ក្រសួងបរិស្ថាន​ដាក់​ប្រើប្រាស់​សៀវភៅបញ្ជី​សារពើ​ភណ្ឌ​បុរាណ​ស្ថាន​ក្នុង​ឧទ្យាន​ភ្នំ​គូលែន​

6 Videos


​ភ្នំពេញ : ក្រសួងបរិស្ថាន​បានធ្វើការ​ផ្សព្វផ្សាយ​និង​បានដាក់​ឱ្យប្រើ​ប្រាស់​នូវ​សៀវភៅបញ្ជី​សារពើ​ភណ្ឌ​បុរាណ​ស្ថាន ក្នុង​ឧទ្យាន​ជាតិ​ជ័យវរ្ម័ន​-​នរោត្តម​«​ភ្នំ​គូលែន​»​ដែលជា​ទីតាំង​ប្រវត្តិសាស្ត្រ​បន្សល់ទុក​នូវ​មត៌ក​វប្បធម៌​ដ៏​មានតម្លៃ​ច្រើនប្រភេទ​សម្រាប់​ពលរដ្ឋ​សិក្សា​ស្រាវជ្រាវ​មត៌ក​ជាតិ ។​

​លោក យិន គឹមស៊ាន រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ថ្លែង​កាលពី​រសៀល​ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៦ ឱ្យដឹងថា សៀវភៅ​មួយ​ក្បាល​ដែល​ក្រសួងបរិស្ថាន​បានដាក់​ឱ្យប្រើ​ប្រាស់​នេះ​បានកើត​ចេញមក​ពី​ការខិតខំ​ស្រាវជ្រាវ​យ៉ាងខ្លាំង​ក្លា របស់​ក្រុមការងារ​របស់​ក្រសួងបរិស្ថាន​ដើម្បី​សម្រេចបាន​លទ្ធផល​តាម​គម្រោង​នៃ​ការ​ចងក្រង​សៀវភៅ​មួយ​ក្បាល​នេះ​ឡើង។ក្នុងនេះ​ក្រុមការងារ​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារនិងអភិរក្ស ​ធម្មជាតិ​បាន​អនុវត្តនិងសម្រេចបាន​តាមផែនការ​ការងារ​សម្រាប់​ឆ្នាំ ២០១៥ ទាក់ទិន​នឹង​ការងារ​ស្រាវជ្រាវ និងការចុះបញ្ជី​សៀវភៅបញ្ជី​សារពើ​ភណ្ឌ​បុរាណស្ថាន​ក្នុង​ឧទ្យាន​ជាតិ​ជ័យវរ្ម័ន​-​នរោត្តម​«​ភ្នំ​គូលែន​»​រហូត​ឈានដល់​ការបោះពុម្ព​ប្រើប្រាស់​ជា​ផ្លូវការ ។

ក្រសួងបរិស្ថាន​ដាក់​ប្រើប្រាស់​សៀវភៅបញ្ជី​សារពើ​ភណ្ឌ​បុរាណ​ស្ថាន​ក្នុង​ឧទ្យាន​ភ្នំ​គូលែន​

​លោក​បាន​មានប្រសាសន៍ថា​«​សមិទ្ធផល​ដ៏​មានតម្លៃ​និងប្រកបដោយ​សារសំខាន់​នេះ​មិនអាច​សម្រេច​បានទេ​បើ​គ្មាន​​កិច្ចសហការ​ល្អ​ពី​សំណាក់​ដ្នា​ក់​ដឹកនាំនិងអង្គភាព​ជំនាញ​ពាក់ព័ន្ធ​នៃ​ក្រសួងបរិស្ថាន​ជាពិសេស​អគ្គនាយកដ្ឋាន​រដ្ឋបាល​និង ហិរញ្ញវត្ថុ ដែល​បានផ្តល់​ការគាំទ្រ​និង​កិច្ចសហការ​ជាប្រចាំ​ជាមួយ​អគ្គនាយកដ្ឋាន​រដ្ឋបាល​និង​អភិរក្ស​ធម្មជាតិ​» ។​

