន ឬ​គោលដៅ​របស់​រដ្ឋាភិបាល។ អ្នកស្រី​បន្ត​ថា ការ​ស្គាល់ និង​ស្ដាប់​បញ្ហា​របស់​កុមារ គឺ​ជា​យន្តការ​ចម្បង​ដែល​អាច​ដោះស្រាយ​បញ្ហា​របស់​កុមារ​បាន ព្រោះ​កន្លង​មក​គេ​ហាក់​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​បញ្ហា​របស់​កុមារ​ឡើយ៖ «គម្រោង​នេះ ធ្វើ​អោយ​មនុស្ស​ចាស់​ក៏​ដូចជា​អ្នកដឹកនាំ​នៅ​មូលដ្ឋាន បាន​ស្តាប់ ​បាន​យល់​ពី​ក្មេង ហើយ​និង​ចេះ​លើក​បញ្ហា​នេះ​មក​ដាក់​ក្នុង​ផែនការ​របស់​ខ្លួន​ថា តើ​យើង​គួរ​តែ​ចាប់​ផ្ដើម​ពី​អី ធ្វើ​អី​ដើម្បី​ឲ្យ​ក្មេង​នោះ នៅ​ពេល​ធំ​ឡើង​អាច​កសាង​សង្គម​នេះ​ឲ្យ​ល្អ​ប្រសើរ​ថែម​ទៀត»

​គម្រោង​លើក​ស្ទួយ​សិទ្ធិ​កុមារ​ក្នុង​អភិបាលកិច្ច​មូលដ្ឋាន​នៅ​កម្ពុជា​នេះ នឹង​ធ្វើ​នៅ​ក្នុង​ខេត្ត​ចំនួន​៣ គឺ​ពោធិ៍សាត់ ព្រៃវែង និង​ត្បូងឃ្មុំ។

ប្រទេស​កម្ពុជា បាន​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្ដីពី​សិទ្ធិ​កុមារ​កាល​ពី​ឆ្នាំ​១៩៩២ ព្រមទាំង​ពិធីសារ​និង​អនុសញ្ញា​ជា​ច្រើន​ទៀត​សំដៅ​ការពារ​កុមារ ប្រឆាំង​នឹង​ការ​ធ្វើ​អាជីវកម្ម​សេដ្ឋកិច្ច ការ​ឲ្យ​ធ្វើ​ការងារ​ដែល​មាន​គ្រោះថ្នាក់ ឬ​ការងារ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​កុមារ ឬ​ធ្វើ​ឲ្យ​ខូច​សុខភាព​កុមារ ឬ​ការ​អភិវឌ្ឍ​ខាង​រូបរាង​កាយ​ប្រាជ្ញា​ស្មារតី​សីលធម៌ ឬ​សង្គម​ជាដើម។

បើ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ កុមារ​កម្ពុជា នៅ​តែ​ប្រឈម​មុខ​នឹង​បញ្ហា​ជាច្រើន ជា​ពិសេស​កូន​អ្នក​ក្រីក្រ​នៅ​តាម​ទី​ជនបទ។ ធ្ងន់ធ្ងរ​ជាង​នេះ គឺ​កុមារ​កម្ពុជា ជា​ច្រើន​កំពុង​ញាំញី​ដោយ​គ្រឿង​ញៀន និង​កំពុង​ធ្វើ​ការ​ក្នុង​ទម្រង់​ធ្ងន់ធ្ងរ ជា​ពិសេស​ការងារ​ជា​អ្នកបម្រើ​តាម​ផ្ទះ។ កុមារ​មួយ​ចំនួន​ទៀត កំពុង​ជាប់​ពន្ធនាគារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។