ដូ​ណា​ល់​ត្រាំ​៖ ក​តិ​កា​សញ្ញា​ហ្សឺ​ណែវ ធ្វើ​ឲ្យ​ទាហាន​អាមេរិក​ខ្លាច​ការប្រយុទ្ធ​

​សេដ្ឋី​អចលនទ្រព្យ​និង​ជា​បេក្ខជន​នាំមុខ​បក្ស​សាធារណរដ្ឋ លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ចាត់ទុក​កតិ​កា​សញ្ញា​ក្រុង​ហ្សឺ​ណែវ  ជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​ទាហាន​អាមេរិក​មិន​ហ៊ាន​ប្រយុទ្ធ​និង​ធ្វើ​ទារុណកម្ម​។ អ្នកនយោបាយ​រូបនេះ​ស្នើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​លិខិតបទដ្ឋាន​អន្តរជាតិ​បង្កើតឡើង​ក្រោយ​សង្គ្រាមលោកលើកទី​២ ដើម្បី​មានទណ្ឌ​កម្ម​បន្ថែម​ប្រឆាំង​ក្រុម​ភេរវជន​។​

​ជា​រឿង​គួរ​ឲ្យ​អស់សំណើច​នៅពេលដែល បេក្ខជន​នាំមុខ​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ ចាត់ទុក​លិខិតបទដ្ឋាន​អន្តរជាតិ​ដែល​បង្កើតឡើង​ក្រោយ​សង្គ្រាមលោក​លើ​ទី​២ «​ក​តិកា​សញ្ញា​ក្រុង​ហ្សឺ​ណែវ​»  សម្រាប់​ប្រឆាំង បទឧក្រិដ្ឋ​សង្គ្រាម ការពារ​ជន​ស៊ីវិល​និង​ឈ្លើយសឹក ក្នុងពេល​មាន​សង្គ្រាម​នោះ​ថា​ជា​បញ្ហា​សម្រាប់ សហរដ្ឋអាមេរិក​។

​នៅ​ថ្ងៃ​ពុធ​ទី ២៩ មីនា ក្នុង​សុន្ទរកថា​ពាក់ព័ន្ធ​ទណ្ឌកម្ម  អ្នកនយោបាយ​រូបនេះ​បាន​លើកឡើងថា  ដោយសារតែ​ក​តិកា​សញ្ញា​ក្រុង​ហ្សឺ​ណែវ​នេះហើយ ទើបបានជា​ទាហាន​អាមេរិក​មិន​ហាន​ប្រយុទ្ធ និង​មិន​ហ៊ាន​ធ្វើ​ទារុណកម្ម​។ លោក​ថា​៖« បញ្ហា​នោះ​គឺ​យើង​មានច្បាប់​និង​បទបញ្ញត្តិ​នានា​ចែង​ក្នុង​ក​តិ​កា​សញ្ញា​ហ្សឺ​ណែវ ។ ដូច្នេះហើយ​បានជា​ទាហាន​មិន​ហ៊ាន​ប្រយុទ្ធ​»​។​

​លោក​បន្ថែមថា​៖«​យើង​មិន​អាចធ្វើ​ទារុណកម្ម​ដោយ​ចាក់ទឹក​ក្រុម​ភេរវជន​បាន តែ​ផ្ទុយទៅវិញ​ពួកគេ​អាច​កាត់​ក្បាល​ទាហាន​យើង​។  ដូ​ច្នះ​ខ្ញុំ​គិតថា យើង​ត្រូវ​ផ្លាស់ប្តូរ និង​សម្រួល​ចំណុច​ខ្លះ​»​។

