បែក​ធ្លាយ​មេ​គយ​ខេត្ត​សៀមរាប​បើកភ្លើង​ខៀវ​ឲ្យ​ទំនិញ​គេចពន្ធ​ហូរ​ចូល​ដូច​ហែ​កឋិន

បែក​ធ្លាយ​មេ​គយ​ខេត្ត​សៀមរាប​បើកភ្លើង​ខៀវ​ឲ្យ​ទំនិញ​គេចពន្ធ​ហូរ​ចូល​ដូច​ហែ​កឋិន



សៀមរាប​ ៖ ធុំ​ក្លិន​មេ​សាខាគយ​ខេត្តសៀមរាប​គ្មាន​ឆន្ទៈ​បង្ក្រាប​ទំនិញ​គេចពន្ធ​ដែល​គេ​មើល​ឃើញ​ថា ​កំពុង​សម្រុក​ហូរ​ចូល​យ៉ាង​គំហុក​មក​ខេត្ត​ទេសចរណ៍​សៀមរាប​អង្គ​រហើយ​ករណី​នេះ​គេ​បានដាក់​ការសង្ស័យ​ថា ​ប្រធាន​សាខាគយ​ខេត្តសៀមរាប​កំពុង​ត្រូវ​ថ្នាំ​សណ្តំ​១​មេ​ធំ​ធ្វើ​ឲ្យ​គាត់​សម្ងំ​​យ៉ាង​ស្រួល។

ប្រភព​បាន​ទម្លាយ​ឲ្យ​ដឹង​ថា លោក​សុខ សុ​ដា​រ៉ា​ដែល​កំពុង​កាន់​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តសៀមរាប​ជាប់​ទាក់ទិន​ជាមួយ​អំពើពុករលួយ​ក្នុង​ការ​ឃុបឃិត​ឲ្យ​មាន​អំពើ​រត់ពន្ធ​ទំនិញ​ខុសច្បាប់​គ្រឿងសំណង់​ទំនិញ​ចាប់ហួយ​ដោយ​សម្ងំ​កើប​លុយ​ពី​ទំនិញ​គេចពន្ធ ​និង​ ទំនិញ​បង់ពន្ធ​មិន​គ្រប់​នាំ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ​។

ប្រភព​បន្ត​ថា គេ​មិនដែល​ឃើញ​មន្ត្រី​គយ​ក្រោម​បញ្ជា របស់​លោក សុខ សុ​ដា​រ៉ា ចេញ​បង្ក្រាប​ការដឹកជញ្ជូន​ទំនិញ​ខុសច្បាប់ ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ម្តង​ណា​ឡើយ ចាប់តាំងពី​ពេល​ដែល​លោក​សុខ​សុ​ដា​រ៉ា​ ត្រូវ​បានតែងតាំង​ជា ប្រធាន​សាខាគយ ប្រចាំខេត្ត​សៀមរាប​បើទោះបីជា​សកម្មភាព​រត់​ពន្ធ​ទំនិញ​ខុសច្បាប់​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ក៏ដោយ។

កង្វះ​ឆ​ន្ទៈ​ក្នុង​ការ​បង្ក្រាប​ការ​ដឹកជញ្ជូន​ទំនិញ​ខុសច្បាប់ របស់​លោក​សុខ សុ​ដា​រ៉ា បង្កើត​ឲ្យ​មាន​ភាព​ប្រទាក់ប្រទើស​សម្រាប់​ការកែទម្រង់​គយ មិន​គួរណា​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មើលរំលង​ពី​ភាព​អសកម្ម របស់​លោក​សុខ សុ​ដា​រ៉ា នោះ​ទេ​។

មន្ត្រី​គយ​មួយ​ចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ការ​សម្ងំ​កើប​លុយ​យ៉ាង​ស្ងៀមស្ងាត់​បែបនេះ​អាចធ្វើ​ឲ្យ​លោក​សុខ​សុ​ដា​រ៉ា​មាន​លុយ​ឡើង​ខាប់​ដូច​ទឹកគ្រឿង​ហាក់​ដូច​ជា​ មិន​តុល្យភាព​ទៅនឹង​ប្រាក់ខែ​ជា​មន្ត្រី​គយ​នោះទេ​។

លោក​សុខ សុ​ដា​រ៉ា មុន​ពេល​តែ​ង​តាំង​ជា​ប្រធាន​សាខាគយ​ប្រចាំ​ខេត្តសៀមរាប​គាត់​មាន​បទពិសោធន៍​ក្នុង​ការ​សម្រួល ឲ្យ​ឈ្មួញ​រត់ពន្ធ​ទំនិញ​ខុសច្បាប់ តាំងពីដើម​មក​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​ត្រូវ​ឱនលំទោន​សុំ​យោគយល់​និង​បង់លុយ​ឲ្យ​លោក​សុខ សុ​ដា​រ៉ា ជា​ហូរហែ។

