កាន់តែ​ក្តៅ ៖ តុលាការ​ចាត់ការ​សំណុំរឿង​លោក កឹ​ម សុខា និង​ស្រី​មុំ

រាជធានី​ភ្នំពេញ ៖ ថៅកែ​ហាង​កាត់សក់​យីហោ​ខ្មែរ​អង្គរ ឈ្មោះ  ទួន សុ​ជាតិ   បាន​ត្រូវ​លោក សៀង សុខ   ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យ​ចូល​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ មេ​សា ២០១៦ ខាង​មុខ​នេះ ក្នុង​នាម​ជា​សាក្សី​បំភ្លឺ​ក្នុង​សំណុំរឿង​ទំនាក់ទំនង​ស្នេហា​រវាង​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​ស្រី​កំណាន់ ឈ្មោះ ខុ​ម ចាន់​ដា​រ៉ា​ទី ហៅ​ស្រី​មុំ ។

ចំណែក​ឈ្មោះ ខុ​ម ចាន់​ដា​រ៉ា​ទី ហៅ​ស្រី​មុំ ក៏​ត្រូវ​តុលាការ​ចេញ​ដីកា​កោះហៅ​ចូល​បំភ្លឺ នៅ​ព្រឹក​ថ្ងៃ​ទី​៨ មេ​សា ២០១៦ ក្នុង​នាម​ជា​ជនសង្ស័យ​ជុំវិញ​សំណុំរឿង​ផ្តល់​សក្ខីភាព​ក្លែង (​បដិសេធ​មិន​ទទួលស្គាល់​សម្លេង​) និង​ពេស្យា​កម្ម​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ។

ដោយឡែក​លោក កឹ​ម សុខា ដែល​ជា​ជនសង្ស័យ​ក្នុង​សំណុំរឿង​នេះ​ដែរ តុលាការ​ពុំ​ទាន់​មាន​ចំណាត់ការ​នៅឡើយ​ទេ ពោល​គឺ​នៅ​រង់ចាំ​ស្តា​ប់យក​ចម្លើយ​សាក្សី និង​ជនសង្ស័យ ស្រី មុំ ជា​មុន​សិន ។ ការ​កោះហៅ​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​បាន​បញ្ចប់​ការ​ស៊ើបអង្កេត​បណ្តឹង​កញ្ញា ធី សុវណ្ណ​ថា រួច​បញ្ជូន​សំណុំរឿង​មក​កាន់​តុលាការ​វិញ ដោយ​ភ្ជាប់​សេចក្តីសន្និដ្ឋាន​ចោទប្រកាន់​ថា កញ្ញា​ស្រី​មុំ​ផ្តល់​សក្ខីភាព​ក្លែង​ដោយ​បដិសេធ​មិន​ទទួលស្គាល់​សម្លេង​ខ្លួនឯង ហើយ​លោក​កឹ​ម សុខា រួម​ជាមួយ​កញ្ញា ស្រី មុំ អាច​ពាក់ព័ន្ធ​ករណី​ពេស្យា​កម្ម​នៅ​បាងកក ប្រទេស​ថៃ​។

យោង​តាម​របាយការណ៍​នេះ នៅ​ថ្ងៃ​ទី​២៩ មីនា ២០១៦ លោក កែវ សុ​ជាតិ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ទទួល​ចាត់ការ​បណ្តឹង​កញ្ញា ធី សុវណ្ណ​ថា បាន​សម្រេច​បំបែកសំណុំរឿង​ចេញពី​ពាក្យបណ្តឹង​នេះ​មួយទៀត ដើម្បី​ឲ្យ​លោក​ព្រះរាជអាជ្ញា​រង សៀង សុខ បើក​ការ​ស៊ើបអង្កេត​ករណី​លោក កឹ​ម សុខា និង​ស្រី​កំណាន់ ខាងលើ​នេះ ។

ទាក់ទង​សម្លេង​ខ្សែអាត់​នេះ កញ្ញា ស្រី​មុំ ដែល​ជា​តួអង្គ​ស្រី​ក្នុង​រឿង​សម្លេង​ខ្សែអាត់​សន្ទនា​សាសង​ស្នេហា​ជាមួយ​លោក កឹ​ម សុខា ដែល​បាន​បែកធ្លាយ​ជា​បន្តបន្ទាប់​នោះ បាន​ចូលខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​១១ មីនា ២០១៦​។ បន្ទាប់​ពី​ចេញពី​បំភ្លឺ គឺ​កញ្ញា ស្រី​មុំ មិន​បាន​ផ្តល់​សម្ភាសន៍​ដល់​ក្រុម​អ្នកកាសែត​ទេ​។ ប៉ុន្តែ​មេធាវី​របស់​នាង​បាន​បដិសេធ​ថា ពុំ​មែន​ជា​សម្លេង​របស់​នាង​ទេ ។

ដើមចម​ដែល​នាំ​ឲ្យ​មានការ​កោះហៅ​តួអង្គ​ស្រី​ឲ្យ​ចូលខ្លួន​មក​ឆ្លើយ​បំភ្លឺ​នេះ គឺ​បន្ទាប់​ពី​កញ្ញា ធី សុវណ្ណ​ថា ដែល​គេ​ដឹង​ថា ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ពាក្យបណ្តឹង​ប្តឹង​ទៅ​តុលាការ​កាលពី​ថ្ងៃ​ទី​១ មីនា ២០១៦ អំពី​ករណី​បរិហា​កេរ្តិ៍​លើ​រូប​នាង​ដែល​ធ្វើ​តាម​រយៈ​ខ្សែអាត់​សម្លេង​សន្ទនា​រវាង​លោក​កឹ​ម សុខា ជាមួយ​ស្រី​មុំ ដែល​ត្រូវ​បាន​បង្ហោះ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​សារព័ត៌មាន​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​នាង​យ៉ាងធ្ងន់ធ្ងរ​៕