ទេសរដ្ឋមន្ត្រី ស៊ុន ចាន់​ថុល ៖ ការកែទម្រង់​គឺ​ដើម្បី​កាត់បន្ថយ​ជំនួប​រវាង​មន្ត្រី​ក្រសួង​និង​ផ្នែក​ឯកជន

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់​ថុល ៖ ការកែទម្រង់​គឺ​ដើម្បី​កាត់បន្ថយ​ជំនួប​រវាង​មន្ត្រី​ក្រសួង​និង​ផ្នែក​ឯកជន



ភ្នំពេញ ៖ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​រំលឹក​ពី​ការកែទម្រង់​របស់​ខ្លួន​នា​ពេល​កន្លងមក ហើយ លោក​បាន​ថ្លែង​ក្រោយ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​អគារ​ថ្មី កម្ពស់ ៤​ជាន់​នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម​នៅ​ថ្ងៃទី ១ ខែមេសា ឆ្នាំ​២០១៦ នេះ។

ជាថ្មី​ម្តងទៀត​មុន​ចាកចេញ​ទៅកាន់​ក្រសួង​ថ្មី​នា​ពេល​ខាងមុខនេះ លោក ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល រដ្ឋ​ក្រសួងពាណិជ្ជកម្ម​នៅតែ​អះអាង​ថា មូលហេតុ​ដែល​លោក​សម្រេចចិត្ត​កែទម្រង់​ក្រសួងពាណិជ្ជកម្ម​នោះ គឺ​អនុវត្តតាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហើយ​សម្តេច​បាន​ឲ្យ​មន្ត្រី​ទាំងអស់​តាម​ក្រសួង​ត្រូវ​ងូត​ទឹក ឆ្លុះកញ្ចក់ និង​ដុសក្អែល​ខ្លួនឯង ហើយ​ជាក់​ស្តែង​ក្រសួងពាណិជ្ជកម្ម​បានធ្វើ​ការកែទម្រង់​ភ្លាមៗ ដូចជា​កាត់បន្ថយ​ជំនួប​រវាង​មន្ត្រី និង​ផ្នែក​ឯកជន​។​

ការ​លើក​ឡើង ដូច្នោះ​របស់ លោក ស៊ុន ចាន់ថុល ធ្វើឡើង​ក្នុង​ពិធី​សម្ភោ​ធន​អគារ​ថ្មី​នៅ​ថ្ងៃទី ១​ខែមេសា ឆ្នាំ​២០១៦ មាន​កម្ពស់ ៤​ជាន់​នៅ​ក្រសួងពាណិជ្ជកម្ម ដែល​ចំណាយ​ថវិកា​រដ្ឋ​ចំនួន ១.៨៦៣.១០០​ដុល្លារ​អាមេរិក។ លោក​បាន​ថ្លែង​ទៀតថា ការកែទម្រង់​កន្លងមក​របស់​ក្រសួងពាណិជ្ជកម្ម​ចំ​ទិសដៅ ដូចជា​ការចុះបញ្ជី​ក្រុមហ៊ុន​តាម​ប្រព័ន្ធ​អន​ឡាញ​ជាដើម ការ​បញ្ជាក់​ប្រភព​ទំនិញ​ធ្វើ​ឲ្យ​លឿន​នឹង​កាត់បន្ថយ​ជំនួប​មន្ត្រី​ក្រៅផ្លូវការ ហើយ​ក្រសួងពាណិជ្ជកម្ម​កំពុងតែ​ធ្វើ​កិច្ចការ​ជា​ច្រើន​ក្នុង​ការចរចារ​ពាណិជ្ជ​កម្ម​ក្រៅប្រទេស និង​ក្នុង​តំបន់​។​

តាមរយៈ​ការកែទម្រង់​នោះ លោក ស៊ុន ចាន់ថុល​បាន​បន្តថា មន្ត្រី​ទាំងអស់​នៅ​ស្ថាប័ន​មានការ​សប្បាយចិត្ត ដោយសារតែ​ការធ្វើកំណែទម្រង់​ទទួលបាន​ជោគជ័យ នឹង​ទទួលស្គាល់​ដោយ​ពាណិជ្ជករ និង​អាជីវករ​នៅ​កម្ពុជា​។ លើសពីនេះ​មានការ​គាំទ្រ​ពី​បរទេស​ថែមទៀត ព្រោះ​ការកែសម្រួល​នោះបាន​ផ្តល់​ភាពងាយស្រួល​ដល់​ការនាំចេញ នឹង​ទាក់ទាញ​អ្នកវិនិយោគ​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​កាន់តែច្រើន​ថែមទៀត​។​

លោក​បាន​បញ្ជាក់ទៀតថា​« ការកែទម្រង់​សំខាន់ៗ​ជាច្រើន របស់​ក្រសួងពាណិជ្ជកម្ម និង​តាម​ប្រព័ន្ធ​អន​ឡាញ​នេះហើយ ដែល​ធ្វើ​ឲ្យ​បរទេស​គេ​មើលឃើញ​ពី​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាព​នយោបាយ​កម្ពុ​ជា​ល្អ ទើប​បរទេស​មក​បណ្តា​ក់​ទុន​នៅ​កម្ពុជា​កាន់តែច្រើន ហើយ​គោលដៅ​ធំ​បំផុត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​គឺ ចង់​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​បានរស់នៅ​ធូ​ធារ​នឹង​ទាក់ទាញ អ្នកវិនិយោគ​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ធ្វើ​គ្រប់ៗ​គ្នា៕

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់​ថុល ៖ ការកែទម្រង់​គឺ​ដើម្បី​កាត់បន្ថយ​ជំនួប​រវាង​មន្ត្រី​ក្រសួង​និង​ផ្នែក​ឯកជន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់​ថុល ៖ ការកែទម្រង់​គឺ​ដើម្បី​កាត់បន្ថយ​ជំនួប​រវាង​មន្ត្រី​ក្រសួង​និង​ផ្នែក​ឯកជន