តុលាការ​កោះហៅ​ហៅ​ស្រីមុំ និង​ម្ចាស់​ហាង​កាត់សក់​ខ្មែរ​អង្គរ​បំភ្លឺ​លើ​ករណី​ផ្តល់​សក្ខីកម្ម​ក្លែង​

តុលាការ​កោះហៅ​ហៅ​ស្រីមុំ និង​ម្ចាស់​ហាង​កាត់សក់​ខ្មែរ​អង្គរ​បំភ្លឺ​លើ​ករណី​ផ្តល់​សក្ខីកម្ម​ក្លែង​



ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ និង​លោក ទួន សុជាតិ ម្ចាស់​ហាង​កាត់សក់ “​ខ្មែរ​អង្គរ​” អោយចូល​ខ្លួន​ទាក់ទង​ខ្សែអាត់​សម្លេង​សន្ទនា និង​ករណី​ផ្តល់​សក្ខីកម្ម​ក្លែង និង​អំពើ​ពេស្យាចារ នេះ​បើ​យោងតាម​ដីកា​រកោះ​ពី​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

តាម​ដីកា​កោះ​របស់លោក សៀង សុខ ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ការិយាល័យ​របស់​យើង​ទើប​ទទួលបាន​កាលពី​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៦ ឲ្យ​ដឹងថា អញ្ជើញ​កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ ជា​ជនសង្ស័យ មាន​អាសយដ្ឋាន​ភូមិ​សន្សំ​កុសល​១ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ឲ្យ​ចូលទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨ និង​៣០ នាទី ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​របាយ​ការ​របស់​សមត្ថកិច្ច​នៃ​ន​យក​ដ្ឋា​ន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បង្ហាញថា មាន​ករណី​ផ្តល់​សក្ខីកម្ម​ក្លែង និង​អំពើ​ពេស្យាចារ​។​

ចំណែក​លោក ទួន សុជាតិ ម្ចាស់​ហាង​កាត់សក់ “​ខ្មែរ​អង្គរ​” ត្រូវបាន​លោក សៀង សុខ ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​ឲ្យ​ចូលខ្លួន​ឆ្លើយបំភ្លឺ​នៅ​ថ្ងៃទី​៥ ខែមេសា ឆ្នាំ២០១៦ ខាងមុខ ហើយ​ការកោះហៅ​អោយចូល​ខ្លួន​នេះ គឺ​បន្ទាប់ពី​កញ្ញា ធី សុវណ្ណ​ថា សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ដាក់​ពាក្យ​ប្តឹង​កាលពី​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៦ ស្នើ​សុំអោយ​តុលាការ​ស្វែងរក​ការពិត​ពាក់ព័ន្ធ​ខ្សែអាត់​សម្លេង​សន្ទនា​របស់លោក​កឹម សុខា និង​ស្រីមុំ ដែល​បាន​បរិហាកេរ្តិ៍​លើ​រូបនាង​។​

ទាក់ទង​បញ្ហា​នេះ ការិយាល័យ​របស់​យើង​មិនអាច​សុំ​ការបញ្ជាក់​ពី​កញ្ញា ធី សុវណ្ណ​ថា បានទេ ប៉ុន្តែ​កញ្ញា​បាន​សរសេរ​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​ថ្ងៃទី​០១ ខែមេសា ថា “​ខ្ញុំ​អាច​ទ្រាំ​បាន មនុស្ស​ជាច្រើន​ជេរ​ខ្ញុំ តែ​ខ្ញុំ​ទ្រាំ​មិន​បានទេ ពេល​ឃើញ​មនុស្ស​ថោកទាប​ម្នាក់​បោកប្រាស់​មនុស្ស​ជាច្រើន​”​។ តែ​យ៉ាងណា​កញ្ញា ធី សុវណ្ណ​ថា មិនបាន​បញ្ជាក់ថា “​មនុស្ស​ថោកទាប​” នោះ​ជា​អ្នកណា​ទេ​។​

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦ កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ ដែលជា​តួអង្គ​ក្នុង​រឿង​សម្លេង​សន្ទនា​ជាមួយ​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​នោះ បាន​ឡើង​ឆ្លើយបំភ្លឺ​នៅ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​ក្រសួងមហាផ្ទៃ ប៉ុន្តែ​ការឆ្លើយ​យ៉ាងណា​នោះ មិន​ត្រូវបាន​ស្រីមុំ​ទំលាយ​ឲ្យ​ដឹង​ឡើយ ដោយ​បដិសេធ​មិន​ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ដាច់ខាត​។​

ការ​ចូល​បំភ្លឺ​នេះ តាម​ព័ត៌មាន​បាន​ឲ្យ​ដឹងថា មាន​អមដោយ​លោកស្រី ទ្រី ឈួន មេធាវី​របស់​សមាគម​អាដហុក និង​មានការ​តាមឃ្លាំមើល​ពី​មន្ត្រី​អង្គការ​លីកាដូ និង​អាដហុក រួមទាំង​ការ​សែត​ជាតិ និង​អន្តរជាតិ​។ អ្វី​ដែលជា​កត់សំគាល់​នោះ កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ មិន​ត្រូវបាន​មេធាវី​អនុញ្ញាតិ​ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ទេ ដែល​បញ្ហា​នេះ បាន​កើតជា​បញ្ហា​ចម្ងល់​យ៉ាងខ្លាំង​សម្រាប់​អ្នកសារព័ត៌មាន។

ពាក់ព័ន្ធ​ការ​បែក​ធ្លាយ សំឡេង​សាសង​ស្នេហា​របស់លោក កឹម សុខា ដែល​ត្រូវបាន​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក រឿង​ពិត CNRP បង្ហោះ​ជា​បន្តបន្ទាប់​នោះ រហូតមកដល់​ពេលនេះ បើ​ទោះបី​ជា​មាន​ការ​តវ៉ា​ពី​ក្រុម​យុវជន​ជាច្រើនលើក​ច្រើនសារ​ក្តី លោក កឹម សុខា មិនបាន​ចេញមុខ​មក​បកស្រាយ​បញ្ជាក់​ការពិត​នោះទេ​៕

តុលាការ​កោះហៅ​ហៅ​ស្រីមុំ និង​ម្ចាស់​ហាង​កាត់សក់​ខ្មែរ​អង្គរ​បំភ្លឺ​លើ​ករណី​ផ្តល់​សក្ខីកម្ម​ក្លែង​