​លោក​រដ្ឋលេខាធិការ​បា​ន​បញ្ជាក់ថា​ការសម្រេចបាន​នូវ​លទ្ធផល​ជា​បន្តបន្ទាប់​នេះដែរ​ដោយសារ​ការយកចិត្តទុកដាក់ ពី​សំណាក់​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង មន្ត្រី​នៃ​ក្រសួង​នេះ​ទើបបាន​ធ្វើឱ្យ​ស្នាដៃ​នេះ​កកើតឡើង រហូត​ទទួលបាន​ជោគជ័យ​ហួស​ពី​ការ​គិតទុក​ទៅទៀត ។ លោក​បាន​បន្ត​ឱ្យដឹងថា ឧទ្យាន​ជាតិ​ជ័យវរ្ម័ន​-​នរោត្តម «​ភ្នំ​គូលែន​»​មាន​តំបន់​ការពារ​ធ​មុ្ម​ជាតិ​ទាំង ២៣ កន្លែង​ដែល​ត្រូវបាន​បង្កើតឡើង​តាំងតែ​ពី​ឆ្នាំ ១៩៩៣ ដោយ​ភាគច្រើន​ជា​តំបន់​សហគមន៍​ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​តាំងតែ​ពី​យូរ​យារ​ណាស់​មកហើយ ។ ម្យ៉ាងទៀត​តំបន់​ការពារធម្មជាតិ​ទាំងនោះ​ក៏​ជា​អតីត​នៃ​រាជធានី​បុរាណ​ឬ​ជាទី​តាំង​ប្រវត្តិសាស្ត្រ​ដែលមាន​អាយុកាល​រាប់​សតវត្សរ៍ ជាពិសេសឧទ្យាន​ជាតិ​ជ័យវរ្ម័ន​-​នរោត្តម​«​ភ្នំ​គូលែន​»​ដែល​បាន​បន្សល់ទុក​នូវ​មត៌ក​វប្បធម៌​ដ៏​មានតម្លៃ​ច្រើន​ប្រភេទ​ដែល​ត្រូវបាននូវ​ការការពារ​ថែរក្សា​និង​អភិរក្ស​ឱ្យបាន​គង់វង្ស ។​

​ទាក់ទិន​នឹង​ការសិក្សា​ស្រាវជ្រាវ​ដើម្បី​ចងក្រង​សៀវភៅ​មួយ​ក្បាល​នេះ​ចេញ​ជា​រូបរាង​ដែរ​លោក​រដ្ឋលេខាធិការ​បានឱ្យ ដឹង​បន្ថែមថា ក្នុង​ការចុះ​សិក្សា​ស្រាវជ្រាវ​និង​ប្រមូល​ទិន្នន័យ​បុរាណ​ស្ថាន​មានដូចជា ៖ ប្រាសាទបុរាណ​ពើង រូបចម្លាក់​ចម្លាក់​បាត​ស្ទឹង (​លិង្គ​មួយ​ពាន់​) ទំនប់ បារាយណ៍ ឡ​បុរាណ និង ទីតាំង​ប្រវត្តិសាស្ត្រ​ផ្សេងៗ​ក្នុង​ឧទ្យាន​ជាតិ​នេះ​ដោយបាន​ប្រើប្រាស់​ពេលវេលា​ជិត​មួយឆ្នាំ​ដោយ​ចាប់ផ្តើម​ពី​ខែមករា​ឆ្នាំ​២០១៥​រហូត​សម្រេច​ជោគជ័យ​នាពេលនេះ ។​

​ជាមួយក្នានេះ​លោក​រដ្ឋលេខាធិការ​សង្ឃឹម​ថា​ការដាក់ឱ្យ​ប្រើប្រាស់​នូវ​សៀវភៅ​មួយ​ក្បាល​នេះ​នឹង​ជួយ​បម្រើ​ផល​ប្រ​​យោជន៍​ជាច្រើន​ដល់​សំណាក់​សិស្ស​និស្សិត​ក៏ដូចជា​បណ្តាល​ពលរដ្ឋ​ក្នុង​ការជួយ​ថែរក្សា​សម្បត្តិ​វប្បធម៌​ជាតិ​ឱ្យ​កាន់តែ​​រុងរឿង​បន្ថែមទៀត ៕ ដេប៉ូ​