ព័ត៌មាន​បន្ថែម​ជុំវិញ​ករណី​ចាក់​ដី​លុប​អូរ​ នៅ​កណ្ដាល​ក្រុង​សែន​មនោរម្យ

ព័ត៌មាន​បន្ថែម​ជុំវិញ​ករណី​ចាក់​ដី​លុប​អូរ​ នៅ​កណ្ដាល​ក្រុង​សែន​មនោរម្យ



មណ្ឌលគិរី​ ៖ ​​អូរ​មួយ​កន្លែង​ ដែល​ជា​កន្លែង​ផ្លូវ​ទឹក​យ៉ាង​សំខាន់​ មាន​ផ្ទៃដី​ប្រមាណ​១​​ហិកតា​ ស្ថិត​នៅ​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មានជ័យ ​កណ្ដាល​ក្រុង​សែនមនោរម្យ​ ត្រូវ​បាន​គេ​ដឹង​ថា សព្វថ្ងៃ​នេះ​ លោក​សាន់ ដា​រឹទ្ធ ប្រធាន​មន្ទីរ​រ៉ែ​ និង​ថាមពល​ខេត្ត​មណ្ឌលគិរី​បាន​ចាក់​ដី​លុប​អូរ​ ឬ​ច្រប់​នេះ​ស្ទើរ​ទាំងស្រុង​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ សង្ស័យ​មាន​ការ​ឃុបឃិត​គ្នា​ ជាមួយ​មន្ត្រី​សាលាក្រុង​សែន​មនោ​រម្យ និង​មន្ត្រី​ សាលាសង្កាត់​ស្ពាន​មានជ័យ​ធ្វើការ​បិទបាំង​ខេត្ត ​ឬ​រាយការណ៍​បំភ្លៃ​ថ្នាក់​លើ​បាន​ជា​រឿង​ស្ងាត់ឈឹង​បែបនេះ។

ប្រជាពលរដ្ឋ​សុំ​ស្នើ​​ឲ្យ​រដ្ឋបាល​សាលាខេត្ត​មណ្ឌលគិរី​ជួយ​ចាត់វិធានការ​បញ្ហា​នេះ​ផង​ ដោយ​ចាត់ចែង​ឲ្យ​ក្រុម​គណៈកម្មាធិការ​ចម្រុះ​ខេត្ត​ធ្វើការ​ស្រាវជ្រាវ ​និង​ពិនិត្យ​នៅ​ទីតាំង​មួយ​នេះ ​ព្រោះ​វា​ជា​សម្បត្តិ​របស់​រដ្ឋ​ និង​ជៀសវាង​ការ​រំលោភបំពាន​ពី​ក្រុម​អ្នក​មាន​អំណាច​មួយ​ក្តាប់​តូច ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​បាន​ដោយ​សេរី​បែបនេះ។ ម្យ៉ាងវិញទៀត​សូម​ស្នើរ​​ឲ្យ​លោក​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម​មេត្តា​ជួយ​ចាត់ចែង​មន្ត្រី​ជំនាញ​របស់​លោក​ឲ្យ​ចុះ​មក​ធ្វើ​ការ​ស្រាវជ្រាវ​ដល់​ទីតាំង​មួយ​នេះ​ផង។

សូម​ជម្រាប​ថា​ ទីតាំង​ខាង​លើ​នេះ​ ពី​ដើម​ វា​ជា​អូរ​ ឬ​ច្រប់​សម្រាប់​ស្ដុក​ទឹក ​ហើយ​វា​ក៏​ជា​ផ្លូវទឹក​យ៉ាង​សំខាន់​ទៀត​ផង​ សម្រាប់​ធ្វើ​ការ​បញ្ចៀស​ទឹក​ទៅ​កាន់​ទី​ផ្សេងៗ​ គឺ​គ្មាន​ផល​រំខាន​ដល់​ផល​ប៉ះពាល់​ទឹក​ជន់​លិច​ឡើយ។ តែ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ​ទីតាំង​មួយ​នេះ​ត្រូវ​បាន​លោក​ប្រធាន​មន្ទីរ​ខាងលើ​ដឹក​ដី​មក​ចាក់​បំពេញ​អូរ​ ឬ​ច្រប់​នេះ​ស្ទើរតែ​បាត់​ភស្តុតាង​ទាំងស្រុង​ទៅ​ហើយ ​ដោយ​គ្មាន​ការ​ខ្វល់ខ្វាយ​ពី​លោក​ក្រុង និង​លោក​ សង្កាត់​ឡើយ។ រហូត​មក​ដល់​ពេល​នេះ ​មន្ត្រី​សាលា​ក្រុង និង​មន្ត្រី​សាលាសង្កាត់​មិន​ទាន់​មាន​ចំណាត់​ការ​លើ​បញ្ហា​នេះ​ឡើយ​ ហើយ​បញ្ហា​នេះ​ ​បន្ទាប់ពី​មាន​កាសែត ​និង​ទូរទស្សន៍​ក្នុងស្រុក​ បាន​ធ្វើ​ការ​ចុះផ្សាយ​​​រួច​មក ​​​​​​ស្រាប់​តែ​លេច​ធ្លាយ​ថា ក្រុង និង​អ្នក​លុប​អូរ​ ឬ​ច្រប់​ ​កំពុង​ស្វះស្វែង​ផ្តល់​បទសម្ភាសន៍​ឲ្យ​អ្នក​ព័ត៌មាន​មួយ​ចំនួន​ធ្វើការ​បកស្រាយ​ក្នុង​ន័យ​បំភ្លៃ​ការពិត​ដល់​សាធារណជន​តែប៉ុណ្ណោះ។ តាម​ប្រភព​ច្បាស់​ការ​មួយ​អាច​ជឿ​ និង​ទុក​ចិត្ត​បាន​នោះ​និយាយ​ថា លោក​សាន់ ដា​រឹទ្ធ ​ប្រធាន​មន្ទីរ​រ៉ែ ​និង​ថាមពល​ខេត្ត​មណ្ឌលគិរី​នេះ​ ​បាន​ទិញ​ដី​ពី​ប្រពន្ធ​លោក យឹម វណ្ណា​ អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ខេត្ត​មណ្ឌលគិរី​ចំនួន​១០​ម៉ែត្រ​នៅ​ក្បែរ​អូរ​នេះ។

