កូរ៉េ​ខាងជើង ៖ ប្រជាជន​ត្រូវ​ត្រៀម​បរិភោគ​ឫស​ឈើ

កាសែត THE TELEGRAPH របស់​អង់គ្លេស​បាន​ដកស្រង់​អត្ថបទ​របស់​កាសែត​កូរ៉េ​ខាងជើង RODONG SINMUN ជា​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ដែល​គូសបញ្ជាក់​ថា ផ្លូវ​ទៅ​រក​បដិវត្តន៍​ពិតជា​លំបាក ហើយ​វែង​ឆ្ងាយ​ដែល​អាច​ឱ្យ​យើង​ត្រូវ​បង្ខំ​ចិត្តជា​ថ្មី​បរិភោគ​ឫស​រុក្ខជាតិ​ទាំងឡាយ​ដើម្បី​រស់ ។

យោង​តាម​កាសែត​អង់គ្លេស​នេះ​ថា កូរ៉េ​ខាងជើង​អាច​ប្រឈម​មុខ​នឹង​សភាពការណ៍​ធ្ងន់ធ្ងរ​បំផុត​មួយ​ដូច​កាលពី​១០​ឆ្នាំ​មុន ពេល​មាន​គ្រោះ​ទុរ្ភិក្ស​ក្នុង​ប្រទេស រវាង​ពី​ឆ្នាំ​១៩៩៤ ទៅ​១៩៩៨ ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣,៥​លាន​នាក់ ក្នុង​ចំណោម​ប្រជាជន​កូរ៉េ​ខាងជើង​២២​លាន​នាក់ ។

THE TELEGRAPH បន្ត​ថា ការ​ធ្លាក់​ស្រុត​ចុះ​នៃ​សភាពការណ៍​សេដ្ឋកិច្ច​ដែល​គំរាមកំហែង​ក្រុង​ព្យុ​ង​យ៉ាង​នឹង​ជា​លទ្ធផល​នៃ បណ្តា​ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ចំពោះ​កូរ៉េ​ខាងជើង ក្រោយ​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៤ និង​ការ​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក ។ ម្យ៉ាងវិញទៀត ចាប់តាំងពី​ដើមឆ្នាំ​នេះ​មក កូរ៉េ​ខាងជើង​បាន​ស្នើ​ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​ជួយ​បញ្ជូន​ជំនួស​ស្បៀង​៤០០.០០០​តោន ។ ក៏​ប៉ុន្តែ​យោង​តាម​ទិន្នន័យ​នានា​ដែល​ចេញផ្សាយ​កាលពី​ខែកុម្ភៈ ថា ជំនួយ​ស្បៀង​តែ​១៧.៦០០​តោន​ប៉ុណ្ណោះ ដែល​បាន​ទទួល ។ ម្យ៉ាងវិញទៀត បើ​តាម​កាសែត​កូរ៉េ​ខាងត្បូង THE CHOSUN LIBO ថា អាជ្ញាធរ​កូរ៉េ​ខាងជើង​បាន​តម្រូវ​ឱ្យ​ពលរដ្ឋ​ក្នុង​មួយ​ខែ​ៗ​យក​អង្ករ​មួយ​គីឡូក្រាម​ទៅ​ដាក់​ក្នុង​ឃ្លាំង​រដ្ឋ ៕