មានការ​ទម្លាយ​ថា ការ​ដឹកជញ្ជូន​ទំនិញ គ្រប់​ប្រភេទ​មកពី​តាម​ច្រកព្រំដែន​ប៉ោយប៉ែត​,​អូ​ស្មាច់​សំដៅ​ចូលមក​ឃ្លាំង​ស្តុក​ទំនិញ របស់​ឈ្មួញ​ធំៗ នៅក្នុង​ខេត្តសៀមរាប ដើម្បី​លក់​ចែកចាយ​ទៅតាម​ទីផ្សារ​និង​កន្លែង​បោះ​ដុំ​ផ្សេងៗ​ទៀត​នឹង​ធ្លាយ​ទៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ត្រូវ​ឆ្លងកាត់​ខេត្ត​សៀមរាប​ហើយ​ក្នុង​តួនាទី​ជា​ប្រធាន​សាខាគយ ខេត្ត​ខេត្តសៀមរាប លោក សុខ សុ​ដា​រ៉ា កំពុង​សុខ​ស្រួល​ក្នុងការ​ចាត់តាំង​មន្ត្រីក្រោម​ឱវាទ ឲ្យ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ ទាំង​ការដឹកជញ្ជូន​ទំនិញ​ស្របច្បាប់​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ពោលគឺ គ្រប់​ច្រក គ្រប់​ដង្ហើម​គ្រប់​ទូរស័ព្ទ​រោទ៍​សុទ្ធតែ​ពាក់ព័ន្ធ នឹង​បញ្ហា​ផលប្រយោជន៍ ដែល​សុខ សុ​ដា​រ៉ា​អាច​ប្រមូល​យក​ទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។​ទាក់ទិន​នឹង​ករណី​ចោទប្រកាន់​ខាងលើ​នេះដែរ លោក សុខ សុ​ដារ៉ា ​ប្រធាន​សាខាគយ ខេត្ត​ខេត្តសៀមរាប មិនអាច​សុំ​ការ​ពន្យល់​បានទេ​នា​រសៀល​ថ្ងៃ​ទី​០១ ខែមេសា​នេះ ដោយ​ហៅ​ទូរស័ព្ទ​ទៅ​លោក​ចូល​ហើយ និយាយ​ថា អា​ឡូ អា​ឡូ រួច​ក៏​ចុច​បិទ​ទូរស័ព្ទ​តែម្តង។

ជុំ​វិញ​ការចោទប្រកាន់​លើ​ករណី​ខាង​លើ​នេះ​ដែរ គេ​មានការ​សង្ឃឹមថា​ លោក​ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប​នឹង​អាច​មាន​ចំណាត់​ការ​ស៊ើប​អង្កេត​លើ​ករណី​ខាងលើ​នេះ​យ៉ាងណា​នោះ​ទេ ដើម្បី​ស្រាយ​ចម្ងល់​ឲ្យ​មហាជន​បាន​ដឹង​ពី​ករណី​គយ​ខេត្តសៀមរាប​នេះ​ផង។

សូម​រំលឹក​ថា នា​ពេល​ថ្មីៗ​នេះ​សម្តេច​តេ​ជោ​ហ៊ុន សែន​ បាន​ចេញ​អនុក្រឹត្យ​តែង​តាំង​សមាសភាព​បង្ក្រាប​ និង ​ទប់ស្កាត់​អំពើ​រត់ពន្ធ​ខុសច្បាប់​ដោយមាន​រដ្ឋ​មន្ត្រីក្រសួង​សេដ្ឋកិច្ច​ជា​ប្រធាន​អគ្គនាយក​គយ​និង​រដ្ឋការ​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ហើយ​ប្រធាន​សាខាគយ​នៅតាម​ខេត្ត​ក៏​មាន​តួនាទី​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៅតាម​មូលដ្ឋាន​នីមួយៗ​សំដៅ​ធ្វើ​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រមូល​ពន្ធ​ជូន​រដ្ឋ ប៉ុន្តែ​ក្រុម​អ្នក​តាមដាន​កំណែទម្រង់​គយ​បាន​លើក​ឡើង​ថា ​វិធានការ​នេះ​មិន​សូវ​មាន​ប្រសិទ្ធភាព​ទេ​ ប្រសិនបើ​គ្មាន​ការ​ផ្លាស់ប្តូរ​តំណែង​មន្ត្រី​គយ​មួយ​ចំនួន​ដែល​គ្មាន​ឆ​ន្ទៈ​ក្នុង​ការ​អនុវត្តន៍​កំណែទម្រង់​ស៊ីជម្រៅ​នា​ពេល​កន្លងមក​៕

បែក​ធ្លាយ​មេ​គយ​ខេត្ត​សៀមរាប​បើកភ្លើង​ខៀវ​ឲ្យ​ទំនិញ​គេចពន្ធ​ហូរ​ចូល​ដូច​ហែ​កឋិន បែក​ធ្លាយ​មេ​គយ​ខេត្ត​សៀមរាប​បើកភ្លើង​ខៀវ​ឲ្យ​ទំនិញ​គេចពន្ធ​ហូរ​ចូល​ដូច​ហែ​កឋិន