ក្រសួងការបរទេស​បាន​ប្រកាស​ឲ្យ​មន្ត្រី​របស់​ខ្លួន​រក្សា​ភាព​ស្ងប់ស្ងាត់​ក្រោយពី​ចាប់​មន្ត្រី​ម្នាក់​ពីបទ​ពុករលួយ

ក្រសួងការបរទេស​បាន​ប្រកាស​ឲ្យ​មន្ត្រី​របស់​ខ្លួន​រក្សា​ភាព​ស្ងប់ស្ងាត់​ក្រោយពី​ចាប់​មន្ត្រី​ម្នាក់​ពីបទ​ពុករលួយ



ភ្នំពេញ ៖ បន្ទាប់ពី​មានការ​ចាប់ខ្លួន​មន្ត្រី​មួយ​រូប​នៅ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ទាក់ទង​និង​អំពើពុករលួយ​នោះ ក្រសួងការបរទេស​បាន​ប្រកាស​ឲ្យ​មន្ត្រី​ក្រសួង​ទាំងអស់​រក្សា​ភាព​ស្ងប់ស្ងាត់ និង​បន្ត​ការងារ​របស់ខ្លួន​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ចុះ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹង​ថា “​សូម​ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់​កុំ​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ករណី អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ចាប់​មន្ត្រី​ក្រសួងការបរទេស​មួយ​រូប នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៦ ដោយសារ​មាន​ភស្តុតាង​ច្បាស់លាស់ អំពី​ការ​ទទួល​លុយ​ពី​បរទេស ដើម្បី​ប្រថាប់ត្រា​បញ្ជាក់​ឯកសារ ដែល​មិន​ពាក់ព័ន្ធ​ក្រសួងការបរទេស​ទេ​”​។ ក្រសួងការបរទេស​បញ្ជាក់​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​បន្ត​ទៀត​ទាក់ទង​បញ្ហា​នេះ។

ទាក់ទង​បញ្ហា​នេះ កម្ពុជា​ថ្មី​នៅ​មិនទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ី​ន​ទៀង អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បានទេ រហូតមកដល់​ល្ងាច​ថ្ងៃ​ទី​០១ ខែមេសា ប៉ុន្តែ​លោក​បានបញ្ជាក់​ខ្លី​ប្រាប់​អ្នកសារព័ត៌មាន​ថា ពិតជា​មាន​ករណី​ចាប់ខ្លួន​នេះ​មែន។

សូម​បញ្ជាក់​ថា ម៉ោង​ប្រមាណ​ជាង​១១ ព្រឹក ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៦ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​ឆ្មក់​ចូល​ចាប់​ខ្លួន​មន្ត្រី​ម្នាក់​បម្រើការ​នៅ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ពាក់ព័ន្ធ​ការប្រព្រឹត្ត​អំពុក​រលួយ​ក្នុង​ការ​រត់ការ​ឯកសារ​មិន​ប្រក្រតី​មួយ​ចំនួន​ឲ្យ​ក្រុមហ៊ុន​ឯកជន ហើយ​បើ​តាម​ប្រភព​ពី​មន្ត្រី​មួយ​រូប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​អះអាង​ថា ការចាប់ខ្លួន​មន្ត្រី​ក្រសួងការបរទេស​បាន​ធ្វើឡើង ខណៈពេលដែល​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កំពុង​ជួប​ជាមួយ​លោកស្រី Tatyana Valovaya រដ្ឋមន្ត្រី​ទទួលបន្ទុក​សមាហរណកម្ម និង​មីក្រូសេដ្ឋកិច្ច​របស់​សហ​ភាព​សេដ្ឋកិច្ច​អឺរ៉ុប​អាស៊ី ( Eurasian Economic Union)។

ទាក់ទង​នឹង​ការ​ចាប់ខ្លួន​នេះ កម្ពុ​ជាថ្មី​មិនទាន់​អាច​សុំ​បញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក ជុំ សុន្ទរី បានទេ ដោយ​ទូរស័ព្ទ​មិន​អាច​ទំនាក់ទំនង​បាន ហើយ​ឆ្មក់​ចូល​ចាប់​ខ្លួន​នេះ ក៏​មិនទាន់​មាន​ប្រភព​ណាមួយ​បញ្ជាក់​ពី​អត្តសញ្ញាណ​មន្ត្រី ដែល​ត្រូវ​នាំ​ខ្លួន​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅឡើយ​ទេ​៕