​ដូច​លើកឡើង​ខាងដើម​ស្រាប់ក​តិកា​សញ្ញា​ក្រុង​ហ្សឺ​ណែវ​ត្រូវ​បានអនុម័ត​ឡើង​ក្នុង​ឆ្នាំ ១៩៤៩ ក្រោយ​សង្គ្រាមលោកលើកទី​២​។ បច្ចុប្បន្ននេះ​មាន​ប្រទេស ១៩៦ ជា​ហត្ថលេខី​នៃ​ក​តិកា​សញ្ញា​នេះ ហើយ​ត្រូវបាន​គេ​អនុម័ត​ឡើង​ដោយ​ផ្អែក​សំខាន់​លើ​ច្បាប់​របស់​អាមេរិក​ឆ្នាំ ១៨៨២ ដែល​បង្កើត​ក្រោយ​សង្គ្រាមស៊ីវិល​។ ច្បាប់​អន្តរជាតិ​នេះ​គ្រប់គ្រង​ការទទួលខុសត្រូវ​និង​ការពារ​ជន​ស៊ីវិល​និង​ឈ្លើយសឹក​សង្គ្រាម ហើយ​វា​ក៏​ហាមឃាត់​រាល់​ការប្រើប្រាស​ទារុណកម្ម​និង  រាល់​ទង្វើ​ណាមួយ​ដែល​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​។ អាច​ថា​វា​ជា​លិខិតបទដ្ឋាន​សំខាន់បំផុត​មួយ​សម្រាប់​ប្រឆាំង​រាល់​បទឧក្រិដ្ឋ​សង្គ្រាម​និង​បញ្ចប់​រាល់​ទារុណកម្ម​ឃោរឃៅ​ព្រៃផ្សៃ​ជាដើម​។​

​បើ​យោងតាម​ការលើកឡើងរ​បស់​សេដ្ឋី​អចលនទ្រព្យ​រូបនេះ បើ​ករណី​លោក​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក នឹង​កែប្រែ​ច្បាប់​ដែល​អាមេរិក​បាន​អនុវត្ត​អស់កាល​ជា​យូរណាស់​មកហើយ​នោះ ហើយ​ទណ្ឌកម្ម​ព្រៃផ្សៃ​ផ្សេងទៀត​ក៏​ប្រហែលជា​នឹង​ត្រូវគេ​យកមកប្រើ​ប្រាស់​ឡើងវិញ​ដែរ​។​

​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​និង​អ្នកជំនាញ​បាន​រិះគន់​លោក​ដូ​ណា​ល់ ដែល​ចាត់ទុក​ក​តិកា​សញ្ញា​អន្តរជាតិ​ការពារ​សិទ្ធិ​ជន​ស៊ីវិល​ក្នុង​សង្គ្រាម​និង​ប្រឆាំង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ថា​ជា​ឧបសគ្គ​ទៅវិញ​។ វា​ហាក់ដូចជា អ្នកនយោបាយ​ខាងលើ​មិនបាន​យល់​អ្វី​បន្តិច​សោះ​ពី​ច្បាប់​អន្តរជាតិ​នេះ ហើយ​លោក​ក៏​ចង់​ឲ្យ​ទាហាន​អាមេរិក​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​សង្គ្រាម​ដែល​ពិភពលោក​ស្អប់ខ្ពើម​ដែរ​។​

​សូមបញ្ជាក់ថា កន្លងមក លោក ដូ​ណា​ល់ ត្រាំ បានស្នើ​ឲ្យ​មាន​ការធ្វើ​ទារុណកម្ម​និង​សម្លាប់​ក្រុមគ្រួសារ​ក្រុម​ជនសង្ស័យ​ពាក់ព័ន្ធ​ភេរវកម្ម​ដើម្បី​សងសឹក​ក្រុម​នេះ​។ តែ​ទង្វើ​នេះ​វា​បំពាន​ក​តិកា​សញ្ញា ក្រុង​ហ្សឺ​ណែវ​រួចទៅហើយ​។ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ លោក​ក៏​ធ្លាប់​ប្រកាស​ម្តង​ហើយ​ថា ក្នុងករណី​លោក​ក្លាយជា​មេបញ្ជាការ​កំពូល បើ​លោក​បញ្ជា​ឲ្យ​កងទ័ព​រំលោភច្បាប់​អន្តរជាតិ ពួកគេ​នឹងមិន​ហ៊ាន​ល្មើ​សនឹង​បញ្ជា​លោក​ឡើយ​៕