លោក​យឹម វណ្ណា​ អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​នៅ​រសៀល​ថ្ងៃនេះ​បាន​ឲ្យ​ដឹង​ថា គាត់​បាន​លក់​ដី​នេះ​នៅ​ក្បែរ​អូរ​ ឬ​ច្រប់​នេះ​មែន​ តែ​វា​អត់​បាន​ប៉ះពាល់​ផ្ទៃដី​អូរ​ និង​ច្រប់​នោះ​ទេ​ ព្រោះ​កន្ទុយ​ដី​របស់​គាត់​នៅ​​ចម្ងាយ​៨​ម៉ែត្រ​ទៀត​ទើប​ដល់​អូរ។

លោក ឈឹម កាន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​មណ្ឌលគិរី​ បាន​ប្រាប់​ឲ្យ​ដឹង​ផង​ដែរ​នៅ​រសៀល​ថ្ងៃនេះ​​​ថា បញ្ហា​ប្រពន្ធ​របស់​លោក​យឹម វណ្ណា ​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​លក់​នេះ​ចំនួន​១០​ម៉ែត្រ​មិន​ប៉ះពាល់​ផ្ទៃដី​អូរ ​ឬ​ច្រប់​នេះ​ទេ ហើយ​ការ​លក់​ដី​ចំនួន​១០​ម៉ែត្រ​នៅ​ក្បែរ​អូរ​នេះ ​មន្ទីរ​បាន​ធ្វើ​លិខិត​បំភ្លឺ​ទៅ​ក្រសួង​ហើយ។

លោក​ប្រធាន​មន្ទីរ​ដដែល​ឲ្យ​ដឹង​ទៀត​ថា ការ​ចាក់ដី​លុប អូរ ច្រប់ ស្ទឹង​បឹងបួ ​វា​ជា​រឿង​ខុសច្បាប់។

លោក ខែម ភារ​ម្យ ប្រធាន​មន្ទីរ​ធនធាន​ទឹក​ និង​ឧតុនិយម​ខេត្ត​មណ្ឌលគិរី​ នៅ​រសៀល​ថ្ងៃនេះ​មិន​អាច​សុំ​ការ​បំភ្លឺ​បានទេ។

លោក ម៉ៅ ធនារ​ក្ស ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត ​បាន​ឲ្យ​ដឹង​ថា ​លោក​កំពុង​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​លុប​បំពេញ​អូរ​នេះ ​ព្រោះ​វា​អាច​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​នា​ពេល​ខាង​មុខ ទី​១.​បាត់​ប្រភព​ស្តុក​ទឹក ទី​២​ ផុយ​ស្រួយ​ក្នុង​រដូវវស្សា​ជំនន់​ជន់​លិច។

លោក​ស្វាយ សំ​អ៊ាង បាន​ថ្លែង​ថា លោក​បាន​ទទួល​ព័ត៌មាន​នេះ​ហើយ ​ខេត្ត​នឹង​ត្រៀម​ជំរុញ​ឲ្យ​គណៈកម្មាធិការ​ចម្រុះ​ខេត្ត​ចុះ​ពិនិត្យ​ដល់​ទីតាំងង​មួយ​នេះ និង​ឈាន​ទៅ​ចាត់​វិធានការណ៍​តាម​ផ្លូវ​ច្បាប់។

លោក​អភិបាលខេត្ត​មណ្ឌលគិរី​បាន​ធ្វើ​ការ​ស្នើ​​ឲ្យ​មន្ត្រីៗ​ទូទាំង​ខេត្ត​មណ្ឌលគិរី​សូម​កុំ​នាំគ្នា​ដេកលក់​ស្រួល​ពេក ​និង​ភ្លេច​ខ្លួនឯង​ជា​ម​ន្ត្រី​អនុវត្ត​ច្បាប់ ​ត្រូវ​រួមគ្នា​រក​ដំណោះស្រាយ ​​​បញ្ហា​ផ្សេងៗ​ដែល​បាន​កើតឡើង និង​បម្រុង​កើតឡើង​ក្នុង​តំបន់ ឈាន​ទៅ​រក​ការ​ចាត់​វិធានការណ៍​តាមច្បាប់ ដើម្បី​បម្រើ​សង្គម​ និង​ប្រជាពលរដ្ឋ៕